កម្មករ​កាត់​ដេរ​ប្រមាណ​៧០០​នាក់​មិន​ទាន់​បើក​ប្រាក់​ឈ្នួល​ខែ​មករា

កម្មករ​កាត់ដេរ​សម្លៀក​បំពាក់​ប្រមាណ ៧០០​នាក់ នៅ​រោងចក្រ ហាយ ហ្វេសសិន (Hi Fashion Co., Ltd.) ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ នៅ​មិន​ទាន់​បាន​ទទួល​ប្រាក់​ខែ​របស់​ខ្លួន​សម្រាប់​ខែ​មករា នៅ​ឡើយ​ទេ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ។
ដោយ ទេព សុរ៉ាវី
2013.02.17

ថៅកែ​រោងចក្រ​សន្យា​ថា នឹង​បើក​ប្រាក់ខែ​ឲ្យ​ពួក​គេ​កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៦ កុម្ភៈ លុះ​ដល់​ពេល​កំណត់​ក៏​បាន​សុំ​ពន្យារ​ពេល​ម្តង​ទៀត រហូត​ដល់​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ វិញ ដែល​ធ្វើ​ឲ្យ​កម្មករ​បាត់​ទំនុក​ចិត្ត និង​ត្រៀម​ធ្វើ​កូដកម្ម​តវ៉ា ប្រសិន​បើ​ថៅកែ​រោងចក្រ​នៅ​តែ​មិន​បើក​ប្រាក់ខែ​ឲ្យ​កម្មករ។

មន្ត្រី​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក វ៉ាន់ សេងលី ស្នើ​សុំ​ឲ្យ​ថៅកែ​រោងចក្រ ហាយ ហ្វេសសិន បើក​ប្រាក់ខែ​ដល់​កម្មករ​ជាង ៧០០​នាក់ និង​បើក​លុយ​ឲ្យ​អ្នក​បើក​ឡាន​ដឹក​កម្មករ កម្មការិនី​ជា​បន្ទាន់ បន្ទាប់​ពី​ថៅកែ​ក្រុមហ៊ុន​បាន​គេចវេះ​មិន​បើក​ប្រាក់ខែ​ឲ្យ​ពួកគេ​ជា​ច្រើន​ខែ​មក​ហើយ។

មន្ត្រី​សហជីព​រូប​នោះ​បន្ត​ថា កម្មករ​ជាង ៧០០​នាក់ នៅ​មិន​បើក​ប្រាក់ខែ​សម្រាប់​ខែ​មករា នៅ​ឡើយ​ទេ រហូត​ដល់​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ដែល​ជា​ធម្មតា​ពួកគេ​ត្រូវ​បើក​តាំង​ពី​ថ្ងៃ​ទី​១០។ ដោយ​ឡែក​អ្នក​បើកបរ​ឡាន​ដឹក​កម្មករ​មក​ធ្វើការ​នៅ​រោងចក្រ ហាយ ហ្វេសសិន វិញ ក៏​មិន​បាន​បើក​ប្រាក់​ខែ​ចំនួ ៤​ខែ​មក​ដែរ៖ «គាត់​សុំ​លើក​ពេល​ដល់​ថ្ងៃ​ទី​១៦ ថ្ងៃ​សៅរ៍ នេះ គាត់​ឲ្យ​កម្មករ​ឈប់​សម្រាក ៥​ថ្ងៃ ដោយ​គិត ៥០​ភាគរយ​ឲ្យ​កម្មករ មក​ដល់​ថ្ងៃ​ទី​១៦ ក្រុមហ៊ុន​អត់​បាន​បើក​ប្រាក់ខែ​ឲ្យ​កម្មករ ដល់​អ៊ីចឹង​ក្រុមហ៊ុន​សុំ​ពន្យារ​ដល់​ថ្ងៃ​ទី​១៩ ហ្នឹង​ទៀត»

អ្នក​បើក​ឡាន​ដឹក​កម្មករ លោក អ៊ូ អ៊ន ឲ្យ​ដឹង​ថា លោក​ទទួល​បាន​ប្រាក់​ចំនួន ២.៣០០​ដុល្លារ​ក្នុង​មួយ​ខែ ដែល​ប្រាក់​នោះ​បូក​ទាំង​ប្រាក់ខែ និង​ថ្លៃ​ចំណាយ​លើ​សាំង​រថយន្ត ៣​គ្រឿង សម្រាប់​ដឹក​កម្មករ​ទាំង​ទៅ​ធ្វើ​ការ និង​ត្រឡប់​មក​ផ្ទះ​ពី​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ទៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ ដែល​មាន​ចម្ងាយ​ជាង ៤០​គីឡូម៉ែត្រ។ ប៉ុន្តែ​ថៅកែ​រោងចក្រ​មិន​បាន​បើក​ប្រាក់ខែ​ឲ្យ​គាត់​ចំនួន ៤​ខែ​មក​ហើយ ដោយ​គ្មាន​ហេតុផល​ច្បាស់លាស់។

លោក អ៊ូ អ៊ន បញ្ជាក់​ថា កន្លង​មក​ថៅកែ​ក្រុមហ៊ុន​បាន​ចេញ​មូលប្បទានប័ត្រ​ចំនួន ២​សន្លឹក​ឲ្យ​គាត់​បើក​នៅ​ធនាគារ ប៉ុន្តែ​​មូលប្បទានប័ត្រ​ទាំង​នោះ​មិន​មាន​ទឹក​ប្រាក់​នោះ​ទេ រហូត​ដល់​ថ្មីៗ​នេះ ប្រាក់ខែ​កម្មករ​ជាង ៧០០​នាក់ ក៏​ត្រូវ​រអាក់រអួល​មិន​បាន​បើក​តាម​ការ​កំណត់ ទើប​កម្មករ​សម្រេច​មិន​ធ្វើ​ការ និង​រង់ចាំ​រហូត​ទាល់​តែ​មាន​ដំណោះស្រាយ​ពី​ក្រុមហ៊ុន៖ «ស្នើ​សុំ​ឲ្យ​ថៅកែ​រោងចក្រ​ហ្នឹង ទី​១ បើក​លុយ​ឲ្យ​កម្មករ​ឲ្យ​ទៀងទាត់ ទី​២ ខ្ញុំ​សុំ​បើក​ប្រាក់ខែ​ថ្លៃ​ឡាន​ខ្ញុំ​ឲ្យ​គ្រប់​ចំនួន​ដែល​ថៅកែ​បាន​ជំពាក់​ខ្ញុំ»

លោក​បញ្ជាក់​ថា ក្រុមហ៊ុន​សន្យា​ម្ដង​ជា​ពីរ​ដង​ថា នឹង​បើក​លុយ​ឲ្យ​កម្មករ និង​រូប​លោក​ដែល​ជា​អ្នក​បើក​ឡាន​ដឹក​កម្មករ តែ​ការ​សន្យា​នោះ​តែងតែ​ត្រូវ​លើក​ពេល​ម្ដង​ថ្ងៃ​នេះ​ម្ដង​ថ្ងៃ​នោះ រហូត​ធ្វើ​ឲ្យ​កម្មករ​គ្មាន​ទឹក​ចិត្ត​ធ្វើ​ការ​បន្ត​ទៀត។ លោក​បន្ត​ថា ជំហរ​កម្មករ ប្រសិន​បើ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ខាង​មុខ ថៅកែ​រោងចក្រ​មិន​ព្រម​បើក​លុយ​ឲ្យ​កម្មករ​តាម​ការ​សន្យា​ទេ​នោះ កម្មករ​នឹង​ធ្វើ​កូដកម្ម​ទាមទារ​ម្ដង។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក វីរៈ ប្រធាន​រដ្ឋបាល​រោងចក្រ ហាយ ហ្វេសសិន បាន​ទេ នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ដោយ​លោក​បិទ​ទូរស័ព្ទ។

ប្រភព​ពី​មន្ត្រី​សហជីព​សេរី​កម្មករ​ឲ្យ​ដឹង​ថា ជំហរ​កម្មករ​ចង់​ឲ្យ​ក្រុមហ៊ុន​បើក​ប្រាក់​ខែ​ឲ្យ​ពួក​គេ​ឲ្យ​បាន​ទៀង​ទាត់ និង​បើក​ប្រាក់​ខែ​ដល់​អ្នក​បើក​ឡាន​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​ពួកគេ​មិន​អាច​មក​ធ្វើ​ការ​បាន​ទេ ដរាប​ណា​គ្មាន​ឡាន​ដឹក​ជញ្ជូន​ពួកគេ​ពី​លំនៅឋាន​ទៅ​កន្លែង​ធ្វើ​ការ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។