សង្គម​ស៊ីវិល​៖ ក្រុមហ៊ុន​ឯកជន​​មាន​អំណាច​លើ​ប្រព័ន្ធ​តុលាការ

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​រិះគន់​ដល់​ប្រព័ន្ធ​តុលាការ​ក្នុង​ប្រទេស​កម្ពុជា ថា​បាន​ផ្ដល់​លទ្ធភាព​ឲ្យ​ក្រុមហ៊ុន​ឯកជន​មាន​ឥទ្ធិពល​មក​លើ​ខ្លួន​ក្នុង​បញ្ហា​ដីធ្លី តាម​រយៈ​ការ​ចេញ​ដីកា​ឃុំ​ខ្លួន​ក្រុម​សកម្មជន​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា។
ដោយ តាំង សារ៉ាដា
2013.02.17
បឹង​កក់ ៣០៥ ក្រុម​អ្នក​បឹង​កក់ ត្រូវ​ប៉ូលិស​ឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ស្ដាប់​សវនាការ​សាលាឧទ្ធរណ៍​លើ​តំណាង​របស់​ខ្លួន នៅ​ផ្លូវ​ព្រះស៊ីសុវត្ថិ នៅ​ព្រឹក​ថ្ងៃ​២៧ មិថុនា ឆ្នាំ​២០១២។
RFA/Den Ayuthyea

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ឲ្យ​ដឹង​ថា ដីកា​ឃុំ​ខ្លួន គឺ​ជា​យុទ្ធសាស្ត្រ​មួយ​ថ្មី​របស់​តុលាការ​ដើម្បី​បង្ក្រាប​ពលរដ្ឋ​មិន​អោយ​ហ៊ាន​ក្រោក​តវ៉ា​នៅ​ពេល​ពួកគេ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុម​អ្នក​មាន​អំណាច។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​មួយ​ឲ្យ​ដឹង​ថា កម្ពុជា​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​ចាប់​ខ្លួន​សកម្មជន​ដែល​តវ៉ា​ករណី​ជំលោះ​ដីធ្លី​ក្នុង​ឆ្នាំ​២០១២ មាន​ចំនួន​កើន​ឡើង​ទ្វេ​ដង។
របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ កន្លង​ទៅ​នេះ បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១២ យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៣៨​នាក់ កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ ៥០​នាក់​ផ្សេង​ទៀត​កំពុង​រត់​ភៀស​ខ្លួន ហើយ​មនុស្ស​ប្រមាណ ១៥០​នាក់ ក្នុង​ទីក្រុង​ភ្នំពេញ បាន​រង​ការ​គំរាម​កំហែង​ឲ្យ​រើ​ចេញ​ពី​លំនៅឋាន​របស់​ពួក​គេ។

មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​អាដហុក លោក នី ចរិយា អះអាង​ថា តុលាការ​អាច​ដោះលែង​ក្រុម​សកម្មជន​ដីធ្លី​ទាំង​អស់​នោះ​បាន​នៅ​ពេល​ណា​ពួក​គេ​យល់​ព្រម​ជា​លាយលក្ខណ៍​អក្សរ ឈប់​ប្តឹង​ក្រុមហ៊ុន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​ទាំង​នោះ។

លោក នី ចរិយា៖ «និយាយ​ទៅ​គ្រាន់​តែ​ជា​ការ​ឃុំ​ដូច​ធម្មតា​ដែរ​ទេ ប៉ុន្តែ​គ្រាន់​តែ​មាន​លក្ខខណ្ឌ​មួយ​ជាមួយ​តុលាការ​ដែល​ភាគ​ច្រើន​គេ​តែង​និយាយ​ថា ប្រសិន​បើ​ឈប់​ដឹក​នាំ​ប្ដឹង​អី​នោះ ក្រុមហ៊ុន​នឹង​ដក​ពាក្យ​ឈប់​ប្ដឹង​អី​អ៊ីចឹង​ទៅ»

លោក​បន្ត​ថា ក្រុមហ៊ុន​ឯកជន​នៅ​កម្ពុជា ភាគ​ច្រើន​បាន​ប្ដូរ​យុទ្ធសាស្ត្រ​ពី​ការ​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ទៅ​ជា​ការ​ប្រើ​ឥទ្ធិពល​លើ​ប្រព័ន្ធ​តុលាការ ដើម្បី​ចាប់​ក្រុម​តំណាង​សហគមន៍​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ជាមួយ​ក្រុមហ៊ុន​ដាក់​ពន្ធនាគារ​ទៅ​វិញ។

ក្រុមហ៊ុន​ភាគ​ច្រើន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល បាន​រំលោភ​លើ​កិច្ច​សន្យា​ដែល​បាន​ចុះ​ជាមួយ​រដ្ឋាភិបាល។

លោក នី ចរិយា មាន​ប្រសាសន៍​ថា សមាគម​អាដហុក បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ដាយ ដុងយឿង ដោយសារ​ក្រុមហ៊ុន​បំផ្លាញ​បរិស្ថាន​ធ្ងន់ធ្ងរ​ក្នុង​ខេត្ត​រតនគិរី៖ «ថ្មីៗ​នេះ​អាដហុក​យើង​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍ និង​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​លប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​សម្បទាន​មួយ​ក្នុង​ខេត្ត​រតនគិរី គឺ​ក្រុមហ៊ុន ដាយ ដុងយឿង ដោយសារ​ក្រុមហ៊ុន​នោះ​បាន​អនុវត្ត​ផ្ទុយ​ពី​កិច្ចសន្យា។ កិច្ចសន្យា​បាន​សរសេរ​ថា ក្រុមហ៊ុន​មិន​ត្រូវ​ធ្វើ​សកម្មភាព​អភិវឌ្ឍន៍​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធនធាន​ធម្មជាតិ ឬ​បរិស្ថាន​អី​ជាដើម ហើយ​ក្រុមហ៊ុន​ណា​ដែល​ធ្វើ​ប៉ះពាល់​ដូច្នេះ​ត្រូវ​តែ​លប់​កិច្ចសន្យា​ចោល»

អង្គការ​អាដហុក បាន​រក​ឃើញ​ថា នៅ​ឆ្នាំ​២០១២ រដ្ឋាភិបាល​បាន​ផ្តល់ ឬ​បម្រុង​ដី​ជាង ២,៦​លាន​ហិកតារ​ឲ្យ​ក្រុមហ៊ុន​ឯកជន ក្រោម​ផ្លាក​ដី​សម្បទាន​ដី​សេដ្ឋកិច្ច។ ចំនួន​នេះ​កើន​ឡើង​ជាង​ឆ្នាំ​២០១១ ដែល​ពេល​នោះ​មាន​ត្រឹមតែ​ជាង ២,២លាន​ហិកតារ (២.២៧៦.៣៤៩) ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។