អ្នកនាំពាក្យរបស់លោក ហ៊ុន សែន គឺលោក ជា ធីរិទ្ធ បានលើកសរសើរមេរបស់លោកថា ជាមេដឹកនាំដ៏ឆ្នើមក្នុងប្រវត្តិសាស្ដ្រ និងជាអ្នកដែលបានជប់ឲ្យកម្ពុជា មានអ្វីៗស្ទើរគ្រប់យ៉ាងសព្វថ្ងៃនេះ។ ប៉ុន្តែការលើកសរសើរនេះ ខុសពីអ្វី ដែលសហគមន៍អន្តរជាតិបានមើលឃើញ និងរិះគន់ថា លោក ហ៊ុន សែន ដែលបានកាន់អំណាចដោយការលើកបន្តុបពីវៀតណាម គឺជាមេដឹកនាំបែបផ្ដាច់ការមួយរូប រំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យ។
ការដឹកនាំរបស់លោក ហ៊ុន សែន ក៏ត្រូវបានមជ្ឈដ្ឋានទូទៅ រួមទាំងក្រុមអ្នកនយោបាយគណបក្សប្រឆាំង មើលឃើញថា បានធ្វើឲ្យដំណើរការអភិវឌ្ឍរបស់កម្ពុជាយឺតយ៉ាវ ដោយសារតែបញ្ហាសិទ្ធិមនុស្ស និងអំពើពុករលួយ ដែលធ្វើឲ្យអ្នកវិនិយោគល្អៗ នៅក្នុងប្រទេសលោកខាងលិច មិនហ៊ានមករកស៊ីនៅកម្ពុជា។
លើសពីនេះ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ប្រទេសកម្ពុជា សម្បូរក្រុមអ្នកវិនិយោគជាជនជាតិចិន ដែលមួយចំនួន គឺជាមេឧក្រិដ្ឋជនឆបោក និងលាងលុយកខ្វក់លំដាប់ពិភពលោក ដូចជាលោក ចេន ហ្ស៊ី និងលោក លី សុង រួមទាំងក្រុមអ្នករកស៊ីវិនិយោគបោកប្រាស់នៅក្នុងស្រុក ដូចជា ឡេង ណាវ៉ាត្រា ឡេង ចាន់ណា ហ៊ី គឹមហុង និង ជា សារ៉ន ជាដើម។ ក្រុមអ្នករកស៊ីឆបោកទាំងនោះ សុទ្ធសឹងតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយលោក ហ៊ុន សែន ក្មួយប្រុសរបស់លោក គឺលោក ហ៊ុន តូ និងកូនប្រុសរបស់លោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
បច្ចុប្បន្ន សេដ្ឋកិច្ច និងវិស័យទេសចរណ៍ កំពុងតែរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារតែបញ្ហាឆបោក ការលាងលុយកខ្វក់ និងបញ្ហាសិទ្ធិមនុស្ស ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ស្អុយរលួយនៅលើឆាកអន្តរជាតិ៕
#នេះជាគំនិតរបស់អ្នកគូររូបត្លុក!
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
