#រូបត្លុកនយោបាយ៖ «ក្រុមណាជាអ្នកកម្ចាត់ត្រកូល ហ៊ុន?»

សូមប្រិយមិត្តចូលរួមដាក់ចំណងជើងឱ្យរូបត្លុកនេះទាំងអស់គ្នា!

កាលពីពេលថ្មីៗនេះ ប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន បានចេញសារព្រមានជាថ្មីថា លោកនឹងកំដរលេងជាមួយអ្នកចង់កម្ចាត់ត្រកូល «ហ៊ុន» រហូតក្រុមនេះអស់ពីផែនដី។ សារគំរាមនេះ សំដៅទៅលើក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស ដែលកំពុងដឹកនាំដោយលោក សម រង្ស៊ី។

អ្នកឃ្លាំមើលបានចាត់ទុកសារគម្រាមនេះ ថាជារឿងអាម៉ាស់មួយ ដែលជាតិខ្មែរនៅតែបែកបាក់គ្នា ដោយសារតែអ្នកនយោបាយម្ខាង បន្តប្រើវិធីកខ្វក់ តាមកម្ចាត់ក្រុមអ្នកនយោបាយម្ខាងទៀត ដើម្បីការពារអំណាច បើទោះបីជាប្រទេស កំពុងរងគ្រោះធ្ងន់ធ្ងរពីការឈ្លានពានពីប្រទេសថៃក្ដី។

ចំណែកប្រជាពលរដ្ឋ ចង់ឲ្យអ្នកនយោបាយ ផ្សះផ្សាគ្នា ហើយប្រកួតប្រជែងគ្នាតាមបែបលទ្ធិប្រជាធិបតេយ្យ គឺបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

សម្រាប់ក្រុមអ្នកនយោបាយប្រឆាំងវិញ ពួកគេបានមើលឃើញថា អ្នកដែលកំពុងកម្ចាត់ត្រកូល ហ៊ុន ពីអំណាច គឺត្រកូល ហ៊ុន ផ្ទាល់ រួមទាំងក្រុមអ្នកអែបអបនៅជុំវិញលោក ហ៊ុន សែន ដែលបានគុបគិតជាមួយក្រុមឧក្រិដ្ឋជន រកស៊ីបើកមជ្ឈមណ្ឌលឆបោកអនឡាញ និងបើកក្រុមហ៊ុនលាងលុយកខ្វក់។ បច្ចុប្បន្ន មនុស្សបំផ្លាញត្រកូល ហ៊ុន ទាំងនោះ រួមមានលោក ហ៊ុន សែន និងក្មួយប្រុសរបស់លោក គឺលោក ហ៊ុន តូ ព្រមទាំងឧកញ៉ា លី យ៉ុងផាត់ កុក អាន និង ទ្រី ភាព ជាដើម។

ក្រុមអ្នកនយោបាយប្រឆាំងបានព្រមានថា អំណាចត្រកូល ហ៊ុន អាចនឹងដួលរលំឆាប់ៗនេះ ដោយសារតែរងទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិ ជាពិសេស សហរដ្ឋអាមេរិក និងការមិនសប្បាយចិត្តរបស់ប្រជាពលរដ្ឋ ពីព្រោះតែលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនព្រមចាត់វិធានការលើសាច់ញាតិជាមន្ត្រីជាន់ខ្ពស់ និងក្រុមឧកញ៉ា ដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោក និងលាងលុយកខ្វក់៕

#នេះជាគំនិតរបស់អ្នកគូររូបត្លុក!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។