#រូបត្លុកនយោបាយ៖ «នរណាខ្លះជាម្ចាស់លុយ៨ដុល្លារ?»

សូមប្រិយមិត្តចូលរួមដាក់ចំណងជើងឱ្យរូបត្លុកនេះទាំងអស់គ្នា!

ការស៊ើបអង្កេតរបស់បណ្តាញព័ត៌មានអន្តរជាតិ អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) បានលាតត្រដាងក្រុមឧក្រិដ្ឋជនចិន ដែលបានបើកអាណាចក្រឆបោកអនឡាញដ៏ធំឈ្មោះ ឡុង បេ (Long Bay) ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍តារាសាគរ នៃខេត្តកោះកុង។ បរិវេណនោះ អាចបង្ខាំងកម្មកររាប់ពាន់នាក់ ឲ្យបម្រើការឆបោក រួមទាំងមានទីតាំងសម្រាប់បម្រើសេវាកម្មផ្លូវភេទ និងប្រើប្រាស់គ្រឿងញៀន។

តំបន់ឆបោកដ៏ធំនេះ ត្រូវបានសាងសង់ឡើង នៅលើផ្ទៃដីរបស់ក្រុមហ៊ុនរដ្ឋអំណាចចិនឈ្មោះ យូញៀន ឌីវីឡុបមិន គ្រុប (Union Development Group) ដែលទទួលបានសិទ្ធិវិនិយោគលើផ្ទៃដីជាង ៤ម៉ឺន ៥ពាន់ហិកតារនៅស្រុកបុទុមសាគរ និងស្រុកតារាសាគរ តាំងពីឆ្នាំ២០០៨ និងជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ផ្លូវនិងខ្សែក្រវ៉ាត់របស់រដ្ឋាភិបាលចិន។

ម្ចាស់ទីតាំងឆបោក ឡុង បេ គឺឧក្រិដ្ឋជន តេង ភីពីង (Deng Pibing) បានប្រាប់ក្រុមអ្នកសារព័ត៌មាន អាល់ ចាហ្ស៊ីរ៉ា ថា ខ្លួនអាចបើកដំណើរការទីតាំងឆបោកអស់រាប់ឆ្នាំ ដោយសារបានចំណាយលុយចិញ្ចឹមក្រុមសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងមន្ត្រីកំពូលៗ ក្នុងជួររដ្ឋាភិបាល ដើម្បីឲ្យជួយការពារកុំឲ្យមានការចុះបង្ក្រាប។ ឧក្រិដ្ឋជនរូបនេះ ក៏បង្ហាញថា រួបគេ មានទំនាក់ទំនង់ជាមួយ លោក យឹម លាង ដែលជាអគ្គស្នងការរងនគរបាលជាតិ និងជាប្រធានដឹកនាំនាយកដ្ឋានអង្គរក្សនៃក្រសួងមហាផ្ទៃ ហើយជាដៃគូរកស៊ីជាមួយលោក យឹម លក្ខណ៍ ដែលមានតួនាទី ជាទីប្រឹក្សាប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន។

បងប្អូនបង្កើតត្រកូល យឹម ទាំងពីររូបនេះ គឺជាកូនប្រុសរបស់លោក យឹម ឆៃលី អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតដន្លងរបស់លោក ហ៊ុន សែន។ លោក យឹម លាង ក៏ជាកូនប្រសាររបស់អតីតឧបនាយករដ្ឋមន្តីលោក ជា សុផារ៉ា ដែរ។ លោក យឹង លាង និងកូនចៅរបស់លោក ដែលជានគរបាលសក្ដិ៍៣ នៅនាយកដ្ឋានអង្គរក្សឈ្មោះ ជាតិ មុន្នី បានអមដំណើរឧក្រិដ្ឋជន តេង ភីពីង ទៅជួបលោក ហ៊ុន សែន ផ្ទាល់ដល់គេហដ្ឋាន។

ឧក្រិដ្ឋជន តេង ភីពីង បានអះអាងថា ប្រសិនបើរកបាន១០ដុល្លារ គឺទុកតែ២ដុល្លារទេ ហើយ៨ដុល្លារទៀត គឺចំណាយទៅលើការសូកប៉ាន់ក្រុមមន្ត្រីរដ្ឋាភិបាល៕

#នេះជាគំនិតរបស់អ្នកគូររូបត្លុក!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។