លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាត់ទុកការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលាលោក អ៊ុំ សំអាន ដែលអះអាងថា ថៃបានរំកិលព្រំដែនរំលោភចូលដីខ្មែរ គឺជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរ ដែលលោកមិនអាចទទួលយកបានទេ។
ដោយសារឈឺចាប់នឹងការចោទប្រកាន់នេះ លោក ហ៊ុន ម៉ាណែត សុខចិត្តយកតួនាទីនាយករដ្ឋមន្ត្រី មកធានាការពារសុវត្ថិភាពលោក អ៊ុំ សំអាន ឲ្យចូលស្រុកខ្មែរ ដើម្បីជជែកទល់មុខគ្នាជាមួយមន្ត្រីជំនាញព្រំដែនរបស់លោក។
លោក ហ៊ុន ម៉ាណែត ចង់ឲ្យមានជំនួបជជែកនេះ ដើម្បីលាងជម្រះថា កងទ័ពថៃមិនបានធ្វើរបងបេតុង ឬរំលោភចូលដីខ្មែរ នៅចំណុចបង្គោលព្រំដែនលេខ៥២ដល់លេខ៥៩ ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដូចការចោទប្រកាន់របស់លោក អ៊ុំ សំអាន ទេ។ ប៉ុន្តែលោក ហ៊ុន ម៉ាណែត បានប្រកាសដាក់លក្ខខណ្ឌយ៉ាងតឹងរឹង គឺឲ្យលោក អ៊ុំ សំអាន មកនិយាយតែរឿងព្រំដែនចាប់ពីបង្គោលលេខ៥២ ដល់៥៩ប៉ុណ្ណោះ ហើយមិនអាចជជែករឿងទាហានថៃកំពុងកាន់កាប់ទឹកដីខ្មែរជាង៨០ទីតាំងឡើយ។
ទោះជាយ៉ាងណា លោក អ៊ុំ សំអាន បានឆ្លើយតបទៅលោក ហ៊ុន ម៉ាណែត ថា លោកនឹងធ្វើដំណើរចូលស្រុកតាមការអញ្ជើញ ប្រសិនបើលោក ហ៊ុន ម៉ាណែត យល់ព្រមទម្លាក់រាល់ការចោទប្រកាន់លើក្រុមមន្ត្រីគណបក្សប្រឆាំងនៅក្រៅប្រទេស ហើយគួរតែពិភាក្សាគ្នា រឿងព្រំដែនកម្ពុជានិងថៃជារួមតែម្ដង។ លោក អ៊ុំ សំអាន បន្តថា ក្នុងកាលៈទេសៈនេះ ខ្មែរគួររួបរួមគ្នាដើម្បីប្រឆាំងសត្រូវឈ្លានពាន និងមិនគួរយកខ្មែរគ្នាឯងធ្វើជាសត្រូវ ឬដើម្បីចាញ់ឈ្នះគ្នាទេ។
ក្រោយមានការឆ្លើយតបរបស់លោក អ៊ុំ សំអាន បែបនេះ លោក ហ៊ុន សែន ក៏ចូលខ្លួនមកឆ្លើយជំនួសកូន ដោយប្រមាថលោក អ៊ុំ សំអាន ថាជា «ឆ្កែមួយក្បាល» ដែលខំរត់តាមរទះកូនប្រុសរបស់លោក។ លោក ហ៊ុន សែន ធ្លាប់បានប្រមាថក្រុមមន្ត្រីគណបក្សប្រឆាំងនៅក្នុងស្រុករួចហើយ ថាដូចជា «ត្រីក្នុងត្រក» ដែលលោកចង់កាច់កស៊ីពេលណាក៏បាន ឬបើលោក ចង់បញ្ជូនក្រុមដៃដល់ យកដំបងទៅសំពងវៃដល់ផ្ទះ ក៏គ្មានអ្នកណាហ៊ានរករឿងដែរ។
ការព្រួយបារម្ភពីសុវត្ថិភាពរបស់ក្រុមមន្ត្រីគណបក្សប្រឆាំង ប្រហែលនៅតែកើតមាន ដោយសារអំឡុងពេលលោក ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រី មានករណីបាញ់សម្លាប់ជាបន្តបន្ទាប់លើអ្នកនយោបាយ អ្នកវិភាគ សកម្មជនការពារបរិស្ថាន និងសហជីព ហើយមិនដែលរកឃើញឃាតករពិតទេ។ ម្យ៉ាងវិញទៀត ក្រោយរំលាយគណបក្សសង្គ្រោះជាតិ ក៏មានក្រុមជនបិទមុខ តែងតែចេញអុកឡុក តាមវៃក្រុមមន្ត្រីគណបក្សប្រឆាំងទាំងកណ្ដាលថ្ងៃត្រង់ បណ្ដាលឲ្យរបួសធ្ងន់ជាច្រើននាក់ ហើយមានអ្នកខ្លះធ្លាក់ខ្លួនពិការ រហូតដល់ស្ដាប់៕
#នេះជាគំនិតរបស់អ្នកគូររូបត្លុក!
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
