ក្រុមអ្នកបុរាណវិទ្យាបានរកឃើញចម្លាក់បដិមាទ្វារបាលនៅខ្លោងទ្វារចំនួន ១២ នៅខាងជើងអតីតអង្គរធំ
2024.10.31
ក្រុមអ្នកបុរាណវិទ្យាបានរកឃើញចម្លាក់បដិមាទ្វារបាលនៅខ្លោងទ្វារខាងជើងនៃអតីតព្រះបរមរាជវាំង នៃក្រុងអង្គរធំ។ ក្រុមអ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមការងាររដ្ឋាភិបាលចិន-កម្ពុជា ដើម្បីថែរក្សារមណីយដ្ឋានអង្គរ (CCSA) បានប្រទះឃើញចម្លាក់បដិមាទ្វារបាល ចំនួន១២ ធ្វើពីថ្មភក់ នៅពេលធ្វើកំណាយស្រាវជ្រាវ។
ទីតាំងដែលរកឃើញបដិមាទាំងនេះស្ថិតនៅខ្លោងទ្វារខាងជើង ជ្រុងខាងលិចនៃអតីតព្រះបរមរាជវាំង នៃក្រុងអង្គរធំ។
ក្រុមអ្នកបុរាណវិទ្យាបានធ្វើកំណាយស្រាវជ្រាវនៅខ្លោងទ្វារខាងជើងព្រះបរមរាជវាំងនៃក្រុងអង្គរធំ ដើម្បីសិក្សាស្រាវជ្រាវរចនាសម្ពន្ធនៃខ្លោងទ្វារ និងស្វែងរកថ្ម ដែលជ្រុះធ្លាក់ ដើម្បីជួសជុលខ្លោងទ្វារនេះឡើងវិញ។
អ្នកបុរាណវិទ្យានៃអាជ្ញាធរអប្សរាឱ្យដឹងថា ក្រុមអ្នកជំនាញសន្និដ្ឋានថា ចម្លាក់បដិមាទ្វារបាល ដែលប្រទះឃើញនេះអាចត្រូវគេកសាងនៅក្នុងសតវត្សទី១១ ឬស្ថិតក្នុងរចនាបថឃ្លាំងនៃប្រវត្តិសិល្បៈខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។