ថៃយល់ព្រមប្រគល់វត្ថុបុរាណចំនួន ២០មកកម្ពុជាវិញ បន្ទាប់ពីពិនិត្យឃើញប្រភពដើម
2024.05.23
គណៈរដ្ឋមន្ត្រីថៃបានអនុម័តឱ្យក្រសួងវប្បធម៌ ប្រគល់វត្ថុបុរាណចំនួន ២០មកកម្ពុជាវិញ ដើម្បីអនុវត្តតាមកាតព្វកិច្ចនៃកិច្ចព្រមព្រៀងទ្វេភាគីរវាងរដ្ឋាភិបាល និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
អ្នកនាំពាក្យរងទីស្ដីការនាយករដ្ឋមន្ត្រីថៃ អ្នកស្រី រ៉ាត់ក្លាវ អ៊ីនថាវង្ស សុវណ្ណគិរី (Rudklao Inthawong Suwankiri) ប្រាប់សារព័ត៌មានរបស់ថៃ ថា ភាគីគណៈរដ្ឋមន្ត្រីថៃ បានសម្រេចអនុម័តប្រគល់វត្ថុបុរាណចំនួន ២០ សងមកកម្ពុជា ដើម្បីអនុវត្តតាមកាតព្វកិច្ចនៃកិច្ចព្រមព្រៀងទ្វេភាគី និងពង្រឹងទំនាក់ទំនងល្អរវាងថៃ និងកម្ពុជា។
កាលពីឆ្នាំ២០០០ នាយកដ្ឋានគយបានរឹបអូសវត្ថុបុរាណខ្មែរ ដែលនាំចូលដោយខុសច្បាប់ ពីប្រទេសសិង្ហបុរី (Singapore) សរុបចំនួន ៤៣មុខ ហើយក្រោយមកនាយកដ្ឋានវិចិត្រសិល្បៈ របស់ថៃ បានត្រួតពិនិត្យ និងប្រគល់វត្ថុបុរាណមកកម្ពុជា វិញ កាលពីឆ្នាំ២០០៩ និងនៅឆ្នាំ២០១៥ សរុបចំនួន ២៣រូប។ ដោយឡែកវត្ថុបុរាណចំនួន ២០ទៀត ត្រូវបាននាយកដ្ឋានសិល្បកម្មរបស់ថៃ ត្រួតពិនិត្យ ដោយពួកគេអះអាងថា មិនទាន់អាចបញ្ជាក់ពីប្រភព ហើយភាគីថៃ បានជូនដំណឹងដល់រដ្ឋាភិបាលកម្ពុជា ផ្ដល់ភស្តុតាងដើម្បីបញ្ជាក់ថា វត្ថុបុរាណទាំង ២០នេះ គឺមានដើមកំណើតនៅកម្ពុជា។
ក្រោយមក បន្ទាប់ពីទទួលបានឯកសារ និងភស្តុតាងពីភាគីកម្ពុជាថា វត្ថុបុរាណទាំង ២០នេះ ពិតជាមានដើមកំណើតនៅកម្ពុជា ហើយទើបភាគីថៃ សម្រេចប្រគល់វត្ថុបុរាណទាំងនេះមកកម្ពុជាវិញ។
វត្ថុបុរាណទាំង ២០ ដែលថៃ សម្រេចប្រគល់ឱ្យកម្ពុជាវិញនេះ មានដូចជា បំណែកព្រះពោធិសត្វអវៈលោកកិតេស្វវរៈ រចនាបថបាយ័ន បំណែកទេវរូប រចនាបថអង្គរវត្ត រូបគ្រុឌ និងនាគ រចនាបថប្រាសាទបាពួន និងរូបសំណាក់ឥសី ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។