ក្រសួងវប្បធម៌ប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក
2024.08.03
ក្រសួងវប្បធម៌ប្រកាសពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៤៦ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកក្កដា នៅទីក្រុងញូដេលី (New Delhi) ប្រទេសឥណ្ឌា។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ អ្នកស្រី ភឿង សកុណា ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១ ខែសីហា ឲ្យដឹងថា អ្នកស្រី បានជួបពិភាក្សាការងារ ជាមួយស្ថាប័នទទួលបន្ទុកថែរក្សាការពារសម្បតិ្តបេតិកភណ្ឌពិភពលោក ហើយគណៈប្រតិភូក៏បានលើកឡើងពីការងារមួយចំនួនរបស់កម្ពុជា ក្នុងកាតព្វកិច្ចជារដ្ឋភាគី ដើម្បីថែរក្សាការពារសម្បតិ្តបេតិកភណ្ឌពិភពលោកនានា ដែលកម្ពុជាបានចុះបញ្ជីកន្លងមក។ អ្នកស្រីថា គណគណៈកម្មាធិការយូណេស្កូ ក៏បានទទួលយករបាយការណ៍របស់អាជ្ញាធរជាតិអប្សរា ស្ដីពីការអភិវឌ្ឍន៍និងការរៀបចំនគរូបនីយកម្ម នៅតំបន់រមណីយដ្ឋានអង្គរ និងនៅតំបន់រុនតាឯក។
អ្នកស្រីក៏បានលើកឡើងថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានផ្តល់អនុសាសន៍ដល់កម្ពុជា ឲ្យអញ្ជើញអ្នកជំនាញពីគណៈកម្មាធិការយូណេស្កូ និងស្ថាប័នផ្សេងទៀត ដើម្បីសិក្សារួមគ្នាអំពីស្ថានភាពទូទៅ នៅតំបន់អង្គរ និងនៅតំបន់រុន តាឯក។ ប៉ុន្តែចំពោះសំណើរបស់យូណេស្កូនេះ រដ្ឋាភិបាលកម្ពុជា នៅពុំទាន់ឆ្លើយតបនៅឡើយ ក្នុងការអនុញ្ញាតឲ្យក្រុមជំនាញអង្គការយូណេស្កូ មកត្រួតពិនិត្យនៅតំបន់រុន តាឯក ដែលប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ កំពុងប្រឈមការលំបាក ក្រោយដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បង្ខំពួកគេឲ្យទៅរស់នៅទីកន្លែងគ្មានការអភិវឌ្ឍន៍និងការងារធ្វើ នាពេលបច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។