មន្ត្រីបក្សប្រឆាំងថា ថៃអុកឡុកត្រកូល ហ៊ុន ឱ្យទទួលយកកិច្ចព្រមព្រៀងថ្មី មុនចូលតុចរចា

មន្ត្រី​រដ្ឋាភិបាល​នៅ​ក្រៅ​ប្រទេស​បាន​មើល​ឃើញ​ថា រដ្ឋាភិបាល​ថៃ​កំពុង​ប្រើ​មធ្យោបាយ​អុកឡុក​ ដើម្បី​ដាក់​សម្ពាធ​ឱ្យ​រដ្ឋាភិបាល​លោក​ ហ៊ុន ម៉ាណែត​ យល់​ព្រម​លើ​កិច្ចព្រមព្រៀង​ថ្មី​ ទើប​ខ្លួន​យល់​ព្រម​វិល​ចូល​តុ​ចរចា​រឿង​ព្រំដែន​គោក​ និង​អាច​ឈាន​ទៅ​ប្រើប្រាស់​ UNCLOS​ ដើម្បី​ដោះស្រាយ​ព្រំដែន​ទឹក។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា​លោក គឹម សុខ​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថាកងទ័ព​ថៃ​នឹង​បន្ត​អុកឡុក​ចូល​ទន្ទ្រាន​យក​ដីខ្មែរ​នៅតាម​ព្រំដែន​រហូត​ទាល់តែ​រដ្ឋាភិបាល​លោក​ ហ៊ុន​ ម៉ាណែត​យល់​ព្រម​បង្កើត​កិច្ចព្រមព្រៀង​ថ្មី​មួយ​ដែល​ថៃ​ចង់​ដាក់​ប្រទេស​កម្ពុជា​ឱ្យ​ស្ថិត​នៅក្រោម​ឥទ្ធិពល​របស់​ខ្លួន។លោក​បាន​បន្ត​ថាយោធា​ថៃ​មិន​ខ្លាច​អុកឡុក​ខ្មែរ​ដោយ​សារ​ដឹង​ថា លោក ហ៊ុន​ ម៉ាណែត​ជា​មេដឹកនាំ​អន់ខ្សោយ​ប៉ុណ្ណោះ។

ថៃកំពុងអុកឡុកឱ្យត្រកូល «ហ៊ុន» យល់ព្រមលើកិច្ចព្រមព្រៀងថ្មី មន្ត្រីរដ្ឋាភិបាលនៅក្រៅប្រទេសបានមើលឃើញថា ថៃកំពុងប្រើមធ្យោបាយអុកឡុក ដើម្បីដាក់សម្ពាធឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត យល់ព្រមលើកិច្ចព្រមព្រៀងថ្មី៕

ថៃចង់ព្រមព្រៀងគ្នាលើរបស់ថ្មីទាំងអស់ ជាឧទាហរណ៍ គូសផែនទីថ្មីជាដើម គឺងាកចេញពីឯករសារនិងផែនទី ដែលបន្សល់ទុកដោយបារាំង ហើយថៃចង់ឱ្យដោះស្រាយគ្រប់ទំនាស់ទាំងអស់ និងការប្រទុស្ដគ្នា រវាងកម្ពុជានឹងថៃ ដោយប្រើយន្តការទ្វេភាគីតែមួយគត់ គឺមិនឆ្លងទៅដល់ស្ថាប័នអន្តរជាតិ នេះជាអ្វីដែលជាគោលដៅធំ នៅក្នុងកិច្ចព្រមព្រៀងថ្មី។

—  អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា​លោក គឹម សុខ

ការ​លើកឡើង​នេះស្របពេល​រដ្ឋាភិបាល​ថៃមិន​ទាន់​បង្ហាញ​ជំហរ​វិល​ចូល​តុ​ចរចា​ដោះស្រាយ​បញ្ហា​ព្រំដែន​គោក​នៅ​ឡើយ​ដោយ​ទុក​ឱ្យ​កងទ័ព​បន្ត​ដើរ​រាយបន្លាលួស​និង​សាងសង់​របង​ដើម្បី​ខណ្ឌ​ព្រំដែន​ជា​ឯកតោភាគី។លើស​ពី​នេះ​កាល​ពី​អំឡុង​ខែ​មេសា​រដ្ឋមន្ត្រី​ការបរទេស​ថៃ​លោក​ ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ក៏​ចេញ​មក​បក​ស្រាយ​ថា​ថៃ​មិន​ដែល​យល់​ព្រម​ជាមួយ​កម្ពុជា​ក្នុង​ប្រើប្រាស់​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​(UNCLOS) ដើម្បី​ដោះស្រាយ​ដែនសមុទ្រ​ត្រួតស៊ីគ្នា​នោះ​ឡើយ​ក្រោយ​ពី​ថៃ​បាន​លុប​ចោល​ជា​ឯក​តោ​ភាគី​នូវ​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០១។

ប្រទេស​ថៃ​បាន​បដិសេធ​សំណើ​ជា​បន្តបន្ទាប់​ពី​កម្ពុជា​ក្នុងការ​វិល​ទៅ​ដោះស្រាយ​ជម្លោះ​ព្រំដែន​តាម​រយៈ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​គោក​(JBC)​ គឺ​ចាប់​តាំង​ពី​ការ​ធ្វើ​សង្គ្រាម​លើក​ទី​២​អស់​រយៈពេល​២០​ថ្ងៃ​កាល​ពី​ខែ​ធ្នូឆ្នាំ​២០២៥​ដែល​ឈ្លានពាន​បាន​ប្រាសាទនិង​ទឹកដី​ខ្មែរ​នៅ​តាម​ព្រំដែន។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ាណែត​តែង​ប្រកាស​មិន​ទទួល​ស្គាល់​ការ​កំណត់​ខណ្ឌសីមា​ព្រំដែន​តាមរយៈ​ការ​ប្រើ​កម្លាំង​ឡើយ​និង​តែង​ទទូច​ឱ្យ​ថៃ​វិល​មក​ចរចា​និង​វាស់វែង​កំណត់​ព្រំដែន​គោក​ដោយ​ក្រុម​បច្ចេកទេស​ដែល​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ឡើង​វិញ។លើស​ពី​នេះ​ លោក​ ហ៊ុន ម៉ាណែត​ និង​លោក ហ៊ុន សែន​ក៏​បាន​ប្រកាស​ទៀត​ថា​ទោះ​នៅ​សល់​ក្ដី​សង្ឃឹម​១​ភាគរយ​ក៏​លោក​ចង់​ចរចា​ដោយ​ទ្វេភាគី​ជាមួយ​ថៃ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។