បន្ទាប់ពីស្រាវជ្រាវរកឃើញពីទីតាំងអគារឆបោកតាមអនឡាញ ដែលមានទីតាំងនៅក្នុងក្រុងប៉ោយប៉ែត តាមការចង្អុលបង្ហាញពី អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) មក ក្រុមប៉ូលិសថៃបានចុះទៅស្រាវជ្រាវនៅក្បែរទីតាំងអគាររបស់ឧក្រិដ្ឋជន និងរកឃើញបង្គោលអង់តែនបញ្ជូនបណ្ដាញចំនួន៣ ដែលគេរកឃើញថា តភ្ជាប់ចេញពីអគារទីតាំងឆបោក។ អ្នកវិភាគលើកឡើងថា ក្នុងនាមជាប្រទេសជិតខាង និងបានចុះកិច្ចសហប្រតិបត្តិការជាមួយគ្នាកន្លងមក អាជ្ញាធរកម្ពុជាគួរតែអន្តរាគមន៍រឿងនេះ ដោយមិនចាំបាច់មានការជូនដំណឹង ឬស្នើសុំពីភាគីថៃនោះឡើយ។
ប៉ូលិសថៃបានកាត់ផ្ដាច់បង្គោលអង់តែនបណ្ដាញទំនាក់ទំនងចំនួន៣ នៅជិតព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តស្រះកែវ(SaKeo) ដែលប៉ូលិសថៃសង្ស័យថា គឺជាបណ្ដាញរបស់ក្រុមឧក្រិដ្ឋជនប្រើប្រាស់សម្រាប់បញ្ជូនសញ្ញាទៅអគារដែលជាឧស្សាហកម្មមជ្ឈមណ្ឌលឆបោកតាមអនឡាញកម្ពស់ ២៥ជាន់ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នៅក្នុងប្រតិបត្តិការដែលមានឈ្មោះថា «ការបំផ្ទុះស្ពានឧក្រិដ្ឋជន» ដែលធ្វើឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ប៉ូលិសប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនថៃ និងប៉ូលិសអន្តោប្រវេសន៍ប្រចាំនៅខេត្តស្រះកែវ បានបើកការត្រួតពិនិត្យតំបន់ព្រំដែន ដើម្បីស៊ើបអង្កេតពីព្រំដែនថៃចំពោះអគារ ២៥ជាន់នៅក្នុងក្រុងប៉ោយប៉ែត ដែលប៉ូលិសថៃអះអាងថា ជាមជ្ឈមណ្ឌលសម្រាប់ប្រតិបត្តិការឆបោកតាមអនឡាញ។ ទោះជាយ៉ាងណា ប្រតិបត្តិការនេះ ក្រុមប៉ូលិសថៃធ្វើតែនៅលើទឹកដីខ្លួនឯងប៉ុណ្ណោះ ដោយមិនបានចុះមកទឹកដីកម្ពុជា ឬសុំកិច្ចសហប្រតិបត្តិការពីអាជ្ញាធរកម្ពុជាឡើយ។ នៅលើទឹកដីរបស់ខ្លួន ក្រុមប៉ូលិសថៃបានរកឃើញច្រកឆ្លងដែនខុសច្បាប់ នៅខាងក្រោយជញ្ជាំងអាគារ ដែលត្រូវបានជនមិនស្គាល់អត្តសញ្ញាណចោះ និងមានបំពាក់កាមេរ៉ាសុវត្ថិភាពសម្រាប់តាមដានសកម្មភាពជាច្រើនកន្លែងទៀត។
បេសកកម្មប្រយុទ្ធប្រឆាំងនឹងមជ្ឈមណ្ឌលហៅទូរស័ព្ទឆ្លងដែននេះ ធ្វើឡើងបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់(Thaksin Shinawatra) កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បានចង្អុលបង្ហាញពីទីតាំងក្រុមឆបោក និងចាប់ជំរិតដែលមានមូលដ្ឋាននៅក្នុងក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា និងក្រុងមីយ៉ាវ៉ាឌី (Myawaddy) ក្នុងប្រទេសមីយ៉ាន់ម៉ា(Myanmar)។ អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ លើកឡើងថា ប្រសិនបើអាជ្ញាធរប្រទេសទាំង២ មិនអាចដោះស្រាយករណីនេះបានទេ នោះលោកនឹងស្នើទៅកាន់រដ្ឋាភិបាលប្រទេសទាំងពីរ ដើម្បីបញ្ជូនកម្លាំងសមត្ថកិច្ចថៃឱ្យទៅចាត់វិធានការដោយខ្លួនឯង។
អាគារចំនួន ២៥ជាន់ ដែលកម្លាំងសមត្ថកិច្ចថៃសង្ស័យថា គឺជាទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញនោះ គឺជាអាគាររបស់ កាស៊ីណូ ក្រោន(Crown Casino) របស់ឧកញ៉ា កុក អាន ដែលជាម្ចាស់សម្ព័ន្ធក្រុមហ៊ុន អានកូ គ្រុប (ANCO GROUP) ដែលគេស្គាល់ថា ជាឧកញ៉ារកស៊ីខាងល្បែងស៊ីសង សណ្ឋាគារ និងរីស្ស៊ត។
ក្រុមប៉ូលិសស៊ើបអង្កេតថៃ រកឃើញថា អាគារ ២៥ជាន់ក្នុងក្រុងប៉ោយប៉ែត នេះ ត្រូវម្ចាស់ធុរកិច្ចជួលទៅឱ្យជនជាតិចិន សម្រាប់ធ្វើជាកន្លែងឆបោកតាមអ៊ីនធឺណិត ដែលមានជនឆបោកធ្វើការនៅតាមបន្ទប់ ដោយពួកគេខ្លះ បន្លំអត្តសញ្ញាណជាមន្ត្រីប៉ូលិស ខ្លះជាបុគ្គលិកធនាគារ និងខ្លះទៀតជាភ្នាក់ងារប្រៃសណីយ៍ ឬអ្នកដឹកជញ្ជូនជាដើម និងមួយផ្នែកទៀតគឺជាកន្លែងប្រតិបត្តិការ គេហទំព័រល្បែង និងកាស៊ីណូអនឡាញខុសច្បាប់។ សមត្ថកិច្ចថៃបានបញ្ជាក់ថា ជនឆបោកនៅក្នុងអាគារនេះ បានបង្កការខូចខាតផ្នែកហិរញ្ញវត្ថុជាច្រើនដល់ពលរដ្ឋថៃ និងបង្កការគំរាមកំហែងដល់សន្តិសុខជាតិធ្ងន់ធ្ងរ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអធិការនគរបាលក្រុងប៉ោយប៉ែត លោក ព្រហ្ម ពិសិដ្ឋ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ និងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១ ខែមករា ដោយទូរស័ព្ទហៅចូល តែត្រូវចុចផ្ដាច់។
ជុំវិញរឿងនេះ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១ ខែមករា ថា ករណីនេះគឺស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ថៃ ព្រោះបង្គោលអង់តែនទាំងនេះ គឺមានទីតាំងនៅលើទឹកដីថៃ។ ក៏ប៉ុន្តែ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ទោះបីភាគីថៃមិនបានស្នើសុំកិច្ចសហប្រតិបត្តិការក្ដី ក្នុងនាមជាប្រទេសដែលទទួលរងការចោទប្រកាន់ អាជ្ញាធរកម្ពុជាគួរតែចុះអន្តរាគមន៍ និងបើកការស៊ើបអង្កេត ដើម្បីបង្ហាញពីទំនួលខុសត្រូវ និងលាងសម្អាតខ្លួនពីការចោទប្រកាន់ថា មានចេតនាលាក់បាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។
លោក ឯម សុវណ្ណារ៉ា៖«អាចមានការយល់ច្រឡំដែរ នៅពេលភាគីកម្ពុជាមិនបានឆ្លើយតបជាសាធារណៈ។ ប៉ុន្តែភាគីទាំងពីរ កំពុងស្ថិតក្នុងស្ថានភាពមួយ ដែលនយោបាយកំពុងឡើងកម្ដៅរឿងបញ្ហាព្រំដែន ដូចជារឿងកោះគជ់។ អ៊ីចឹងទេ យើងអត់យល់ថា ហេតុអ្វីរដ្ឋាភិបាលទាំងពីរហ្នឹងយ៉ាងម៉េចទេ បានជាគាត់មិនឆ្លើយឆ្លងគ្នា លើបញ្ហានេះ»។
គិតមកដល់ពេលនេះ អាគារកាស៊ីណូក្រោន(Crown Casino) របស់ឧកញ៉ា កុក អាន នៅតែបន្តបើកដំណើរការជាធម្មតា ដោយពុំមានកងកម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការឆ្មក់ចូលឆែកឆេរនៅឡើយ ខណៈបុគ្គលិកធ្វើការនៅក្នុងកាស៊ីណូនេះ បានអះអាងថា មានរថយន្តក្រុងបានចូលមកដឹកមនុស្សចេញពីអាគារកាស៊ីណូជាបន្តបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។