ពលរដ្ឋ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដំឡើង​ពន្ធ​យាន​យន្ត

បន្ទាប់​ពី​សភា​បាន​អនុម័ត​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ថវិកា​សម្រាប់​ឆ្នាំ​២០១០ ដែល​បាន​បង្កើន​ការ​យក​ពន្ធ​បន្ថែម​លើ​មធ្យោ​បាយ​ដឹក​ជញ្ជូន​និង​យាន​ជំនិះ​គ្រប់​ភេទ​នោះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​មាន​ការ​ព្រួយ​បារម្ភ។

0:00 / 0:00

ប្រជាពលរដ្ឋ​ក៏​ដូច​ជា​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​បាន​សម្តែង​នូវ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​រដ្ឋាភិបាល​ ដែល​បាន​យក​ពន្ធ​បន្ថែម​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​និង​យាន​ជំនិះ​គ្រប់​ប្រភេទ ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ជួប​នូវ​វិបត្តិ​សេដ្ឋកិច្ច ហើយ​ថា ការ​ដំឡើង​ថ្លៃ​ពន្ធ​នេះ​ជា​ការ​គាប​សង្កត់​មក​លើ​ពលរដ្ឋ។

ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​លើក​ឡើង​ទៀត​ថា ការ​ដំឡើង​ថ្លៃ​បង់​ពន្ធ​ទាំង​លើ​យាន​យន្ត​គ្រប់​ប្រភេទ​នេះ គឺ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួក​គេ និង​ផ្ទុយ​ពី​ប្រទេស​ដទៃ ដែល​ការ​កំណត់​តម្លៃ​បង់​បន្ថែម​នេះ​រដ្ឋាភិបាល​មិន​បាន​បញ្ជាក់​ហេតុផល​ច្បាស់​លាស់ ថា​តើ​យក​ថវិកា​នោះ​ទៅ​ប្រើប្រាស់​លើ​ផ្នែក​អ្វី​នោះ?

ការ​យក​ពន្ធ​បន្ថែម​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​និង​យាន្ត​ជំនិះ​គ្រប់​ប្រភេទ​នេះ បាន​ប្រកាស​ឡើង​កាល​ពី​ថ្ងៃ​ទី​១ ធ្នូ នៅ​ពេល​ដែល​សភា​ជាតិ​បាន​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១០ ដែល​មាន​ការ​អនុម័ត​ពី​សមាជិក​សភា​ចំនួន ៨១ លើ ១០៣ សំឡេង។

នៅ​ក្នុង​ពេល​ប្រជុំ​អនុម័ត​ច្បាប់​នេះ​ក៏​មាន​ការ​ជំទាស់​ដ៏​តឹងតែង​ដែរ​ពី​សមាជិក​សភា​គណបក្ស សមរង្ស៊ី ដែល​ពួក​គេ​ចាត់ទុក​ការ​បន្ថែម​ការ​បង់​ពន្ធ​រថយន្ត​ឡើង​ថ្លៃ​នេះ ថា​ជា​ការ​ដាក់​បន្ទុក​ថែម​ទៀត​មក​លើ​ប្រជាពលរដ្ឋ។

លោក សុន ឆ័យ ជា​តំណាង​រាស្រ្ត​គណបក្ស សមរង្ស៊ី មណ្ឌល​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ការ​ដំឡើង​ពន្ធ​នេះ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ ពិសេស​គឺ​ប្រជាពលរដ្ឋ​អ្នក​ប្រកប​របរ​ដឹក​ជញ្ជូន ដែល​ការ​ដំឡើង​ថ្លៃ​បង់​ពន្ធ​គិត​ជា​កម្លាំង​សេះ​នេះ ហើយ​រដ្ឋាភិបាល​មិន​បង្ហាញ​អំពី​ការ​ដំឡើង​ថ្លៃ​ពន្ធ​យក​ថវិកា​ទៅ​ធ្វើ​អ្វី​ពិត​ប្រាកដ​ទេ។

លោក សុន ឆ័យ បញ្ជាក់​ថា ៖ «យើង​ឃើញ​ថា មន្ត្រី​ពន្ធដារ​ដាក់​តុ​ក្រោម​ដើម​ពោធិ៍​នៅ​កៀន​ផ្លូវ នៅ​ពេល​ខ្យល់ ឃើញ​ប៉ើង​កៅអី ប៉ើង​ក្រដាស​អី អនាធិបតេយ្យ។ បើ​អ្នក​ណា​ទិញ​រថយន្ត​នៅ​ខែ​១២ ឬ​ខែ​១១ ត្រូវ​បង់​មួយ​ឆ្នាំ​ដូច​រថយន្ត​គេ​ប្រើ​នៅ​ខែ​មករា អត់​មាន​របៀប​របប​ទេ។ ដូច្នេះ​យើង​ប្រឆាំង​ដាច់ខាត​ក្នុង​ការ​រៀបចំ​ដំឡើង​ពន្ធ​លើ​ការ​ដឹក​ជញ្ជូន​នេះ»

លោក គាត ឈន់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មាន​ប្រសាសន៍​ក្នុង​កិច្ច​ប្រជុំ​សភា​ថា ការ​កំណត់​ដំឡើង​ពន្ធ​ផ្លូវ និង​ប្រមូល​ពន្ធ​លើ​អចលន​ទ្រព្យ រួម​មាន​ ដី​ធ្លី ផ្ទះ​សម្បែង អគារ​សំណង់​នានា​នោះ ជា​វិធាន​ការ​រក​ចំណូល​បន្ថែម ក្នុង​កាលៈទេសៈ​ប្រទេស​កម្ពុជា​ជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​នា​ពេល​បច្ចុប្បន្ន។

តើ​ការ​បង្កើត​នៃ​តម្លៃ​ការ​បង់​ពន្ធ​យាន​ជំនិះ​នេះ​ប៉ះ​ពាល់​អ្វី​ខ្លះ​ដល់​ប្រជា​ពលរដ្ឋ ពិ​សេស​ក្រុម​អ្នក​រត់​តាក់ស៊ី?

បុរស​អ្នក​រត់​តាក់ស៊ី ភ្នំពេញ​-​កំពត ឈ្មោះ វ៉ាន់ ថន បាន​និយាយ​ថា ការ​កំណត់​ឲ្យ​បង់​ពន្ធ​បន្ធែម​នេះ គឺ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​អ្នក​រត់​តាក់ស៊ី ដោយ​លោក​បាន​បញ្ជាក់​ថា អ្នក​រត់​តាក់​ស៊ី​ជា​ជម្រើស​ចុង​ក្រោយ​របស់​ពួក​គេ​ដែល​គ្មាន​ការងារ​ធ្វើ ហើយ​បាន​សន្សំ​លុយ​ទិញ​ឡាន​រត់​តាក់ស៊ី។ កម្រៃ​ដែល​រក​បាន​គឺ​ល្មម​តែ​ចំណាយ​ប្រចាំ​ថ្ងៃ មិន​សល់​លុយ​នោះ​ទេ ដោយ​លោក​បន្ថែម​ដូច្នេះ ៖ «បើ​គិត​ទៅ​សម្រាប់​អ្នក​រកស៊ី​ជីវភាព​ប្រចាំ​ថ្ងៃ​គឺ​ជា​បន្ទុក​មួយ​ដ៏​ធ្ងន់​ដែរ ប៉ុន្តែ​ចង់​ឲ្យ​រដ្ឋាភិបាល​គិតគូរ​រឿង​ហ្នឹង​បន្តិច​ផង​ណា៎!»​។

ក្រុម​អ្នករត់​តាក់ស៊ី​ជា​ច្រើន​ទៀត​បាន​សម្ដែង​នូវ​ការ​មិន​ពេញ​ចិត្ត​ដូច​ៗគ្នា ចំពោះ​ការ​បង្កើន​នៃ​ការ​បង់​ពន្ធ ១០០%​នេះ ដែល​ពួក​គេ​បាន​ថ្លែង​ថា នេះ​ជា​បញ្ហា​ចោទ​យ៉ាង​ខ្លាំង​នៃ​ការ​កាត់​បន្ថយ​ចំណូល​ របស់​ពួក​គេ និង​ជា​បន្ទុក​មួយ​ទៀត​ដែរ​ក្រៅពី​ប្រេង​សាំង​កាន់តែ​ឡើង​ថ្លៃ​ជា​បន្តបន្ទាប់​កន្លង​មក​នោះ ៖ «គ្រាន់​ថា សូម​សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ជួយ​គិតគូរ​បន្ធូរបន្ថយ ដូច​ជា​ប្រេង ពន្ធ សាំង​ឡើង​ថ្លៃ សព្វសារពើ​ហ្នឹង ដូច​ជា​រដ្ឋាភិបាល​មិន​សូវ​គិតគូរ​ទេ! ទេ​ឡាន​បើ​សិន​ជា​បង់​ពន្ធ​អស់... ភាគ​ច្រើន​ច្រើន​ដាក់​រាជការ (ដើម្បី​មិន​បង់​ពន្ធ​)»

លោក ជាម យៀប ជា​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៃ​រដ្ឋ​សភា មាន​ប្រសាសន៍​ថា ខណៈ​ដែល​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ធ្លាក់​ចុះ គឺ​រដ្ឋាភិបាល​ខ្មែរ​មាន​ការ​លំបាក​ក្នុង​ការ​រក​ប្រភព​ចំណូល​សម្រាប់​បង្កើន​ថវិកា​ជាតិ គឺ​មាន​តែ​ការ​បង្កើន​នៃ​ការ​បង់​ពន្ធ​នេះ​ដើម្បី​បង្កើន​ថវិកា​ជាតិ។

លោក ជាម យៀប បាន​បញ្ជាក់​ថា ៖ «រាជ​រដ្ឋាភិបាល​មាន​ការ​លំបាក​លំបិន​ណាស់ ក្នុង​ការ​កៀរគរ​រក​ប្រភព​ចំណូល​បំពេញ​ការ​ចំណាយ​នោះ ដោយសារ​តែ​វិប្បត្តិ​សេដ្ឋកិច្ច​សកល»

គណបក្ស​សិទ្ធិ​មនុស្ស​កាល​ពី​ថ្ងៃ​ទី​១ ធ្នូ ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ភ្លាមៗ​បន្ទាប់​ពី​សភា​បាន​អនុម័ត​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​សម្រាប់​ឆ្នាំ​២០១០ ដែល​បង្កើន​ចំណាយ​រហូត​ដល់​ជាង ២​ពាន់​លាន​ដុល្លារ​អាមេរិក​នោះ។

គណបក្ស​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា ការ​បង្កើន​ការ​យក​ពន្ធ​បន្ថែម​ទៅ​លើ​ពន្ធ​ផ្លូវ ​ដី​ធ្លី​ ផ្ទះ​ និង​ការ​ដំឡើង​ពន្ធ​យាន​យន្ត​នៅ​ឆ្នាំ​២០១០ ថា​ជា​ការ​ដាក់​បន្ទុក​ទៅ​លើ​ប្រជាពលរដ្ឋ​ដោយ​ខ្វះ​សមធម៌ និង​មិន​សមស្រប​តាម​ពេល​វេលា​ដែល​ប្រជាពលរដ្ឋ​កំពុង​ទទួល​រង​នូវ​វិបត្តិ​សេដ្ឋកិច្ច​នោះ​ឡើយ។

ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក សុក សំអឿន បាន​បញ្ជាក់​ថា ការ​យក​ពន្ធ​បន្ថែម​នេះ​គឺ​មិន​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ជា​ទូទៅ​ទេ គឺ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​ទេ​ដែល​មាន​រថយន្ត​ប្រើប្រាស់​នោះ។

នាយក​ប្រតិបត្តិ​វិទ្យាស្ថាន ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ លោក សន ជ័យ បាន​លើក​ឡើង​ថា អំពើ​ពុក​រលួយ​នៅតែ​បន្ត​កើត​មាន​នៅ​កម្ពុជា ហើយ​រដ្ឋាភិបាល​បាន​បង្កើន​ការ​បង់​ពន្ធ​យាន​ជំនិះ​នេះ គឺ​ជា​ប្រធានបទ​ក្តៅ​គគុក​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​រង​នូវ​ផល​ប៉ះពាល់​នៃ​វិបត្តិ​សេដ្ឋកិច្ច។

លោក សុន ឆ័យ បាន​បន្ថែម​ថា កន្លង​មក​អ្នក​ដែល​បាន​បង់​ពន្ធ​យាន​យន្ត​បាន​តែ​ប្រមាណ​ជា ៦០%​ប៉ុណ្ណោះ រដ្ឋាភិបាល​គួរតែ​ប្រមូល​ពន្ធ​ឲ្យ​បាន​អស់ និង​លុប​បំបាត់​អំពើ​ពុក​រលួយ​ប្រសើរ​ជាង។

លោក​បាន​បន្ថែម​ថា ៖ «ការ​បន្ថែម​ពន្ធ​បែប​ហ្នឹង​មិន​មែន​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​បង់​ពន្ធ​ទេ​ ពី​ព្រោះ​វា​ហួស​សមត្ថភាព ទោះ​បី​នៅ​អូស្រ្តាលី សហរដ្ឋ​អាមេរិក ក៏​គេ​មិន​ដែល​បង់​ពន្ធ​កម្រិត​ហ្នឹង​ដែរ។ កម្រិត​ហ្នឹង​គឺ​សម​នឹង​ប្រទេស​ដែល​រក​ចំណូល​ម្នាក់ៗ មួយ​ខែ យ៉ាង​តិច​ណាស់​ក៏ ៥.០០០​ដុល្លារ​អាមេរិក ទើប​គេ​បង់​ពន្ធ​បែប​ហ្នឹង»

លោក សុន ឆ័យ បាន​អះអាង​ទៀត​ថា ក្នុង​មួយ​ឆ្នាំៗ​រដ្ឋ​សភា​បាន​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ខ្ចី​បុល​គេ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ប្រមាណ ៣៥០​លាន​ដុល្លារ​ទេ តែ​ក្នុង​ឆ្នាំ​២០០៩​នេះ រដ្ឋាភិបាល​បាន​រំលោភ​សិទ្ធិ​សភា ដោយ​បាន​ខ្ចី​បុល​បរទេស​រហូត​ដល់ ៧០០​លាន​ដុលា្លរ​អាមេរិក នេះ​ជា​បញ្ហា​ក្នុង​ការ​ប្រើប្រាស់​ថវិកា​របស់​រដ្ឋាភិបាល។

ការ​បង់​ពន្ធ​រថយន្ត​ទេសចរណ៍​គ្រប់​ប្រភេទ គឺ​កម្លាំង​ម៉ាស៊ីន​លើស​ពី ១២​សេះ ដល់ ១៧​សេះ គិត​ពី​ឆ្នាំ​ផលិត​ដល់ ៥​ឆ្នាំ គឺ​បង់​ពន្ធ ៥​សែន​រៀល លើស​ពី ៥​ឆ្នាំ គឺ ៣​សែន​៦​ម៉ឺន​រៀល ហើយ​កម្លាំង​សេះ​លើស​ពី ១៧​សេះ ដល់ ២៤​សេះ ចំនួន ១​លាន​៦​សែន​រៀល បើ​លើស​ពី ៥​ឆ្នាំ គិត​ពី​ឆ្នាំ​ផលិត គឺ ១​លាន​២​សែន​រៀល។ ចំពោះ​កម្លាំង​ម៉ាស៊ីន​លើស​ពី ២៤​សេះ​ឡើង​ទៅ គឺ ២​លាន​រៀល។

លោក សន ជ័យ ក៏​ដូច​ជា​លោក សុន ឆ័យ បាន​ឲ្យ​ដឹង​ដូចគ្នា​ថា រដ្ឋាភិបាល​គួរ​តែ​រឹត​បន្តឹង​ការ​ប្រើប្រាស់​ថវិកា​ជាតិ​និង​ការ​ប្រើប្រាស់​ថវិកា​ទាំង​នោះ​ឲ្យ​ចំ​គោល​ដៅ ព្រោះ​កន្លង​មក​ការ​គ្រប់គ្រង​ចំណូល​មិន​សូវ​ច្បាស់​លាស់​និង​មិន​មាន​តម្លាភាព៕