ទស្សនាវីដេអូនៅវឹបសាយថ៍ YouTube
ព្រះតេជគុណ វាន់លី បានមកដល់សហរដ្ឋអាមេរិកនៅឆ្នាំ១៩៨១ ក្នុងឋានៈជាជនភៀសខ្លួន ហើយមួយឆ្នាំក្រោយមកទើបព្រះអង្គបានសរសេរកំណាព្យនោះចប់។ ព្រះតេជគុណ វាន់ លី បានសុគតក្នុងជន្មាយុ៩១ ព្រះវស្សា កាលពីខែមករា ឆ្នាំ២០០៨ ក្នុងទីក្រុងឡូវែល។
ព្រះអង្គជាអ្នកឃើញដោយផ្ទាល់ភ្នែកនូវសកម្មភាពរបស់ក្រុមយោធាថៃដែលបានដឹកជនភៀសខ្លួនខ្មែររាប់ពាន់នាក់យកទៅចាក់ទម្លាក់ឲ្យជាន់មីន និងបាញ់សម្លាប់ពីលើភ្នំដងរែកនៃខេត្តព្រះវិហារ ក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ១៩៧៩។
ឃ្លាខ្លះនៃកំណាព្យ ៖ "រួចផុតពីចោរប្លន់ចូលតំបន់ភូមិណងចាន់ មិនអាចស្នាក់យូរបានសៀមសាមាន្យវាធាក់ច្រំ បញ្ជូនជនភៀសប្រាណរាប់រយឡានដោយបង្ខំ ដឹកទៅដាក់នាជួរភ្នំព្រំដែនខេត្តព្រះវិហារ។ លុះព្រឹកឡើងដេញឲ្យចុះបាញ់បង្រុះស្លាប់ច្រើនកៃ្រ ក្មេងចាស់ទាំងប្រុសស្រីនិងកូនខ្ចីស្លាប់ត្រៀបត្រា ភិតភ័យខ្លាំងក្រៃលែងរត់ប្រជែងពារលើគ្នា ដណ្តើមចុះពីបុព្វតាអន្ទះសាព្រោះខ្លាចក្ស័យ។ ចុះទឹកជួបក្រពើឡើងទៅលើប្រទះខ្លា ចូលព្រៃទាក់បន្លាឡើងរុក្ខាវាក់នឹងស្រាំង គ្រានោះពួកចាមជ្វាហ៊ានពុះពារយ៉ាងក្លាខ្លាំង បើកផ្លូវជាអាទិ៍តាំងមីនផ្ទុះក្ឌាំងស្លាប់ត្រៀបត្រា។"។
បន្ទាប់ពីព្រះតេជគុណ វាន់ លី សុគត់ទៅ លោក ឃឿន សំខាន់ ដែលជានិពន្ធនាយកនិងបោះពុម្ពផ្សព្វផ្សាយសៀវភៅកំណាព្យ "ឱមហាភ្នំដងរែក" បានប្រមូលយកសំណេរកំណាព្យរបស់ព្រះតេជគុណ វាន់ លី ដែលបន្សល់ទុកនោះ យកទៅរៀបចំចងក្រងទាំងជាភាសាខ្មែរ និងភាសាអង់គ្លេសដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋខ្មែរ។
លោក ឃឿន សំខាន់ បានបញ្ជាក់ថា ៖ «សៀវភៅកម្រងកំណាព្យអនុស្សាវរីយ៍ជនភៀសខ្លួនខ្មែរនេះមានសារសំខាន់ណាស់។ ទី១ គឺចង់សបញ្ជាក់ពីបទពិសោធន៍ឆ្លងកាត់ដោយផ្ទាល់របស់ព្រះតេជព្រះគុណ លី វាន់ ក៏ដូចជាជនភៀសខ្លួនខ្មែរដទៃទៀតដែលបានឆ្លងកាត់បទពិសោធន៍ជនភៀសខ្លួនមុននឹងមកកាន់ទីលំនៅថ្មីក្នុងប្រទេសទី៣នានា ហើយនេះក៏សបញ្ជាក់ពីប្រវត្តិជីវមួយនៃប្រវត្តិសាស្ត្រខ្មែរយើងផងដែរ ដែលបានឆ្លងកាត់នូវសង្គ្រាម ហើយនិងបានរួចផុតពីរបបប្រល័យពូជសាសន៍ ក៏ដូចជាបានរួចផុតពីការធ្វើបាប ធ្វើទារុណកម្មក៏កាចសាហាវ ឃោរឃៅ ដោយទាហានថៃនិងរដ្ឋាភិបាលថៃផងដែរ»។
លោក ឃឿន សំខាន់ រំពឹងថា សៀវភៅកំណាព្យនេះនឹងមានប្រជាប្រិយភាព ៖ «យើងសង្ឃឹមថា បងប្អូនខ្មែរយើងនឹងជួយធ្វើវិភាគទានដើម្បីធ្វើយ៉ាងណាឲ្យការផ្សព្វផ្សាយហ្នឹងមានការទូលំទូលាយជាច្រើននៅជុំវិញសហរដ្ឋអាមេរិកទាំងមូល ក៏ដូចជានៅតាមសហគមន៍ខ្មែរនានាជុំវិញពិភពលោក»។
"ឱមហាភ្នំដងរែក" ជាសៀវភៅកំណាព្យលើកដំបូងបង្អស់ដែលអ្នកនិពន្ធព្រះតេជគុណ វាន់ លី បានបង្ហាញពីតថភាពជាក់ស្តែងនៅពេលដែលក្រុមយោធាថៃក្នុងឆ្នាំ១៩៧៩ បានចាប់រំលោភលើស្រ្តីភេទ ប្លន់យកទ្រព្យ បាញ់ទម្លាក់ និងបង្អត់បាយក្រហាយទឹក លើជនភៀសខ្លួនខ្មែររាប់ម៉ឺននាក់ពីលើភ្នំដងរែកក្នុងទឹកដីកម្ពុជា ដោយគ្មានត្រាប្រណីនោះ។
របាយការណ៍របស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR បានចេញផ្សាយនៅឆ្នាំ១៩៩៧ ថា យោធាថៃបានផ្ជង់និងរុញទម្លាក់ជនភៀសខ្លួនខ្មែរប្រមាណ ៤ម៉ឺន៥ពាន់នាក់ មានកូនក្មេង មនុស្សចាស់ជរានិងស្រ្តី ពីលើខ្នងភ្នំព្រះវិហារចូលចម្ការមីន។ របាយការណ៍នោះនិយាយថា វាជាការបង្ខំឲ្យទៅស្រុកកំណើតវិញដ៏ធំបំផុតដែលរដ្ឋាភិបាលថៃបានធ្វើឡើងជាបន្តបន្ទាប់មកលើជនភៀសខ្លួនខ្មែរ ចាប់តាំងពីដើមខែមករាដល់ដំណាច់ខែតុលា ឆ្នាំ១៩៧៩ ដែលបណ្តាលឲ្យមនុស្សរាប់ពាន់នាក់បានស្លាប់ ហើយរាប់រយនាក់ទៀតបានបាត់ខ្លួន។
របាយការណ៍ដដែលនោះបានដកស្រង់សេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីថៃនាដំណាក់កាលនោះ លោកមេបញ្ជាការ គ្រៀងសាក់ ចូម៉ានន់ (Kriangsak Chomanan) និយាយថា រដ្ឋាភិបាលរបស់លោកនឹងបង្ខំចិត្តចាត់វិធានការលើជនភៀសខ្លួនខ្មែរដែលហូរចូលក្នុងប្រទេសថៃថែមទៀត ប្រសិនបើសហគមន៍អន្តរជាតិមិនឆ្លើយតបឲ្យបានឆាប់រហ័សដើម្បីបន្ធូរបន្ថយដល់បញ្ហានោះ ហើយថា ថៃមិនអាចទទួលបន្ទុកតែម្នាក់ឯងបាននោះឡើយ។
លោក ចាន់ ទូច ជាអ្នកចងក្រងឯកសារនិងសរសេរសៀវភៅអំពីបញ្ហាជនភៀសខ្លួនខ្មែរក្នុងទឹកដីថៃ ហើយលោកក៏ជាអតីតជនភៀសខ្លួនខ្មែរមួយរូបក្នុងជំរំខៅអ៊ីដាង ប្រទេសថៃ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទពីទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសេត សហរដ្ឋអាមេរិក ថា សៀវភៅកំណាព្យ "ឱមហាភ្នំដងរែក" នឹងធ្វើឲ្យពលរដ្ឋខ្មែរទាំងប្រុសស្រីបានយល់ដឹងពីជ្រុងមួយនៃប្រវត្តិដ៏រន្ធត់ភ័យខ្លាចតាមព្រំដែនខ្មែរថៃនោះ។
លោក ចាន់ ទូច បានមានប្រសាសន៍ថា ៖ «ចំពោះខ្ញុំ ខ្ញុំយល់ថា នេះជាប្រវត្តិសាស្រ្តដ៏ខ្មៅមួយដែលកូនខ្មែរមិនគួរភ្លេច។ សៀវភៅហ្នឹងមិនមែនដើម្បីនិយាយអំពីគំនុំគុំកួន ការស្អប់ខ្ពើម ឬការបង្កើតជាបច្ចាមិត្តរវាងខ្មែរនិងថៃទេ។ ក៏ប៉ុន្តែឲ្យខ្មែរដែលបានរស់ហ្នឹងដឹងពីប្រវត្តិជូរចត់ដែលជនជាតិខ្មែរបានឆ្លងកាត់នៅមុនបានមកដល់ស្រុកគេ»។
ជុំវិញប្រវត្តិដ៏មហាខ្លោចផ្សារបស់ជនភៀសខ្លួនខ្មែរដែលបានភ្លក់រស់ជាតិនៃការធ្វើបាបពីសំណាក់រដ្ឋាភិបាលថៃក្នុងឆ្នាំ១៩៧៩នោះ ជនរងគ្រោះខ្មែរ លោក ប៉ា ហឹមខៃ ដែលបានរួចផុតពីចម្ការមីននៅភ្នំព្រះវិហារ ក្នុងគ្រាដែលថៃយកទៅចាក់ទម្លាក់បញ្ជូនមកកម្ពុជាវិញ បានរៀបរាប់ថា គាត់នៅតែចងចាំហើយនៅសុបិនអាក្រក់នៅឡើយពីអំពើអមនុស្សធម៌នោះ។
លោក ប៉ា ហឹមខៃ បានអះអាងថា ៖ «ថៃគ្មានប្រើសិទ្ធិរបស់មនុស្សទេ គឺគេយកទៅបាញ់ចោលតែម្តងហ្នឹង ព្រោះពេលដែលខ្ញុំចុះមកចំហៀងភ្នំដងរែក ទាហានថៃម្នាក់បានបាញ់សម្លាប់ច្រើន ប្រហែលជាយ៉ាងតិចក៏ត្រឹម ១០នាក់ដែរ ព្រោះគេអង្គុយនៅលើថ្មហ្នឹង ហើយបាញ់កាំភ្លើងតម្រង់មកលើហ្វូង មនុស្សដែលកំពុងដេញ។ ទាហានមួយក្រុមដេញពីក្រោយទៅ ហើយអានៅខាងមុខដែលកំពុងអង្គុយយាមផ្លូវចុះហ្នឹង វាបាញ់មកមនុស្សដែលកំពុងដើរចុះទៅហ្នឹង។ អានេះជាឧក្រិដ្ឋកម្មមួយដែលសម្លាប់ជនរងគ្រោះដែលអត់មានអាវុធយុទ្ធភណ្ឌអី ហើយគ្នាសុំតែរស់ក៏រស់មិនបានផង។ នេះជាអំពើព្រៃផ្សៃរបស់ថៃហ្នឹង គឺខ្លាំងក្លាណាស់!»។
លោក ប៉ា ហឹមខៃ មានប្រសាសន៍ថា សៀវភៅកំណាព្យរបស់ព្រះតេជគុណ វាន់ លី ជាសៀវភៅដ៏ល្អមួយដើម្បីឆ្លុះបញ្ជាំងពីប្រវត្តិរបស់ខ្មែរដែលរងការធ្វើបាបមិនចេះចប់ សូម្បីរហូតមកដល់បច្ចុប្បន្ននេះ។ លោកមានប្រសាសន៍ថា ទង្វើដែលថៃធ្លាប់បានធ្វើមកលើជនភៀសខ្លួនខ្មែរនោះគួរតែទទួលខុសត្រូវចំពោះមុខច្បាប់។
សៀវភៅកំណាព្យ "ឱមហាភ្នំដងរែក"នេះនឹងចាប់ផ្តើមផ្សព្វផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១០ នាទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសេត សហរដ្ឋអាមេរិក។ បន្ទាប់មកនឹងមានការផ្សព្វផ្សាយនៅតាមបណ្តារដ្ឋផ្សេងៗក្នុងសហរដ្ឋអាមេរិកដែលមានប្រជាពលរដ្ឋខ្មែររស់នៅច្រើន ហើយក្រុមផ្សព្វផ្សាយសៀវភៅកំណាព្យនោះនឹងធ្វើការផ្សព្វផ្សាយក្នុងប្រទេសកម្ពុជានាពេលខាងមុខផងដែរ៕