អ្នក​ភូមិ​នៅ​ឃុំ​ព្រែក​ថ្មី​មាន​ជីវភាព​រស់​នៅ​សមរម្យ​ដោយសារ​ដាំ​ដើម​មៀន​និង​ផ្កា​ម្លិះ

ប្រជា​ពលរដ្ឋ​ខ្មែរ នៅ​ឃុំ​ព្រែក​ថ្មី ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ដែល​ទើប​តែ​ត្រូវ​បាន​គេ​បញ្ចូល​ទៅ​ក្នុង​តំបន់​រាជធានី​ភ្នំពេញ​នោះ នាំ​គ្នា​ប្រកប​មុខ​របរ​ដាំ​ដើម​មៀន និង​ផ្កា​ម្លិះ ដើម្បី​បាន​ផល​យក​ទៅ​លក់​នៅ​តាម​ទី​ផ្សារ​ផ្សេងៗ ក្នុង​ទី​ក្រុង។

តាម​រយៈ​មុខ​របរ​នេះ​អ្នក​ស្រុក​ទាំង​នោះ​អាច​រក​ប្រាក់​ចំណូល​មក​ទ្រទ្រង់​ជីវភាព​រស់​នៅ​បាន​សមរម្យ។

បើ​គេ​ធ្វើ​ដំណើរ​កាត់​តាម​ដង​ផ្លូវ​មួយ​ត្រង់​ចំណុច​ឃុំ​ព្រែក​ថ្មី ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ឆៀង​ខាង​កើត​រាជ​ធានី​ភ្នំពេញ នៅ​ក្នុង​រដូវ​វស្សា​ដូច​ជា​ពេល​នេះ​ជា​ដើម គេ​នឹង​ឃើញ​ភោគ​ផល​ដំណាំ​របស់​អ្នក​ស្រុក​នៅ​ទី​នោះ កំពុង​ចេញ​ផ្លែ​ផ្កា​យ៉ាង​ច្រើន​ពិសេស​គឺ​ផ្លែ​មៀន។

ដើម​មៀន​នោះ គ្រួសារ​ខ្លះ​គេ​ដាំ​នៅ​ខាង​មុខ​ផ្ទះ ហើយ​ខ្លះ​ទៀត​ដាំ​នៅ​ខាង​មុខ​ផ្ទះ​ផង និង​នៅ​ចម្ការ​ខាង​ក្រោយ​ផ្ទះ​ផង និង​ស្ទើរ​តែ​គ្រប់​ដើម មាន​ផ្លែ​ពេញៗ ដើម ដោយ​ដើម​ខ្លះ​កំពុង​ក្ដឹប ខ្លះ​ទៀត​ធំ​ដាក់​សាច់ និង​ដើម​មួយ​ចំនួន​ទៀត​ទុំ​ល្មម​បេះ។

ដោយ​បាន​ឃើញ​ផ្លែ​មៀន​ច្រើន​ពេក អ្នក​ស្រុក​ភាគ​ច្រើន គេ​មិន​ច្រក​ផ្លែ​មៀន​នោះ​ចូល​ក្នុង​កន្ត្រក​ដូច​កាល​ពី​ទម្លាប់ ដែល​គេ​ធ្លាប់​ធ្វើ​នោះ​ទេ គឺ​គេ​យក​សំណាញ់​ជ័រ​ពណ៌​បៃតង ឬ​ពណ៌​ខ្មៅ​មក​គ្រប​ពី​លើ និង​ក្រោម ផ្លែ​មៀន​តែ​ម្ដង ដើម្បី​ការពារ​កុំ​ឲ្យ​ជ្រុះ និង​សត្វ​ស៊ី។

ស្ត្រី​អ្នក​ប្រកប​របរ​ដាំ​មៀន​មួយ​រូប​ឈ្មោះ អ៊ុច ចាន់ធីម នៅ​ភូមិ​កោះ​ក្របី ដែល​ជា​ភូមិ​មួយ​ដាំ​ផ្លែ​មៀន​ច្រើន​ជាង​គេ​ក្នុង​ឃុំ​ព្រែក​ថ្មី បាន​ឲ្យ​ដឹង​ថា គាត់​ដាំ​មៀន​បាន​ប្រមាណ​ជិត ១០ ដើម ហើយ​ដើម​មៀន​នោះ បាន​ឲ្យ​ផល​ក្នុង​មួយ​ឆ្នាំ​ពីរ​ដង គឺ​ក្នុង​រដូវ​វស្សា និង​រដូវ​ប្រាំង ឬ​មួយ​គេ​ហៅ​ម្យ៉ាង​ទៀត​ថា ផ្លែ​ចំឡក់ គឺ​ជា​ផ្លែ​ដែល​ឲ្យ​ផល​ចុង​ឆ្នាំ​បណ្ដាក់​គ្នា។

ស្ត្រី​ដដែល​បាន​បញ្ជាក់​ទៀត​ថា ក្នុង​រដូវ​មាន​ផ្លែ​សម្បូរ​ដូច​ជា​ពេល​នេះ​ជា​ដើម បើ​សាច់​មៀន​ក្រាស់ អាច​លក់​បាន​តម្លៃ​ក្នុង​មួយ​គីឡូ​ក្រាម ជាង ១០.០០០រ (១ ម៉ឺន​រៀល)។ ប៉ុន្តែ បើ​សាច់​ស្ដើង​គឺ​បាន​ថ្លៃ​ពី ៧.០០០ រៀល​ទៅ ៨.០០០ រៀល​ក្នុង​មួយ​គីឡូក្រាម។

អ្នក​ស្រី អ៊ុច ចាន់ធីម ៖ «ចា៎... ចំឡក់ ហើយ និង​រដូវ។ ហើយ​អា​នេះ​ផ្លែ​ក្នុង​រដូវ ហើយ​ខែ​វស្សា​ហើយ​ដល់​ខែ​ប្រាំង ខែ​ចេត្រ​ចុះ​ទៅ​អា​ហ្នឹង​វា​ចូល​ចំឡក់។

(សំនួរ) ចំឡក់​ហ្នឹង​បាន​ន័យ​ថា វា​ផ្លែ​ឆ្លក? ចា៎ ផ្លែ​ច្រើន​ដែរ ប៉ុន្តែ វា​ដោយ​ដើម។ បើ​ដើម​ណា​ល្អ​ទៅ​វា​ផ្លែ​ស្រុះ​ទៅ។ បើ​ដើម​ណា​មិន​ល្អ ដូច​ជា បណ្ដាក់ៗ អ៊ីចឹង​ទៅ​ណា។ ប៉ុន្តែ គ្រាន់​តែ​ថា​វា​បាន​ថ្លៃ​ជាង​ផ្លែ​រដូវ»។

ការ​ដាំ​ដំណាំ​មៀន​របស់​អ្នក​ភូមិ​កោះ​ក្របី​ភាគ​ច្រើន​គេ​ដាំ​ពូជ​មៀន​នៅ​ក្នុង​ស្រុក ដែល​មាន​ពីរ​ប្រភេទ គឺ​មៀន​សំបក​ក្រាស់ សាច់​ខាង​ក្នុង​ស្ងួត ហើយ​ពូជ​មួយ​ទៀត គឺ​យូហ៊ុត។

បុរស​អ្នក​ដាំ​មៀន​មួយ​រូប​ឈ្មោះ ផល បាន​ប្រាប់​ឲ្យ​ដឹង​ថា ដំណាំ​មៀន​ទាំង​ពីរ​ប្រភេទ​នេះ គេ​ចាត់​ទុក​ថា​ជាមៀនប្រភេទលេខ១ ហើយ​ភាគ​ច្រើន​គេ​លក់​បាន​ផ្លែ​ជាង​មៀន​ធម្មតា ដែល​សាច់​ខាង​ក្នុង​ស្ដើង និង​មាន​ទឹក​ច្រើន។ បុរស​រូប​នោះ​បន្ត​ថា សម្រាប់​មៀន​យូហ៊ុត​មាន​អ្នក​និយម​ទិញ​ច្រើន និង​ហ៊ាន​ឲ្យ​ថ្លៃ​ក៏​ច្រើន​ជាង​មៀន​សាច់​ក្រាស់​ស្ងួត ប៉ុន្តែ អាយុ​កាល​ដើម​របស់​វា​មិន​បាន​យូរ​អង្វែង​ទេ គឺ​ឆាប់​ងាប់។ ប្រការ​នេះ​ហើយ​ទើប​មក​ដល់​ពេល​នេះ​ពូជ​មៀន​យូហ៊ុត​ហាក់​ស្ទើរ​តែ​ផុត​ពូជ មិន​សូវ​អ្នក​និយម​ដាំ​ប៉ុន្មាន​ទេ​នៅ​ទី​នេះ។

លោក ផល ៖ «យូហ៊ុត អា​មៀន​ហ្នឹង​គ្រាប់​វា​តូចៗ ផល​វា​ឲ្យ​ផ្លែ​មក​អត់​ធំ​ទេ។ ប៉ុនៗ មេ​ដៃ។ ប៉ុន្តែ សាច់ ហើយ​សាច់​ឡើង​ស្ងួត ផ្អែម​ឆ្ងាញ់​ណាស់។ អា​ហ្នឹង​លក់​បាន​ថ្លៃ។ ខ្ញុំ​មាន​មួយ​ដើម​ដែរ។ ប៉ុន្តែ វា​ចង់​ងាប់​ហើយ។ អា​ហ្នឹង​ដូច​ថា វា​ផ្លែ​ច្រើន​មែន ប៉ុន្តែ​អាយុ​វា​ខ្លី អា​ដើម​យូហ៊ុត​ហ្នឹង។ អា​ហ្នឹង​ដូច​ជា បណ្ដុះ​វា​អត់​ដុះ​យ៉ាង​ម៉េច​ទេ ដូច​ថា​ទុំ​ទៅ​វា​ជ្រុះ​ខ្លួន​វា ហើយ​វា​ដុះ​ខ្លួន​ឯង វា​អញ្ចឹង​តែ​ម្ដង។ ដូច​ថា ដើម​កន្លែង​ហ្នឹង វា​ដុះ​មក​យើង​ដឹង​ថា អា​ហ្នឹង​ពូជ​យូហ៊ុត។ យើង​គាស់​អា​ហ្នឹង​យក​ទៅ​ដាំ​ទៀត​ទៅ។ វា​ផ្លែ​អញ្ចឹង​ទៀត​មក»។

អ្នក​ប្រកប​របរ​ដាំ​ដើម​មៀន បាន​ឲ្យ​ដឹង​ថា ដំណាំ​មៀន គេ​ដាំ​តែ​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​អាច​ឲ្យ​ផល​ហើយ ហើយ​មិន​សូវ​ពិបាក​ក្នុង​ការ​ដាំ ឬ​ពិបាក​ថែទាំ​ទេ។ ប៉ុន្តែ ដី​ចម្ការ​ដែល​ត្រូវ​ដាំ​មៀន​នោះ សំខាន់​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ដក់​ទឹក ហើយ​ត្រូវ​ជម្រះ​ស្មៅ​ឲ្យ​ស្អាត​កុំ​ឲ្យ​មាន​សំរាម​ ស្អុយ​រលួយ​នៅ​ក្រោម​ដើម។

សំឡេង ៖ «កាល​ណា​ទឹក​ដក់​ទឹក ទឹក​ហ្នឹង​វា​ពុក​គល់​វា។ ពុក​គល់​វា វា​ងាប់​ហើយ។ ដូច​ខ្ញុំ​និយាយ​អ៊ីចឹង ឧស្សាហ៍​បោស​សំអាត​គល់ ខាង​ក្រោម​ដើម វា​ហ្នឹង​ផ្លែ​ណាស់។ ឥឡូវ​ហ្នឹង​បច្ចេកទេស​គេ​អត់​ឲ្យ​ខ្ពស់​អីចឹង​ទេ។ មៀន​ខ្ញុំ​នេះ​ខ្ពស់​ហើយ។ កាលណា​ខ្ញុំ​កាច់​ផ្លែ ក៏​ខ្ញុំ​អារ​ចោល​ដែរ។ គេ​អារ​ពាក់ៗ កណ្ដាល​ដើម។ ដល់​ពេល​វា​ផ្លែ​មក​ទាប​នៅ​ហ្នឹង​ដី​ស្រួល​ទិញ​កន្ត្រក​ច្រក។ ប៉ុន្តែ ឥឡូវ​គេ​លែង​ច្រក​ហើយ។ កន្ដ្រក​ក៏​ថ្លៃ ហើយ​ពី​មុន​នោះ​វា​សម្បូរ​សត្វ​ជ្រឹង វា​ចូល​ចិត្ត​ស៊ី។ ប៉ុន្ដែ ឥឡូវ​បាត់​អស់​ហើយ»។

ការ​ដាំ​ដំណាំ​មៀន​របស់​អ្នក​ស្រុក​នៅ​ភូមិ​កោះ​ក្របី ឃុំ​ព្រែក​ថ្មី អ្នក​ខ្លះ​គេ​ដាំ​ទៅ​តាម​ធម្មជាតិ ហើយ​អ្នក​ខ្លះ​ទៀត​ប្រើ​ថ្នាំ ឬ​ជីរ​គីមី ពិសេស​អ្នក​ដែល​ទៅ​ម៉ៅ​ទិញ​ផ្លែ​មៀន​ទាំង​ដើម ពីព្រោះ​គេ​យល់​ថា បើ​មិន​បាញ់​ថ្នាំ​ខ្លះ អាច​សត្វ​ស៊ី​បំផ្លាញ​នាំ​ឲ្យ​គេ​ខាត​បង់​ដើម​ទុន។

ប្រជា​ពលរដ្ឋ​អ្នក​ដាំ​មៀន​បាន​បញ្ជាក់​ទៀត​ថា អ្នក​ដែល​លក់​ដើម​ម៉ៅ​ឲ្យ​គេ គឺ​មាន​ចំនួន​តិច​ទេ។ ក្រៅ​ពី​នេះ​ភាគ​ច្រើន គេ​ដាំ​តាម​ធម្មជាតិ ពី​ព្រោះ​គេ​បាន​ពិសោធន៍​ឃើញ​ថា បើ​បាញ់​ថ្នាំ ឬ​ប្រើ​ជីរ​គីមី​ច្រើន គឺ​បណ្ដាល​ឲ្យ​ដើម​មៀន​ឆាប់​ងាប់។

អ្នក​ដាំ​ដំណាំ​មៀន​ទាំង​នោះ​បាន​បន្ថែម​ថា បើ​ទោះ​ជា​គេ​ដាំ​តាម​បែប​ធម្មជាតិ​មិន​សូវ​ច្រើន​ដូច​អ្នក​ដាំ​ប្រើ​ជីរ​គីមី​ក៏​ដោយ ប៉ុន្តែ គេ​មិន​ចំណាយ​ការ​ទិញ​ជីរ ឬ​ថ្នាំ​ទេ ហើយ​គេ​អាច​បេះ​លក់​ខ្លួន​ឯង និង​ដាក់​លក់​នៅ​តាម​ដង​ផ្លូវ​ខាង​មុខ​ផ្ទះ​ក្នុង​ភូមិ​ក៏​បាន ឬ​មួយ​បើ​ផ្លែ​ចាល់​ច្រើន​គេ​អាច​យក​ទៅ​លក់​នៅ​ឯ​ផ្សារ​នានា​ក្នុង​ក្រុង​ភ្នំពេញ។

លោក ប៉េ ប៉ាក់ ប្រធាន​ភូមិ​កោះ​ក្របី មាន​ប្រសាសន៍​ប្រាប់​ដែរ​ថា នៅ​ក្នុង​ភូមិ​នេះ​មាន​ប្រជា​ពលរដ្ឋ​ជាង ១.០០០ (១ពាន់) គ្រួសារ។ គិត​ជា​មនុស្ស​មាន​ចំនួន​ជិត ៥.០០០ នាក់ ហើយ​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ទាំង​នោះ ៧៥% ជា​អ្នក​ធ្វើ​ចម្ការ​ដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ ដូច​ជា ដំណាំ​ចេក ល្ហុង មៀន ហើយ​និង​ដាំ​ផ្កា​ម្លិះ។

លោក​មេ​ភូមិ​រូប​នោះ​បាន​បន្ដ​ថា មក​ដល់​សព្វ​ថ្ងៃ អ្នក​ភូមិ​បាន​ដាំ​ដំណាំ​មៀន និង​ផ្កា​ម្លិះ ច្រើន​ជាង​ដំណាំ​ឯ​ទៀត ពីព្រោះ​ដំណាំ​ទាំង​ពីរ​មុខ​នេះ បាន​ឲ្យ​ផល​អាច​ឲ្យ​អ្នក​ស្រុក​លក់​យក​កម្រៃ​មក​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ​របស់​គេ​និមួយៗ បាន​សមរម្យ។

លោក​បាន​បញ្ជាក់​ទៀត​ថា មុខ​របរ​នេះ​អាច​ជួយ​ទប់ទល់។ ប៉ុន្តែ ឲ្យ​ធូរធារ​មិន​អាច​ទេ។ ពីព្រោះ​បើ​ទោះ​បី​ជា​ដំណាំ​មៀន និង​ផ្កា​ម្លិះ​បាន​ផល​យក​ទៅ​លក់​មែន ប៉ុន្តែ បរិមាណ​ដាំ​នៅ​មាន​កម្រិត ដោយសារ​តែ​គេ​មិន​មាន​ដី​ដាំ​គ្រប់គ្រាន់។

លោក ប៉េ ប៉ាក់ ៖ «យើង​ទទួល​របប​ដី​ពី​រដ្ឋាភិបាល​ពី​ជំនាន់​មុន​នោះ វា​បាន​តិច គឺ​បាន​តែ ១.៥០០ មែត្រ​ក្រឡា​ទេ​ក្នុង​មួយ​គ្រួសារ។ ឥឡូវ​នេះ​គ្រួសារ​ឡើង​ដល់​ទៅ​ជាង ១ ពាន់​ហើយ។ អ៊ីចឹង​ដី​ហ្នឹងវា​អង្កន់​ចែក​គ្នា ហើយ​ដី​ប្រភេទ​ដាំ​មៀន ដាំ​ម្លិះ​វា​ល្អ​បាន​ចម្ងាយ​ពី​ទន្លេ​ទៅ​ប្រហែល​ជា ៣៥០ ម៉ែត្រ​ទេ។ ហួស​ពី​ហ្នឹង​ទៅ​ដោយសារ​វា​ដី​ប្រភេទ​បឹង ពេល​ខែ​ទឹក​មក​វា​លេច។ អ៊ីចឹង​ដី​វា​មាន​ខ្លី ហើយ​ប្រជាជន​ចេះ​តែ​រីក គ្រួសារ​ចេះ​តែ​រីក»។

ប្រជា​ពលរដ្ឋ ក៏​ដូច​ជា​អាជ្ញាធរ​ភូមិ​កោះ​ក្របី ឃុំ​ព្រែក​ថ្មី ខេត្ត​កណ្ដាល ដែល​គេ​ទើប​បញ្ចូល​ទៅ​ក្នុង​តំបន់​រាជធានី​ភ្នំពេញ​នោះ​បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​គេ​មាន​ដី​គ្រប់​គ្រាន់ គឺ​គេ​អាច​ដាំ​ដំណាំ​មៀន ហើយ​និង​ដាំ​ផ្កា​ម្លិះ​បាន​កាន់​តែ​ច្រើន​ដើម។ ពេល​នោះ ការ​រក​ប្រាក់​ចំណូល​របស់​គេ​នឹង​អាច​កើន​ឡើង ហើយ​ជីវភាព​រស់​នៅ​របស់​គេ​ក៏​នឹង​រំពឹង​ថា បាន​ល្អ​ប្រសើរ​ជាង​សព្វ​ថ្ងៃ​នេះ៕