បុណ្យអុំទូកមានប្រវត្តិតាំងពីបុរមបុរាណដ៏យូរលង់មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារិកនៃប្រាសាទអង្គរ។
លោក រស់ ចន្ត្រាបុត្រ បណ្ឌិតផ្នែកប្រវត្តិសាស្ត្រនិងជាអនុប្រធានរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា ពុំមានឯកសារណាមួយចារទុកថា ពិធីបុណ្យនេះមានប្រភពចេញពីណាឲ្យបានច្បាស់លាស់នោះឡើយ។
តាមសៀវភៅជយវរ្ម័នទី៧ ដែលមាននៅក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យមានចែងថា នៅសម័យអង្គរនាសតវត្សរ៍ទី១២ ប្រទេសកម្ពុជាមានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ ដោយព្រះបាទជយវរ្ម័ន្មទី៧ ចេញទៅធ្វើសង្គ្រាមជើងទឹកបង្ក្រាបពួកចាមដោយកងទ័ពទូកជាចម្បាំង ដែលរំដោះក្រុងកម្ពុជាឲ្យរួចផុតពីខ្មាំងសត្រូវ នាគ.ស១១៧៧ ដល់១១៨១។
រឿងចម្បាំងគ្រានោះ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ននិងប្រាសាទបន្ទាយឆ្មារ។ ក្នុងចម្លាក់នោះ គេឃើញមានកងទ័ពទូកយ៉ាងច្រើនមហិមា ដែលមានព្រះឆាយាល័ក្ខណ៍ នៃព្រះបាទជយវរ្ម័ន្មទី៧ ប្រថាប់ឈរលើទីតាំងនាវាចម្បាំងដោយទ្រង់ធ្នូនិងដំបងយ៉ាងស្វាហាប់ ក្នុងចំណោមកងទ័ពទូកទាំងឡាយ។
ទាក់ទិននឹងបញ្ហានេះ លោកបណ្ឌិត រស់ ចន្ត្រាបុត្រ ពន្យល់ថា ៖ «យើងពុំមានឯកសារអ្វីដែលជាឯកសារសរសេរឲ្យបានជាក់លាក់ ហើយឲ្យបានច្បាស់លាស់ទេ។ យើងឃើញមានឯកសារសរសេរដែរនៅកម្ពុជាក្រោម ប៉ុន្តែនៅក្នុងសតវត្សរ៍ទី១៦ ដែលទាក់ទងនឹងស្ដេចក្រាញ់ខ្មែរនៅកម្ពុជាក្រោម ដែលលោកបានរៀបចំធ្វើពិធីបុណ្យអុំទូកនេះ។ យើងឃើញថា មានបុណ្យអុំទូកមិនមែនជាបុណ្យទេ មានកងទ័ពជើងទឹករបស់ខ្មែរយើងសម័យព្រះបាទជយវរ្ម័នទី៧ ក៏ដូចជាក្នុងរជ្ជកាលរបស់ព្រះបាទ សុរិយវរ្ម័នទី២ដែរ ដែលយើងឃើញនៅអង្គរវត្ត ដូចជានៅបន្ទាយឆ្មារ និងបាយ័ន យើងឃើញមានលក្ខណៈជាកងទ័ពជើងទឹកអីទាំងអស់ហ្នឹង។ នេះជាប្រភពបីដែលយើងតែងតែបានឃើញនូវអ្វីដែលទាក់ទងនឹងកម្ពុជា»។
ដោយឡែកក្នុងឯកសារល្បែងប្រណាំងទូករបស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរលេខ១៩.០០៤ និពន្ធដោយលោក ថាច់ ប៉ែន ហៅអាចារ្យប៉ាង នៅខេត្តឃ្លាំងកម្ពុជាក្រោមមានចែងថា សម័យលង្វែកព.ស២០៧១ ត្រូវនឹងគ.ស១៥២៨ ព្រះបាទអង្គចន្ទទី១ ទ្រង់បានតែងតាំងពញាតាត ងារជាសិទ្ធិភូបាល ជាស្តេចក្រាញ់នៅកម្ពុជាក្រោម ស្រុកបាសាក់។
ស្តេចក្រាញ់នេះបានចាត់របៀបរៀបចំការពារស្រុកដោយចែកទាហានជើងទឹកជា៣ក្រុម។ ក្រុមទី១ ហៅទ័ពស្រួច ហាត់ច្បាំងនឹងទូក ដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ។ ក្រុមទី២ ហៅទ័ពជំនួយ ហាត់ច្បាំងនឹងទូកចែវ២ជួរ ដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃដែរ។ ឯក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំមានដំបូល មានចែវ មានក្តោង មានទ្រង់ទ្រាយជាទូកបាសាក់ ហៅទូកប៉ុកចាយ តែរាងស្តួចវែង មានដំបូលតែមួយកំណាត់ ជាទូកដាក់ស្បៀងអាហារសម្រាប់កងទ័ព។
បណ្ឌិត រស់ ចន្ត្រាបុត្រ ពន្យល់ថា តាមសៀវភៅនិងឯកសារជាប្រភពទាំង២ខាងលើ អាចសន្និដ្ឋានបានថា ប្រទេសកម្ពុជាសម័យបូរាណ ជាប្រទេសមានកងទ័ពជើងទឹកដ៏ខ្លាំងពូកែ និងមានវិធីហ្វឹកហ្វឺន សមយុទ្ធកងទ័ព ជាប្រពៃណីរៀងរាល់ឆ្នាំ ហើយអាចសន្និដ្ឋានទៀតថា ប្រទេសកម្ពុជាធ្វើពិធីនេះជារៀងរហូតមក គឺជាប់តំណមកពីសមយុទ្ធក្នុងសម័យបូរាណនេះឯង។
លោកបណ្ឌិត រស់ ចន្រ្តាបុត្រ ពន្យល់ដូច្នេះថា ៖ «ដូច្នេះយើងឃើញថា ទូកនេះជាយន្តការ វាជាយាន្តយន្តមួយយ៉ាងសំខាន់របស់ខ្មែរនៅក្នុងការធ្វើដំណើរទៅវិញទៅមក ក៏ដូចជាក្នុងការគ្រប់គ្រងការពារទឹកដីប្រទេសជាតិយើងដែរ»។
លោកបណ្ឌិត រស់ ចន្ត្រាបុត្រ មានប្រសាសន៍បន្តថា ប្រពៃណីខ្លះមានប្រវត្តិជាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងប្រវត្តិនៃព្រះពុទ្ធជាម្ចាស់។ ប៉ុន្តែការបកស្រាយមួយដែលអាចយកជាការគ្រប់គ្រាន់ គឺក្នុងបំណង«ដឹងគុណដល់ព្រះគង្គានិងព្រះធរណី ដែលបានផ្តល់ដល់ជីវភាពរស់នៅ និងសុខុមាលភាពចំពោះទឹកដីវិញដែលយើងនាំគ្នាធ្វើឲ្យកករល្អក់»។ ការបកស្រាយចុងក្រោយនេះ គឺដូចគ្នាទៅនឹងទំនៀមទម្លាប់នៃព្រហ្មញ្ញសាសនា ហើយស្របទៅនឹងស្ថានភាពភូមិសាស្ត្រជាក់ស្តែង និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករខ្មែរ។
លោកបណ្ឌិត រស់ ចន្រ្តាបុត្រ មានប្រសាសន៍ដូច្នេះ ៖ «ពិធីទាំងអស់នេះ វាជាប់យ៉ាងសំខាន់ទៅលើអ្វីដែលជារដូវវស្សារបស់ខ្មែរ ទៅលើអ្វីដែលជាការបង្កើនផល អ្វីដែលជាកសិកម្ម។ អ៊ីចឹងកាលណាយើងបានបង្កើនផល បានស្រូវ អ្វីជាការចិញ្ចឹមជីវិតទៅហើយ គឺយើងត្រូវតែគោរពបូជារំឭកគុណទៅដល់អ្វីដែលជាព្រះគង្គា»។
ភ្ជាប់ជាមួយពិធីបុណ្យអុំទូកដែលប្រព្រឹត្តទៅនាថ្ងៃពេញបូណ៌មីខែអស្សុជ-កត្តិកនេះ ក៏មានពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកផងដែរ។
ចំពោះការភ្ជាប់ពិធីទាំង២នេះ បណ្ឌិត រស់ ចន្ត្រាបុត្រ ពិពណ៌នាយ៉ាងដូច្នេះថា ៖ «យើងឃើញថា អ្នកខាងព្រះពុទ្ធសាសនាគេតែងតែយកបញ្ហាអ្វីដែលជាពិធីបុណ្យអុំទូកនេះ យកទៅចងភ្ជាប់នឹងការទៅដល់គុណបុណ្យរបស់ព្រះពុទ្ធអង្គ។ បើយើងនិយាយឲ្យចំមួយទៀត គឺទៅដល់អ្វីដែលជាព្រះចង្កូម គឺធ្មេញរបស់ព្រះពុទ្ធអង្គ ដែលស្ដេចនាគរាជ ដែលលោកយកទៅតម្កល់ទុកនៅឯឋានភុជង្គនាគ។ ដូច្នេះពិធីនេះគេតែងតែរំឭក ហើយចងភ្ជាប់ទៅលើអ្វីដែលជាព្រះពុទ្ធសាសនា ទាក់ទងនឹងពុទ្ធប្រវត្តិ។ ក្នុងពុទ្ធប្រវត្តិដដែលនេះ គេទាញយកពិធីបុណ្យអុំទូកយកទៅភ្ជាប់ជាមួយនឹងអ្វីដែលជាពិធីសំពះព្រះខែទៅទៀត ដែលទាក់ទងជាមួយនឹងព្រះពុទ្ធអង្គដែលលោកថា ជាទន្សាយ ហើយទន្សាយហ្នឹងឯងនៅឋានព្រះចន្រ្ទអីអ៊ីចឹងទៅ។ នេះជាលក្ខណៈព្រះពុទ្ធសាសនា»។
ដោយផ្អែកលើឯកសារនិងការស្រាវជ្រាវផ្ទាល់ បណ្ឌិតផ្នែកប្រវត្តិសាស្ត្រ លោក រស់ ចន្ត្រាបុត្រ បានធ្វើការកត់សម្គាល់ថា ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក គឺជាពិធីបុណ្យតាមបែបប្រពៃណីមួយដ៏ល្អផូរផង់ ដែលបង្ហាញឲ្យឃើញពីទស្សនៈដ៏ធំធេងមួយរបស់ប្រជាជាតិខ្មែរពីបូរាណកាល ក៏ដូចជាបច្ចុប្បន្នកាល ក្នុងការកសាងទឹកដីឲ្យបានចម្រើនរុងរឿង ដោយសារកម្លាំងសាមគ្គីភាព និងការដឹងគុណចំពោះអ្វីដែលផ្តល់កំណើតនិងជីវិតឲ្យខ្លួន។ ប្រពៃណីដ៏ល្អផូរផង់នេះ ក៏រួមចំណែកជួយឲ្យវិស័យទេសចរណ៍កម្ពុជារីកលូតលាស់ផងដែរ៕