វិនាសកម្មព្រៃឈើនៅកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន

រូបត្លុកនយោបាយ៖ វិនាសកម្មព្រៃឈើនៅកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។
រូបត្លុកនយោបាយ៖ វិនាសកម្មព្រៃឈើនៅកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។ (RFA)

ព្រៃឈើ គឺជា​ធនធាន​ធម្មជាតិ​មួយ​ក្នុង​ចំណោម​ធនធាន​ធម្មជាតិ​នានា​នៅ​កម្ពុជា ដែល​កំពុង​ប្រឈម​នឹង​ការបាត់បង់​ក្នុង​ល្បឿន​យ៉ាង​ឆាប់រហ័ស​គួរ​ឲ្យ​រន្ធត់ ក្រោម​ការដឹកនាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ទិន្នន័យ​វិទ្យាសាស្ត្រ​ថត​តាម​ផ្កាយរណប​របស់​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប បង្ហាញ​ថា ក្នុង​ឆ្នាំ២០១៩ ក្នុង​មួយ​ម៉ោង កម្ពុជា​បាត់បង់​ព្រៃឈើ ធំ​ជាង​តារាង​បាល់ទាត់​មួយ (០,៧១៤ ហិកតារ) ទៅទៀត។ សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​ដែល​នាំ​ឲ្យ​មាន​ការកាប់​បំផ្លាញ​ព្រៃឈើ​ដ៏​សម្បើម​នេះ រឹតតែ​កើតឡើង​យ៉ាង​ពេញ​បន្ទុក​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​ជំងឺ​រាតត្បាត​សាកល​កូវីដ-១៩។

ក្រុម​សកម្មជន​អ្នក​អភិរក្ស​ព្រៃឈើ និយាយ​ថា ការបាត់បង់ ២៦% ស្មើនឹង ២លាន​៣សែន​ហិកតារ​នៃ​គម្រប​ព្រៃឈើ​នៅ​កម្ពុជា​ចាប់តាំង​ពី​ឆ្នាំ២០០០មក​នេះ គឺ​ដោយសារ​តែ​ការគ្រប់គ្រង​ប្រទេស​តាម​បែប​ផ្តាច់ការ​ឯកបក្ស និង​ការប្រព្រឹត្តិ​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ ដែល​ក្រុម​ឈ្មួញ​ឧក្រិដ្ឋជន​ព្រៃឈើ​មាន​ងារ​ជា​ឧកញ៉ា និង​ឧត្ដមសេនីយ៍​យោធា​គ្រាក់ៗ កំពុង​តែ​សប្បាយ​នឹង​អាជីវកម្ម​កាក់កប​នៃ​ការកាប់ និង​ដឹកជញ្ជូន​ឈើ​​ហ៊ុប​ធំៗ យក​ទៅ​លក់​ឲ្យ​ប្រទេស​ជិត​ខាង ដោយ​គ្មាន​ស្ថាប័ន​រដ្ឋ​ណា​ហ៊ាន​​ចេញមុខ​ផ្តន្ទាទោស ព្រោះ «ជនល្មើស​មុខ​ដដែលៗ» ទាំងនោះ មាន​​ចំណង​ស្អិតល្មួត​ជាមួយ​គណបក្ស​កាន់អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។