រូបត្លុកនយោបាយ​៖ វិធីសាស្ត្រ​ «លើក​កម្ពស់​សេរីភាព​សារព័ត៌មាន​ក្រោម​ដំបូល​សន្តិភាព!»

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ត្រា តែង​អះអាង​ថា សិទ្ធិ​សេរីភាព​សារព័ត៌មាន សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ និង​ទទួល​បាន​ព័ត៌មាន​នៅ​កម្ពុជា ត្រូវ​បាន ​«លើក​កម្ពស់​ក្រោម​ដំបូល​នៃ​សុខ​សន្តិភាព» ជា​ពិសេស​ដោយ​រដ្ឋាភិបាល​អាណត្តិ​ទី៧​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ក៏ប៉ុន្តែ ធាតុ​ពិត​ជាក់​ស្តែង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នក​កាសែត​ឯករាជ្យ ទាំង​អ្នក​កាសែត​ជនជាតិ​ខ្មែរ និង​បរទេស កំពុង​ទទួល​រង​នូវ​ការ​ដាក់​គោលដៅ​តាម​កម្ចាត់​ជា​បន្តបន្ទាប់​មិន​ឱ្យ​មាន​វត្តមាន​នៅ​ក្នុង​ទឹកដី​កម្ពុជា។

ជាក់ស្តែង នៅ​មុន​ការ​ឡើង​កាន់​អំណាច​របស់​លោក ហ៊ុន ម៉ាណែត តាមរយៈ​ការ​ផ្ទេរ​អំណាច​បន្ត​ពី​ឪ រដ្ឋាភិបាល​ឪពុក​របស់​លោក​ គឺ​លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​បិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD)។ ក្រោយ​មក​ទៀត ក្នុង​ពេល​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​បាន​ជាង​១ឆ្នាំ មាន​ករណី​ឃាតកម្ម​មួយ​បាន​កើត​ឡើង​លើ​អ្នក​រាយការណ៍​ព័ត៌មាន​ពី​បញ្ហា​បរិស្ថាន​ឱ្យ​គេហទំព័រ​កម្ពុជា​អភិវឌ្ឍន៍​នៅ​ខេត្ត​សៀមរាប គឺ​លោក ឈឿង ឈឹង។ ករណី​ឃាតកម្ម​លើ​អ្នក​កាសែត​នេះ គឺ​ជា​លើក​ទី១​ហើយ​ចាប់តាំង​ពី​ឆ្នាំ​២០១៤​មក។ ក្រៅ​ពី​នេះ ក៏​នៅ​មាន​ករណី​ធ្វើ​ទុក្ខបុកម្នេញ​ជា​ច្រើន​ទៀត​មក​លើ​អ្នក​កាសែត ដូចជា​ករណី​លោក ម៉ិច ដារ៉ា ជាដើម។ ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​បម្រាម​មិន​ឱ្យ​អ្នក​កាសែត​ជនជាតិ​អង់គ្លេស លោក ជឺរល ហ្វ្លីន (Gerald Flynn) ដែល​រាយការណ៍​ពី​បញ្ហា​បរិស្ថាន ចូល​ប្រទេស​កម្ពុជា​ជា​រៀង​រហូត​ដោយ​ដាក់​ឈ្មោះ​លោក​ចូល​ក្នុង​បញ្ជី​ខ្មៅ ក្រោម​ហេតុផល​ថា​លោក​បាន​ផ្តល់​ព័ត៌មាន​មិន​ពិត​ក្នុង​ពាក្យ​សុំ​ទិដ្ឋាការ​របស់​លោក។ ក៏ប៉ុន្តែ អ្នកកាសែត​ជនជាតិ​អង់គ្លេស​រូប​នេះ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ និង​ថា​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​មក​លើ​រូប​លោក​គឺ​ព្រោះ​តែ​ចង់​សងសឹក​ដោយសារ​តែ​លោក​បំពេញ​ការងារ​ជា​អ្នក​កាសែត​ឯករាជ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។