រូបត្លុកនយោបាយ​៖ ល្បិច​មិន​ចង់​ចូលរួម​ការបោះឆ្នោត ឬ​ល្បិច​ធានា​ជ័យជម្នះ​ទុក​ជាមុន?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​មេដឹកនាំ​គណបក្ស​ភ្លើងទៀន​ ទាំង​គ្មាន​ភស្តុតាង​ថា ប្រើ​ «ល្បិច» ​មិនចង់​ចូលរួម​ការបោះឆ្នោត​ ដើម្បី​ឱ្យ​អន្តរជាតិ​ដាក់​គំនាប​លើ​រដ្ឋាភិបាល​របស់​លោក។ លោកថា ឯកសារ​ច្បាប់​ដើម​ចុះបញ្ជី​គណបក្ស​ភ្លើងទៀន​ កំពុង​ស្ថិត​ក្នុង​ដៃ​ថ្នាក់​ដឹកនាំ​គណបក្ស​នេះ ប៉ុន្តែ ​អ្នកកាន់​ឯកសារ​នោះ​លាក់ទុក។ ផ្ទុយ​ពី​ការចោទ​ប្រកាន់នេះ គណបក្ស​ភ្លើងទៀន បាន​បដិសេធ​យ៉ាងដាច់​អហង្ការ​ជុំវិញ​រឿង​ចោទប្រកាន់​នេះ និង​បញ្ជាក់​ជំហរ​អំពីឆន្ទៈ​ពិតប្រាកដ​របស់​ខ្លួន​ក្នុងការ​ចូលរួម​ការបោះឆ្នោត​ជាតិ​ខែកក្កដា​ខាងមុខ។ គណបក្ស​នេះ​ បញ្ជាក់ថា ខ្លួន​បាន​ដាក់​លិខិត​ស្នើសុំ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​ ដើម្បី​ប្រើប្រាស់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ​ ដែល​ត្រូវបាន​បិទ (ដោយ​អំណាច​សាលដីកា​របស់​តុលាការ​កំពូល ​កាលពី​ចុងឆ្នាំ២០១៧) ដើម្បី​ប្រើប្រាស់​ទីស្នាក់ការ និង​ប្រមូល​ឯកសារ​នានា​របស់​គណបក្ស​ពី​ទីស្នាក់ការ​នោះ ប៉ុន្តែ​ តុលាការ​គ្រប់ជាន់ថ្នាក់​ទាំងនេះ ​មិន​បាន​អនុញ្ញាត​ឱ្យ​ឡើយ ជាហេតុ​ធ្វើឱ្យ​ឯកសារ​មួយ​ចំនួន​របស់​គណបក្ស​ភ្លើងទៀន រួម​ទាំង​ច្បាប់ដើម​នៃ​ប្រកាស​ចុះបញ្ជី​គណបក្ស​នយោបាយ​ត្រូវបាន​បាត់បង់។ គណបក្ស​ភ្លើងទៀន ថា​ការមិន​ឱ្យ​គណបក្ស​ខ្លួន​ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​ខាងមុខ​នេះ រំលោភ​ឆន្ទះ​ពលរដ្ឋ​ខ្មែរ​ជិត​២លាន​នាក់​ ដែល​បាន​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ២០២២​ឱ្យ​គណបក្ស​ខ្លួន។

ទន្ទឹមនឹង​ការចោទប្រកាន់​គណបក្ស​ភ្លើងទៀន ​ហើយលោក ហ៊ុន សែន ក៏បាន​គំរាម​សម្លាប់ និង​ចាក់​ដាក់គុក ប្រសិនបើ​គណបក្ស​ភ្លើងទៀន​ហ៊ាន​ធ្វើ​បាតុកម្ម​តវ៉ា​ចង់ចូលរួម​ការបោះឆ្នោត​ជាតិ​ខែកក្កដា​ខាងមុខ​នេះ។ តើ​នេះ ​ជាល្បិច​មិនចង់​ចូលរួម​ការបោះឆ្នោត​របស់​គណបក្ស​ភ្លើងទៀន ឬក៏​ជាល្បិច​របស់​លោក ហ៊ុន សែន ដើម្បី​ធានា​ជ័យជម្នះ​ទុកជាមុន មិនខុស​ពី​ព្រឹត្តិការណ៍​បោះឆ្នោត​ជាតិ​កាលពី​ខែកក្កដា ឆ្នាំ២០១៨​កន្លងទៅ?

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។