រូបត្លុកនយោបាយ៖ យុទ្ធវិធី «យកលលកទៅទាក់លលក កុំយកដំរីទៅទាក់កូនខ្លា» របស់លោក ហ៊ុន សែន
2024.11.10
បុរសខ្លាំងខាងប្រើអំពើហិង្សា និងជាអតីតកម្មាភិបាលខ្មែរក្រហម លោក ហ៊ុន សែន ត្រូវគេមើលឃើញថា ជាមេដឹកនាំដែលពូកែខាងប្រើយុទ្ធសាស្ត្របំបែកបំបាក់ខ្មែរគ្នាឯង ជាពិសេសក្រុមអ្នកប្រឆាំងនៅកម្ពុជា។ ជាក់ស្ដែង សារសំឡេងបែកធ្លាយតាមបណ្តាញសង្គម កាលពីពាក់កណ្ដាលខែមិថុនា ដែលគេជឿថាជាសំឡេងរបស់លោក ហ៊ុន សែន បង្ហាញឱ្យឃើញថា មេដឹកនាំបក្សកាន់អំណាចរូបនេះ នៅតែចិញ្ចឹមចិត្តបំផ្លាញគណបក្សប្រឆាំង និងក្រុមអ្នកគាំទ្របក្សប្រឆាំងតាមគ្រប់មធ្យោបាយ ក្នុងនោះមានតាំងពីការប្រើយុទ្ធវិធី «យកលលកទៅទាក់លលក» និង «ងើបមួយវាយមួយ បើហ៊ានប្រឆាំង» ជាដើម។
ថ្មីៗនេះ ក្នុងជំនួបសំណេះសំណាលជាមួយក្រុមអ្នកផ្តាច់ខ្លួន លោក ហ៊ុន សែន បន្តដាក់គោលដៅ «ប្ដេជ្ញាកម្ចាត់ចោលក្រុមបដិវត្តន៍ពណ៌» ដែលលោកចោទថា «មានបំណងផ្ដួលរំលំរដ្ឋាភិបាល»។ បក្សកាន់អំណាចរបស់លោក បានហៅយុទ្ធនាការប្រមូលក្រុមអ្នកចុះចូលមកពីបក្សប្រឆាំងនេះថាជា «ចលនាកសាងអតីតថ្នាក់ដឹកនាំបក្សប្រឆាំង» និងអះអាងថា គិតត្រឹមចុងឆ្នាំ២០២៤នេះ «ចលនាកសាង» នេះប្រមូលបានមនុស្សជិត ១ម៉ឺន៥ពាន់នាក់ (១៤.៥៣៩នាក់) ក្នុងនោះ ៧៧៤នាក់មកពីថ្នាក់ក្រុង-ស្រុក-ខណ្ឌ និង១២.១៧៤នាក់មកពីថ្នាក់ឃុំ-សង្កាត់។ ទោះជាយ៉ាងណា អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំង អះអាងថា ការចុះចូលនេះ គឺដោយសារតែមន្ត្រីបក្សប្រឆាំងទាំងនោះ រងនូវការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដូចជាការចាប់ដាក់គុក និងការចាប់ចងសមាជិកក្រុមគ្រួសារពួកគេធ្វើជាចំណាប់ខ្មាំងជាថ្នូរនឹងការចុះចូលជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។