អតីតអ្នកថតរូប និងថតវីដេអូរបស់វិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន រួមជាមួយអតីតអ្នករាយការណ៍ព័ត៌មានរបស់វិទ្យុអាស៊ីសេរី លោក យាង សុធារិន្ទ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែវិច្ឆកា ឆ្នាំ២០១៧ ចំពេលដែលរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចដ៏យូរឆ្នាំ បើកយុទ្ធនាការបង្ក្រាបមកលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា។ ពួកលោកទាំងពីរត្រូវបានចោទប្រកាន់ពីបទ «លួចផ្តល់ព័ត៌មានសម្ងាត់ឱ្យរដ្ឋបរទេស» បន្ទាប់ពីវិទ្យុអាស៊ីសេរីបានបិទការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញក្នុងខែកញ្ញានៅឆ្នាំដដែលនោះ។ នៅខែមីនា ឆ្នាំ២០១៨ ពួកលោកក៏ត្រូវបានចោទប្រកាន់បន្ថែមនូវបទចោទមួយបទល្មើសទៀតពាក់ព័ន្ធនឹង«ការផលិតរូបភាពអាសអាភាស»។ ប្រសិនបើតុលាការកាត់ទោសពួកលោកឱ្យជាប់ទោសពីបទចោទដំបូង ពួកលោកអាចប្រឈមនឹងការជាប់ពន្ធនាគារពី ៧ ទៅ ១៥ ឆ្នាំ។ បច្ចុប្បន្ន លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំរង់ចាំសវនាការលើអង្គសេចក្តីមួយទៀត បន្ទាប់ពីមានម្តងរួចមកហើយ។ តុលាការអះអាងថា ត្រូវការស៊ើបអង្កេតបន្ថែម។ ពួកលោកត្រូវបានដាក់ឱ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ និងស្ថិតក្នុងភាពមិនច្បាស់លាស់នៃដំណើរការក្តីក្តាំដ៏យូរក្នុងសំណុំរឿងនេះ បន្ទាប់ពីតុលាការជាន់ខ្ពស់ទាំងអស់បានច្រានចោលបណ្តឹងទាស់របស់ពួកលោកជាបន្តបន្ទាប់។
កម្ពុជា ជាប់ចំណាត់ថ្នាក់ទី ១៤០ ក្នុងចំណោម ១៨០ ប្រទេស និងដែនដី នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក (World Press Freedom Index) ឆ្នាំ២០២២ ពោលគឺនៅចន្លោះប្រទេសហ្គីណេ (Equatorial Guinea) និងប្រទេសលីប៊ី (Libya)។ អង្គការអ្នករាយការណ៍គ្មានព្រំដែន (RSF) លើកឡើងថា «លោក ហ៊ុន សែន បានបើកយុទ្ធនាការប្រឆាំងនឹងសារព័ត៌មានដោយមិនអត់ឱន នៅមុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខែកក្កដា ឆ្នាំ២០១៨។ ស្ថានីយវិទ្យុ និងអង្គភាពកាសែតជាច្រើនស្ថាប័នត្រូវបានបំបិទមាត់ ខណៈការិយាល័យព័ត៌មានត្រូវបានបិទទ្វា រីឯអ្នកកាសែតត្រូវបានកាត់ទោស ដែលបណ្តាលឱ្យវិស័យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាត្រូវខ្ទេចខ្ទាំ»។ អង្គការអន្តរជាតិដដែលនេះ បន្តថា «ចាប់តាំងពីពេលនោះមក ការប៉ុនប៉ងតិចតួចដើម្បីធ្វើឱ្យសារព័ត៌មានឯករាជ្យមានជីវិតឡើងវិញ បាននាំឱ្យមានកំហឹងក្នុងមជ្ឈដ្ឋានបក្សកាន់អំណាច»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។