ក្នុងពេលថ្លែងសុន្ទរកថា ទៅកាន់មហាសន្និបាតលើកទី៧៨របស់អង្គការសហប្រជាជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនក្លាហានហ៊ានប្រាប់ពិភពលោកអំពីសមិទ្ធផលដ៏លេចធ្លោមួយ ដែលរដ្ឋាភិបាលរបស់លោកសម្រេចបានក្នុងរយៈពេលតែ១ខែនៃការឡើងកាន់អំណាចឡើយ។ នោះគឺករណីលួចវាយប្រហារទាំងកណ្តាលថ្ងៃមកលើអ្នករិះគន់វិស័យកសិកម្ម លោក នី ណាក់ ឱ្យរងរបួសក្បាលធ្ងន់កាលពីថ្ងៃទី១២ ខែកញ្ញា។ នេះមិនមែនជាករណីទី១ទេ ដែលកើតមានឡើងក្នុងសង្គមកម្ពុជាសម័យកាល «អរគុណសន្តិភាព» ដែលត្រួសត្រាយផ្លូវដោយអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នោះទេ។ សមត្ថកិច្ចនៅតែបរាជ័យមិនអាចវែកមុខរកជនល្មើសមកផ្ដន្ទាទោសតាមផ្លូវច្បាប់បាននៅឡើយ។ ផ្ទុយទៅវិញ ករណីលួចវាយប្រហារលើក្រុមអ្នករិះគន់នេះ គឺជាលំនាំដដែលៗ ដ៏គួរឱ្យព្រួយបារម្ភមួយ។
លោក នី ណាក់ បានរងគ្រោះផ្ទួនៗ។ ក្នុងអាណត្តិរបស់អតីតរដ្ឋមន្ត្រីកសិកម្ម លោក វេង សាខុន លោក នី ណាក់ ត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់គុកអស់១៨ខែ ដោយសារតែលោកបានសរសេរសារឌឺដងរឿង «ទិញម៉ាស់ពាក់ឱ្យកូនមាន់» ក្នុងពេលផ្ទុះកូវីដ១៩។ ចុងក្រោយនេះ ក្រោមអាណត្តិរបស់រដ្ឋមន្ត្រីកសិកម្មថ្មី លោក ឌិត ទីណា លោក នី ណាក់ អ្នករិះគន់បញ្ហាកសិកម្ម បានក្លាយជាជនរងគ្រោះនៃករណីលួចវាយប្រហារនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។