តំណាងប្រជាពលរដ្ឋ ២២នាក់ គឺលោក ជា ស៊ីថា បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី២០ ខែធ្នូ ពីមូលហេតុនៃការប្ដឹងនេះថា កាលពីឆ្នាំ២០០៨ លោក តុប ច័ន្ទសិរីវុធ បានចាប់ពួកគាត់ដាក់ពន្ធនាគារដោយអយុត្តិធម៌ក្នុងជម្លោះដីធ្លីជាមួយសមាគមអភិវឌ្ឍន៍កសិកម្មជាតិ ដើម្បីជាថ្នូរនឹងការទទួលបានដីចំនួន ២ហិកតា ក្នុងតំបន់ដែលមានជម្លោះនោះ។
លោក ជា ស៊ីថា បន្ថែមថា ៖ «គាត់ទៅចាប់ពួកខ្ញុំ ដែលពួកខ្ញុំមិនមានទោសសោះនោះ ហើយយកមកឃុំឃាំងឲ្យព្រាត់ប្រាសគ្រួសារលំបាកវេទនា ហើយមួយចំនួនទៀត ត្រូវរត់ចោលផ្ទះសម្បែងដោយខ្លាចគេចាប់»។
ប្រជាពលរដ្ឋម្នាក់ទៀតបន្ថែម ៖ «ខាតបង់ទាំងការរកស៊ីផលរបរ ព្រាត់ប្រាសគ្រួសារ ប្រពន្ធមានការភ័យខ្លាច កូនចៅក៏មិនបានទៅរៀនទៅសូត្រ ឯខ្លួនក៏មិនបានទៅរកស៊ីអីដែរ រវល់តែរត់គេចខ្លួនទាំងខ្លួនគ្មានកំហុស។ អ៊ីចឹងការខាតបង់នោះវាមានច្រើន ហើយខាតទាំងកិត្តិយស»។
ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០០៨ អតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក តុប ច័ន្ទសិរីវុធ បានចេញដីកាសន្និដ្ឋានស្ថាពរសម្រេច ចោទប្រកាន់តំណាងប្រជាពលរដ្ឋ ២២នាក់ នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានទំនាស់ដីធ្លីជាមួយសមាគមអភិវឌ្ឍន៍កសិកម្មជាតិ ជាមួយប្រជាពលរដ្ឋ ១៧០គ្រួសារ ពីបទធ្វើឲ្យខូចខាតដោយចេតនាទ្រព្យសម្បត្តិរដ្ឋ។
ប្រជាពលរដ្ឋ ៤នាក់ត្រូវបានចាប់ដាក់ពន្ធនាគារក្នុងខេត្តពោធិ៍សាត់ ១៨នាក់ទៀតបានរត់គេចខ្លួនពីផ្ទះសម្បែង។
លុះដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០០៩ បន្ទាប់ពីមានអន្តរាគមន៍ពីប្រធានរដ្ឋសភា លោក ហេង សំរិន និងដោយរកពុំឃើញភស្តុតាងគ្រប់គ្រាន់នោះ សាលាឧទ្ធរណ៍ក៏សម្រេចលើកលែងការចោទប្រកាន់ប្រជាពលរដ្ឋទាំង ២២នាក់នេះ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ ខេត្តពោធិ៍សាត់ លោក អេង ឈុនហាន មានប្រសាសន៍ថា ប្រជាពលរដ្ឋទាំង ២២នាក់នេះ បានមកពឹងអង្គការលីកាដូ ឲ្យជួយណែនាំលើផ្លូវច្បាប់ផងដែរ ចំពោះការប្ដឹងផ្ដល់នេះ។ ចំណែកលោកមេធាវី កៅ សុផា មានប្រសាសន៍ថា លោកត្រូវបានប្រជាពលរដ្ឋទាំងនោះពឹងឲ្យជួយការពាររឿងក្ដីនេះដែរ តែលោកមិនទាន់សម្រេចចិត្តថា ទទួល ឬមិនទទួលនៅឡើយ។ ចំណែកមេធាវីភាគីលោក តុប ច័ន្ទសិរីវុធ គឺលោក ថន បូរី មានប្រសាសន៍ថា លោកពុំទាន់ទទួលបានព័ត៌មាននេះនៅឡើយ៕