មេធាវី​របស់​ជន​ជាតិ​ថៃ​២​រូប ប្ដឹង​ឧទ្ធរណ៍​នៅ​សប្ដាហ៍​ក្រោយ

មេធាវី​របស់​ជន​ជាប់​ចោទ​ថៃ ២​នាក់ ដែល​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ពី​បទ​ចូល​ក្នុង​ទឹក​ដី​កម្ពុជា​ ខុស​ច្បាប់ បាន​ប្រកាស​ថា​ខ្លួន​កំពុង​រៀបចំ​ឯកសារ​ដើម្បី​ប្ដឹង​ឧទ្ធរណ៍​នៅ​សប្ដាហ៍​ ក្រោយ។
ដោយ ខែ សុណង
2011.02.03
Share on WhatsApp
Share on WhatsApp

លោក​មេធាវី រស់ អូន មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ កុម្ភៈ ថា​លោក​កំពុង​រៀបចំ​ធ្វើ​លិខិត​ផ្ទេរ​សិទ្ធិ​ជា​មួយ​កូន​ក្តី​របស់​លោក ឈ្មោះ វីរះ ស៊ុមក្វាមឃីត (Veera Somk wamkid) និង រ៉ាត់ទ្រី ប៉ៃប៉ូ​តាណា​ប៉ៃប៉ូន (Ratree Paiputanapaiboon) ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស ដើម្បី​ប្ដឹង​ជំទាស់​ទៅ​និង​ការ​កាត់​សេចក្ដី​របស់​តុលាការ​ក្រុង​ភ្នំពេញ ៖ "បាទ​ខ្ញុំ​កំពុង​រៀបចំ​ឯកសារ​បន្តិច ឲ្យ​គាត់​ធ្វើ​លិខិត​ផ្ទេរ​សិទ្ធ​ក្នុង​ការ​ប្ដឹង​ឧទ្ធរណ៍ បើ​និយាយ​រួម​ទៅ ការ​រៀបចំ​ឯកសារ វា​សំខាន់​បំផុត ទី​មួយ​ឲ្យ​ជន​ជាប់​ចោទ​ផ្ទេរ​សិទ្ធិ​ឲ្យ​មេធាវី​ក្នុង​ការ​ប្ដឹង​ឧទ្ធរណ៍"

ជន​ជាតិ​ថៃ ២​នាក់ ក្នុង​ចំណោម​ជន​ជាតិ​ថៃ ៧​នាក់ បាន​ចូល​មក​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា ហើយ​ត្រូវ​បាន​យោធា​កម្ពុជា ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១០ កន្លង​ទៅ នៅ​ក្នុង​ភូមិ​ជោគ​ជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ។

តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ បាន​កាត់​ទោស​ជន​ជាប់​ចោទ​ថៃ​ឈ្មោះ វីរះ ស៊ុម​ក្វាម​ឃីត ភេទ​ប្រុស ឲ្យ​ជាប់​គុក​រយៈ​ពេល ៨​ឆ្នាំ និង​ផាក​ពិន័យ​ចំនួន ១​លាន ៨​សែន​រៀល ចូល​ថវិកា​រដ្ឋ និង​បាន​កាត់​ទោស​ជន​ជាប់​ចោទ​ថៃ​ម្នាក់​ទៀត​ឈ្មោះ រ៉ាត់ទ្រី ប៉ៃប៉ូ​តាណា​ប៉ៃប៉ូន ភេទ​ស្រី ឲ្យ​ចាប់​គុក​រយៈ​ពេល ៦​ឆ្នាំ និង​ផាក​ពិន័យ​ចំនួន ១​លាន ២​សែន​រៀល ចូល​ថវិកា​រដ្ឋ។

ការ​កាត់​ទោស​នេះ គឺ​តុលាការ​បាន​ផ្អែក​លើ​មាត្រា​ទី​២៩ នៃ​ច្បាប់​អន្តោប្រវេសន៍ ក្រោម​បទ​ចូល​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា​ខុស​ច្បាប់ និង​ផ្អែក​តាម​មាត្រា​ទី​២៧ មាត្រា​ទី​៤៧៣ មាត្រា​ទី​៤៣៩ និង​មាត្រា​ទី​៤៤៦ នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ប្រទេស​កម្ពុជា ក្រោម​បទ​ចូល​ក្នុង​ទី​លាន​យោធា​កម្ពុជា ក្នុង​បំណង​ទុច្ចរិត និង​បទ​ប្រមូល​ផ្តុំ​ព័ត៌មាន​សំងាត់ ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​កម្ពុជា។

ចំពោះ​ជន​ជាតិ​ថៃ ៥​នាក់​ផ្សេង​ទៀត តុលាការ​បាន​កាត់​ទោស​កាល​ពី​ថ្ងៃ​ទី​២១ មករា កន្លង​ទៅ ឲ្យ​ជាប់​គុក​ចំនួន ៩​ខែ និង​ពិន័យ​លុយ ១​លាន​រៀល ក្នុង​ម្នាក់ៗ គិត​ចាប់​តាំង​ពី​ថ្ងៃ​ចាប់​ខ្លួន ហើយ​បាន​ព្យួរ​ទោស​ដែល​នៅ​សល់ ក្រោយ​ពេល​មាន​ការ​កាត់​ក្ដី និង​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ។ អ្នក​ទាំង ៥​នាក់​នោះ បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​វិល ទៅ​កាន់​ប្រទេស​ថៃ​វិញ​អស់​ហើយ។

ជន​ជាតិ​ថៃ​ទាំង ៧​រូប​នេះ បាន​ត្រូវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៩ ធ្នូ កន្លង​ទៅ នៅ​ភូមិ​ជោគ​ជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ នៅ​ពេល​ដែល​បាន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​៤៦ រវាង​កម្ពុជា-ថៃ ហើយ​បាន​ហួស​ចូល​មក​ជម្រៅ​ជាង ៥០០​ម៉ែត្រ នៅ​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។