ក្រុមប្រជាពលរដ្ឋបាននាំគ្នាលើកបដាសរសេរថា សូមឈប់បំបែកបំបាក់គ្រួសារតទៅទៀត។ បដានេះបានលើកឡើងលាយឡំនឹងពាក្យស្រែកថា គួរធ្វើការអប់រំជាជាងការចាប់បញ្ជូន។
ពួកគេក៏បានចងខ្សែបូពណ៌លឿងរាប់រយខ្សែនៅរបងខាងមុខនៃសាលាក្រុងហ្វីឡាឌែលហ្វីយ៉ា ដើម្បីបង្ហាញសញ្ញាទាមទាររបស់ពលរដ្ឋដល់ក្រុមអាជ្ញាធរ ដើម្បីដោះលែងអ្នកទាំងបួននោះឲ្យមានសេរីភាព។
បុរសអន្តោប្រវេសន៍ខ្មែរទាំងបួននាក់នោះមានឈ្មោះ វែន វាន់នី, ធៀន ដាវី, អ៊ីវ មុត និង ដាង ឆាលី។ ពួកគេត្រូវបានសមត្ថកិច្ចផ្នែកអន្តោប្រវេសន៍ និងគយរបស់រដ្ឋផេនស៊ីលវានៀ ចាប់ឃុំខ្លួនកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១០ ដើម្បីត្រៀមបញ្ជូនទៅកម្ពុជា។
នាយិកានៃសមាគមខ្មែរក្នុងទីក្រុងហ្វីឡាឌែលហ្វីយ៉ា លោកស្រី រ៉ង សន មានប្រសាសន៍ថា ការចាប់បញ្ជូនពលរដ្ឋអន្តោប្រវេសន៍ខ្មែរទាំងនោះ ធ្វើឡើងមិនមានយុត្តិធម៌ ដោយសារអ្នកទាំងនោះមិនបានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរពីមុនមក។
ចាប់តាំងពីឆ្នាំ២០០២ ក្រោយពេលរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ចុះកិច្ចព្រមព្រៀងលើអនុស្សរណៈយោគយល់គ្នាក្នុងការទទួលយកជនអន្តោប្រវេសន៍ខ្មែរ ដែលធ្លាប់ប្រព្រឹត្តបទល្មើសនៅសហរដ្ឋអាមេរិក ទៅកម្ពុជាវិញនោះ មានមនុស្សចំនួន ២៣៦នាក់ហើយ ត្រូវបានចាប់បញ្ជូនមកកម្ពុជា ហើយសហរដ្ឋអាមេរិកគ្រោងនឹងបញ្ជូនជាបន្តបន្ទាប់ថែមទៀត។
ច្បាប់របស់សហរដ្ឋអាមេរិកមានសុពលភាពក្នុងការបញ្ជូនជនអន្តោប្រវេសន៍ទាំងឡាយណាដែលបានប្រព្រឹត្តបទឧក្រិដ្ឋប្លន់ សម្លាប់មនុស្ស បង្ករបួសស្នាម លួចអីវ៉ាន់ក្នុងហាងទំនិញ បន្ទោបង់តាមទីសាធារណៈ ឬបើកបរពេលស្រវឹងជាដើម។
លោកស្រី រ៉ង សន មានប្រសាសន៍ថា បុរសទាំងបួននាក់នោះសុទ្ធតែមានប្រពន្ធកូន ហើយពួកគេជាជំហរដ៏ធំក្នុងការរកចំណូលចិញ្ចឹមគ្រួសារ។ លោកស្រីមានប្រសាសន៍ថា ក្រោយពីពួកគេចេញពីពន្ធនាគាររួចមក ពួកគេបានកែខ្លួនយ៉ាងល្អក្នុងសហគមន៍។
ក្រុមសកម្មជនប្រឆាំងការបញ្ជូនជនអន្តោប្រវេសន៍ខ្មែរទៅស្រុកកំណើតវិញ បានឲ្យដឹងថា យ៉ាងហោចណាស់មានពលរដ្ឋខ្មែរចំនួន ១.៥០០នាក់ កំពុងមានឈ្មោះក្នុងបញ្ជីសម្រាប់ធ្វើការបញ្ជូនទៅកម្ពុជា។
លោក សេង ដេវីដ បុគ្គលិកនៃសមាគម The United Communities Southeast Philadelphia ធ្លាប់មានប្រសាសន៍ថា ការបញ្ជូនពលរដ្ឋខ្មែរទៅស្រុកកំណើតវិញកាន់តែធ្វើឲ្យចុះថយចំនួនពលរដ្ឋខ្មែរក្នុងសហរដ្ឋអាមេរិក ដែលភាគច្រើនពួកគេបានផ្ដល់មូលនិធិជាច្រើនទៅក្រុមគ្រួសាររបស់គេនៅកម្ពុជា ដែលធ្វើឲ្យបន្ទុករបស់រដ្ឋាភិបាលខ្មែរធូរមួយកម្រិត។
លោកមានប្រសាសន៍ថា ជនអន្តោប្រវេសន៍ដែលបានទៅដល់កម្ពុជា ពួកគេមានការលំបាកយ៉ាងខ្លាំងក្នុងសម្របខ្លួនចូលក្នុងសង្គមកម្ពុជា ហើយពួកគេមួយចំនួនមានការរស់ដោយក្តីអស់សង្ឃឹម។
មជ្ឈមណ្ឌលជួយជនមាតុភូមិនិវត្តន៍ដែលហៅកាត់ថា RISP ធ្លាប់បានរាយការណ៍ថា ចាប់តាំងពីឆ្នាំ២០០២មក ក្នុងចំណោមជនអន្តោប្រវេសន៍ខ្មែរ ២៣៦នាក់ ដែលសហរដ្ឋអាមេរិកចាប់បញ្ជូនមកកម្ពុជា យ៉ាងហោចណាស់មានចំនួន ៥នាក់ បានស្លាប់ដោយសារជំងឺ ការធ្វើអត្តឃាត ឬដោយគ្រោះថ្នាក់ចរាចរណ៍ជាដើម៕