នៅក្នុងដីកាចុះថ្ងៃទី១៧ ខែតុលា នេះ លោក ហេង លុយ ជាតំណាងអយ្យការបានកោះឲ្យអ្នកភូមិទាំង ៦នាក់ ចូលខ្លួនទៅបំភ្លឺតាមសំណុំរឿងព្រហ្មទណ្ឌលេខ ៦៣៥ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១១ ដែលភាគីដើមបណ្ដឹងបានប្ដឹងចោទពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន។
លោក ហេង សាយហុង មន្ត្រីស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សលីកាដូ បានឲ្យដឹងថា ភាគីដើមបណ្ដឹបដែលធ្វើការប្ដឹងប្រជាពលរដ្ឋ គឺជាមន្ត្រីទាហាន មន្ត្រីប៉េអឹម និងក្រុមឈ្មួញដីតែប៉ុន្មាននាក់ ដែលបានឃុបឃិតគ្នារំលោភបំពានដីធ្លីរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើដីនោះ។
លោកបន្តដូច្នេះ៖ «រហូតដល់សព្វថ្ងៃហ្នឹង គេទៅធ្វើរបងព័ទ្ធជុំវិញផ្ទះគាត់ ពេលប្រជាពលរដ្ឋតវ៉ាមិនឲ្យ ចោទថា ប៉ះពាល់កម្មសិទ្ធិ យកអំណាចតុលាការមកបំភិតបំភ័យដាក់សម្ពាធឲ្យគាត់រត់ចេញពីដី។ តាមដីទាំងអស់ហ្នឹងជាតំបន់វិនិច្ឆ័យរបស់រដ្ឋ រដ្ឋបានប្រកាសថា តំបន់ដីទាំងអស់ហ្នឹងវាស្ថិតនៅក្នុងតំបន់វិនិច្ឆ័យទុកធ្វើសម្បទានសង្គមកិច្ចឲ្យប្រជាពលរដ្ឋ អ៊ីចឹងនៅតែខេត្តគេចុះអនុវត្តនៅពេលឆាប់ៗខាងមុខនេះទេ។ តុលាការធ្វើការពិចារណាឲ្យបានល្អិតល្អន់ផង ព្រោះរឿងនេះវាជារឿងទាក់ទិនដីធ្លីទាំងអស់ កុំឲ្យមានការឃុំខ្លួនចាប់ខ្លួនប្រជាពលរដ្ឋ»។
អ្នកភូមិទាំង ៦នាក់នោះ មានលោកស្រី ឡាច ទួម លោកស្រី ម៉ក់ ធួក លោកស្រី ចាន់ ឈីវ លោកស្រី ប៊ូ ឡេង លោក អ៊ឹម សំអឿន និងលោក ម៉ែន ផន។ ប្រជាពលរដ្ឋទាំង ៦នាក់រស់នៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ បច្ចុប្បន្នមានប្រជាពលរដ្ឋចំនួន ៦នាក់ កំពុងជាប់នៅក្នុងពន្ធនាគារខេត្តបាត់ដំបង ដោយសារតែករណីទំនាស់ដីធ្លី៕