ជនរងគ្រោះដោយទឹកជំនន់ជាងពីរម៉ឺននាក់បានជម្លៀសខ្លួនទៅកាន់ទីទួល ហើយកំពុងរង់ចាំជំនួយពីរដ្ឋាភិបាល។ គ្រួសារខ្លះបានឲ្យដឹងថា ពួកគេកំពុងអត់អង្ករដាំបាយ និងខ្លះទៀតថា មានអង្ករនៅសេសសល់តែពីរពេលប៉ុណ្ណោះ។
យោងតាមកាសែត Times Live ចេញផ្សាយនៅថ្ងៃសុក្រ ទី៧ តុលា ទឹកជំនន់បានប៉ះពាល់ដល់ការរស់នៅរបស់អ្នកស្រុកជាង ៣សែននាក់នៅទូទាំងប្រទេសកម្ពុជា។
ទឹកជំនន់ក៏បានធ្វើឲ្យខូចខាតស្រូវអស់ប្រមាណ ១០ម៉ឺនហិកតារ និងខូចខាតដល់ផ្លូវជាតិ និងអគារជាច្រើនខ្នងដែរ។
ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពីល្ងាចថ្ងៃសុក្រ ទី៧ តុលា បដិសេធមិនផ្ដល់យោបល់ដល់វិទ្យុអាស៊ីសេរី អំពីអ្នកស្លាប់ដោយទឹកជំនន់ទេ។ លោកសួរតបវិញថា ហេតុអ្វីបានជាមិនគិតពីមនុស្សស្លាប់ដោយសាររន្ទះបាញ់ទៅវិញ។
កាលពីឆ្នាំ២០០០ កម្ពុជាក៏មានទឹកជំនន់ដ៏ធ្ងន់ធ្ងរ បណ្ដាលឲ្យមានមនុស្សស្លាប់ចំនួន ៣៧០នាក់ដែរ។
តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ផ្នែកខាងកាត់បន្ថយគ្រោះមហន្តរាយ អ្នកស្រី ម៉ាហ្គារ៉េតា វ៉លស្ត្រម (Margareta Wahlstrom) ថ្មីៗនេះ មានប្រសាសន៍ឲ្យដឹងដែរថា រដ្ឋាភិបាលមិនគួរបណ្ដោយឲ្យប្រជាពលរដ្ឋខ្លួនស្លាប់ដោយសារទឹកជំនន់នោះទេ ព្រោះថា ក្នុងពេលបច្ចុប្បន្នមានបច្ចេកវិជ្ជាគ្រប់គ្រាន់ សម្រាប់ជូនដំណឹងដល់សហគមន៍ និងប្រជាពលរដ្ឋឲ្យបានដឹងមុនពីការកើតឡើងនៃទឹកជំនន់ ហើយអ្នកស្រីបញ្ជាក់ដែរថា បញ្ហានេះគឺជាវិធានការខ្ពស់បំផុតមួយសម្រាប់ការពារអាយុជីវិតប្រជាពលរដ្ឋ។
ក្រៅពីកម្ពុជាក៏មានប្រទេសមួយចំនួនក្នុងតំបន់អាស៊ី បានជួបប្រទះថ្មីៗនូវគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរដែរ ដូចជាប្រទេសហ្វីលីពីន ប៉ាគិស្ថាន ឥណ្ឌា និងប្រទេសថៃ ជាដើម៕