ផែនការ​អភិវឌ្ឍ​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) កំពុង​តែ​មើល​ឃើញ​ប្រទេស​កម្ពុជា មាន​សក្ដានុពល​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ថា អេឌីប៊ី (ADB) ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ បាន​ប្រកាស​ឲ្យ​ដឹង​អំពី​ផែន​ការ​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​នៅ​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ និង​ច្រក​របៀង​សេដ្ឋកិច្ច​ទិស​ខាង​ត្បូង​នៃ​តំបន់​នេះ ដើម្បី​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​តំបន់​នេះ មាន​ការ​រីក​ចំរើន​នៃ​ជីវភាព​រស់​នៅ។

មហា​អនុ​តំបន់​ទន្លេ​មេគង្គ​នោះ គឺ​រាប់​ទាំង​ខេត្ត​យុនណាន់ (Yunnan) និង​ខេត្ត​ក្វាងស៊ី (Guangxi) នៃ​ប្រទេស​ចិន ប្រទេស​លាវ ប្រទេស​ភូមា ប្រទេស​ថៃ វៀតណាម និង​កម្ពុជា។

សេដ្ឋកិច្ចវិទូ​ជាន់​ខ្ពស់​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី លោក ភីធឺ ប្រ៊ីមបូល (Peter Brimble) ដែល​ជា​អ្នក​រៀបចំ​ផែនការ​នេះ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ នៅ​ឯ​ការិយាល័យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ថា ៖ "គម្រោង​ការ​អភិវឌ្ឍ​សំខាន់ៗ គឺ​រាប់​ទាំង​ផ្លូវ​ថ្នល់ អគ្គិសនី សុខាភិបាល និង​ទេសចរណ៍​ជា​ដើម។ យើង​ព្យាយាម​ដើម្បី​ធ្វើ​ប្រាកដ​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​ផល​ប្រយោជន៍​ឲ្យ​បាន​ច្រើន តាម​តែ​អាច​ធ្វើ​ទៅ​បាន ពី​ផែនការ​អភិវឌ្ឍ​ទាំង​នេះ។ យើង​បាន​ចំណាយ​ថវិកា​ចំនួន ៦​លាន​ដុល្លារ​អាមេរិក លើ​ផ្នែក​បច្ចេកទេស​សិក្សា​គម្រោង​នេះ"

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ឲ្យ​ដឹង​ថា នៅ​ចុង​ឆ្នាំ​២០១០ កន្លង​ទៅ​នេះ ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​បន្ត​កម្មវិធី​កម្ចី​ប្រាក់ ចំនួន​សរុប​ជាង ៤​ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ការ​វិនិយោគ​ចំនួន​៥៥ ដែល​គម្រោង​នោះ​មាន​តម្លៃ​សរុប​ជាង ១១​ពាន់​លាន​ដុល្លារ​អាមេរិក។

គម្រោង​ទាំង​នោះ​មាន​ផ្លូវ​ថ្នល់​ឆ្លង​កាត់​មហា​អនុ​តំបន់​ទន្លេ​មេគង្គ អាកាសយានដ្ឋាន ការ​កែ​លម្អ​ផ្លូវ​ដែក គម្រោង​សាង​សង់ វារីអគ្គិសនី​សម្រាប់​ផ្ដល់​ថាមពល​ឆ្លង​កាត់​ព្រំដែន ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និង​ការ​គ្រប់គ្រង​មេ​រោគ​ឆ្លង​ជា​ដើម។

អគ្គ​លេខាធិការ​រង​ក្រុម​ប្រឹក្សា​ស្ដារ​កសិកម្ម និង​អភិវឌ្ឍ​ជនបទ​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក សាន វឌ្ឍនា បាន​មាន​ប្រសាសន៍​ថា ចង់​ឃើញ​កិច្ច​អភិវឌ្ឍន៍​នេះ ផ្ដល់​ផល​ប្រយោជន៍​ដល់​ប្រជា​ពល​រដ្ឋ​នៅ​តាម​ជន​បទ ៖ "ដើម្បី​ធ្វើ​ជា​ការ​ដោះ​ស្រាយ​ទៅ​លើ​សកម្ម​ភាព​មួយ​ចំនួន ដែល​អាច​កើត​មាន​ជា​លក្ខណៈ​លំនៅ។ អ៊ីចឹង​ហើយ​យើង​ចង់​ឲ្យ​សហគមន៍​របស់​ពួក​គាត់​បាន​ចូល​រួម​នៅ​ក្នុង Infrastructure Development ហ្នឹង​ទៀត ដើម្បី​ឲ្យ​គាត់​ដោះ​ស្រាយ​ការ​ងារ​នៅ​ពេល​ដែល​គាត់​មាន Unemployment Gap ហ្នឹង"

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ឲ្យ​ដឹង​ថា ច្រក​របៀង​សេដ្ឋកិច្ច​ទិស​ខាង​ត្បូង នៃ​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​នោះ គឺ​កាត់​តាម​ខេត្ត​ចំនួន​២១ នៅ​ក្នុង​ប្រទេស​កម្ពុជា រាប់​ទាំង​ខេត្ត​ពោធិ៍សាត់ ខេត្ត​កំពង់​ឆ្នាំង និង​ខេត្ត​កំពង់ធំ ជា​ដើម ដែល​មាន​សក្ដានុពល​សម្រាប់​ការ​លូត​លាស់ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច៕