ដើមឡើយ វិបត្តិនយោបាយនៅប្រទេសថៃកាលពីខែវិច្ឆិកាបានបង្ខំឲ្យរដ្ឋាភិបាលដូរកន្លែងប្រជុំកំពូលអាស៊ានដែលត្រូវធ្វើនៅពាក់កណ្តាលខែធ្នូនេះ ពីទីក្រុងបាងកកយកទៅក្រុងឈាងម៉ៃវិញ។ បន្ទាប់មកក៏បានសម្រេចពន្យារទៅធ្វើនៅខែមីនាវិញ ដែលការនេះបានធ្វើឲ្យមេដឹកនាំប្រទេសអាស៊ានខ្លះ រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង ស្នើឲ្យប្រទេសដទៃ ជាពិសេសប្រទេសឥណ្ឌូនេស៊ី ជាអ្នករៀបចំធ្វើជំនួស។
តែលោកនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ គឺលោក អភិស៊ិត វ៉េតឆាឈីវ៉ាក់ ទើបមានប្រសាសន៍ថា លោកចង់ឲ្យលើកយកមកធ្វើនៅខែកុម្ភៈវិញ ដើម្បីជួសជុលជំនឿទុកចិត្តលើប្រទេសថៃ៕