ការថ្លែងរបស់អ្នកស្រី អ៊ុងសាន ស៊ូជី គឺធ្វើឡើងនៅក្នុងអំឡុងពេលអ្នកស្រីធ្វើទស្សនកិច្ចការិយាល័យវិទ្យុអាស៊ីសេរី នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ១៨ កញ្ញា៖ «យើងត្រូវការវិទ្យុអាស៊ីសេរី ច្រើនជាងមុនថែមទៀត សម្រាប់យើងនៅក្នុងប្រទេសភូមា និងអ្នកដែលនៅក្នុងករណីមិនទាន់មានសេរីភាពនៅឡើយ។ យើងត្រូវការបង្រៀនពលរដ្ឋអំពីសេរីភាព ដែលមានការទទួលខុសត្រូវ។ កាលពីមុន យើងផ្ដោតលើវិធីសាស្ត្រថា តើធ្វើយ៉ាងម៉េច ដើម្បីឱ្យទទួលបានសេរីភាព។ តែឥឡូវនេះ យើងផ្ដោតលើវិធីសាស្ត្រថា តើវិធីសាស្ត្របែបណាដែលយើងចង់បាន។ សេរីភាពដែលគ្មានការទទួលខុសត្រូវ មិនមែនជាសេរីភាពទេ គឺជាការបាត់កម្លាំង។ ការបាត់កម្លាំង មិនមែនដូចគ្នានឹងសេរីភាពទេ។ សេរីភាពត្រូវតែអមដោយការទួលខុសត្រូវ។ នេះហើយជាអ្វីដែលខ្ញុំគិតថា វិទ្យុអាស៊ីសេរី ត្រូវយកចិត្តទុកដាក់ជួយធ្វើឱ្យគេយល់អំពីភូមាបច្ចុប្បន្ននេះ»។
អ្នកស្រីបន្តថា នៅពេលនេះ ពលរដ្ឋភូមា នៅមិនទាន់ចាប់ផ្ដើមមានសេរីភាពទេ ហើយក៏មិនទាន់ទទួលបានសេរីភាពដែរ ពីព្រោះសេរីភាពមានច្រើនយ៉ាងណាស់។
ពលរដ្ឋភូមានៅមានភាពក្រីក្រខ្លាំងណាស់ ហើយនៅតែមានភាពភ័យខ្លាច។ ពលរដ្ឋមិនភូមាមិនទាន់ស៊ាំទៅនឹងការប្រយុទ្ធដើម្បីខ្លួនឯងទេ។ នៅក្នុងដំណាក់កាលអន្តរកាលនេះ នៅមិនទាន់មាននីតិរដ្ឋនៅឡើយទេ។ ការដែលគ្មាននីតិរដ្ឋនេះ មានន័យថា មិនមានយុត្តិធម៌ពេញលេញទេ។ មិនមានយុត្តិធម៌ ធ្វើឱ្យយើងភ័យខ្លាច ព្រោះយើងមិនមានការការពារឱ្យរួចផុតពីអំពើអយុត្តិធម៌ ដែលបានប្រព្រឹត្តមកលើយើងដោយអ្នកខ្លាំង អ្នកមានឥទ្ធិពល និងអ្នកមានលុយ។
អ្នកស្រីមានប្រសាសន៍ទៀតថា ក្នុងអំឡុងពេលដែលអ្នកជាប់នៅក្រោមការឃុំឃាំងក្នុងផ្ទះ គឺមានតែវិទ្យុទេ ដែលធ្វើឱ្យអ្នកស្រីភ្ជាប់ទំនាក់ទំនងទៅពិភពខាងក្រៅបាន។ វិទ្យុអាស៊ីសេរីមិនត្រឹមតែផ្សាយពីព្រឹត្តិការណ៍នៅខាងក្រៅ និងក្នុងប្រទេសភូមា ប៉ុណ្ណោះទេ គឺថែមទាំងមានព័ត៌មានចម្រុះ ដូចជា កម្មវិធីអក្សរសាស្ត្រ វប្បធម៌ និងការការវិវឌ្ឍន៍ថ្មីៗ ផ្នែកបច្ចេកវិជ្ជាផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។