ជំនឿ​ចំពោះ​សត្វ​សេះ

0:00 / 0:00

ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ឆ្នាំ​២០១៤ នេះ គឺ​ចំ​លើ​សត្វ​សេះ ជា​តំណាង​ឲ្យ​ឆ្នាំ​មមី ដែល​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​៧ ក្នុង​ចំណោម​ឆ្នាំ​ខ្មែរ​ទាំង​១២។

តើ​ប្រជាពលរដ្ឋ​ទូទៅ​មាន​ជំនឿ​យ៉ាង​ណា​ដែរ​ចំពោះ​ឆ្នាំ​សេះ ឬ​មមី ឆស័ក ពុទ្ធសករាជ ២៥៥៨ នេះ?

សេះ​ជា​សត្វ​ចិញ្ចឹម ឬ​ជា​សត្វ​ពាហនៈ​មួយ​ប្រភេទ​ដែល​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​មនុស្ស​ជា​យាន​ជំនិះ​ដ៏​ប្រសើរ​របស់​មនុស្ស​ក្នុង​សម័យ​បុរាណ ជា​ពិសេស​សម្រាប់​ត្រកូល​អភិជន។

សត្វ​សេះ​ជា​ទូទៅ​គេ​ប្រើ​ជា​ពិសេស​ក្នុង​ការ​រៀបចំ​ក្បួន​ទ័ព​ជើង​គោក ដើម្បី​នាំ​មុខ​ក្បួន​ទ័ព​វាយ​លុក​លើ​សត្រូវ។ ម្យ៉ាង​ទៀត សេះ​ណា​ដែល​មាន​មាឌ​ធំ​ខ្ពស់ និង​រត់​លឿន​ជាង​គេ គឺ​តម្រូវ​លើ​មេ​ទ័ព​ជា​អ្នក​ប្រើប្រាស់។ ចំពោះ​អ្នក​ដែល​ជួប​បញ្ហា​ទុក្ខ​លំបាក​ខ្លាំង​ច្រើន​ពោល​ពាក្យ​ថា បើ​សិន​ជា​មាន​ទេវបុត្ត​ជិះ​សេះ​ស​មក​ជួយ​សង្គ្រោះ​ឲ្យ​ទាន់​ពេល​វេលា​នោះ គឺ​ពិត​ជា​មាន​ភព្វ​សំណាង​ខ្ពស់​ណាស់។

ក្រៅ​ពី​នេះ​ទៀត សត្វ​សេះ​នៅ​មាន​ប្រយោជន៍​ជា​ច្រើន​ទៀត ដូច​ចិញ្ចឹម​សម្រាប់​ទុក​ប្រណាំង​កម្សាន្ត​សម្រាប់​អូស​រទេះ​សាលី​ក្នុង​ត្រកូល​អភិជន​កាល​ពី​ជំនាន់​ដើម និង​អូស​រទេះដឹក​កសិផល​របស់​កសិករ​ធម្មតា​ដែល​មាន​នៅ​សល់​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

ជំនួយការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ អន្តរជាតិ និង​ជា​នាយក​គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ និង​ជា​អ្នក​សរសេរ​សៀវភៅ​មហាសង្ក្រាន្ត លោក អ៊ឹម បូរិន្ទ។ លោក​មាន​ប្រសាសន៍​ថា សត្វ​សេះ​ជា​សត្វ​មាន​កិត្តិយស​ទាក់ទង​នឹង​ពុទ្ធ​សាសនា។ ដូចជា​ក្នុង​ពិធី​បំបួស​នាគ​ជា​ដើម គឺ​គេ​ច្រើន​យក​សេះ​ជា​យានជំនិះ​ដើម្បី​ឲ្យ​កូន​នាគ អ្នក​ដែល​កោ​សក់​​រៀប​នឹង​បួស​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទី​អារាម ហើយ​សេះ​នោះ​មាន​ការ​តុបតែង​ខ្លួន​ប្រាណ​ឲ្យ​ស្អាត​បាត​ណាស់។

លោក អ៊ឹម បូរិន្ទ៖ «តាម​ពិត​ទៅ​យានជំនិះ​សេះ​ពី​បុរាណ​មក​គេ​មិន​ដែល​ទាក់​រ៉ឺម៉ក ទាក់​រទេះ​ទេ សេះ​គឺ​គេ​ចិញ្ចឹម​ដើម្បី​ទុក​គ្រាន់​តែ​ជិះ​លេង ឬ​ធ្វើ​សង្គ្រាម តែ​សម័យ​ក្រោយ​មក​ទេ ដែល​យើង​យក​សេះ​មក​អូស​រ៉ឺម៉ក។ តាម​ពិត​ទៅ​សេះ​គ្រាន់​សម្រាប់​ជិះ​លេង​កម្សាន្ត ជា​ពិសេស​អ្នក​មាន អ៊ីចឹង​បាន​បំបួស​នាគ ព្រោះ​សម័យ​មុន​យើង​គ្មាន​ឡាន គ្មាន​ម៉ូតូ​អី​ទេ តែ​សេះ​ហ្នឹង​គឺ​ជា​យានជំនិះ​ល្អ​បំផុត​ហើយ​ក្នុង​ចំណោម​សត្វ​ពាហនៈ​ទាំង​ឡាយ អ៊ីចឹង​ហើយ​បាន​ជា​គេ​យក​សេះ​ជា​ពាហនៈ សម័យ​ពុទ្ធកាល​ក៏​លោក​ជិះ​សេះ​ទៅ​បួស​ដែរ»

ទាក់ទង​នឹង​ជំនឿ​វិញ ក្នុង​ឆ្នាំ​ថ្មី ឆ្នាំ​មមី​នេះ មាន​អ្នក​និពន្ធ អ្នក​កាន់​ក្បួន​ពិជ័យ​ហោរា​ជា​ច្រើន​បាន​នាំ​គ្នា​សរសេរ​អត្ថាធិប្បាយ និង​និយាយ​អំពី​ជំនឿ​ទៅ​លើ​សត្វ​សេះ​នេះ។

លោកគ្រូ​ទាយ​ម្នាក់ អាយុ​ប្រមាណ​ជាង ៦០​ឆ្នាំ នៅ​ខេត្ត​ព្រៃវែង ឈ្មោះ តា ល្មម បាន​មាន​ប្រសាសន៍​ថា ឆ្នាំ​មមី ឆស័ក ២០១៤ នេះ គឺ​ជា​សេះ​ស ដែល​មាន​ឫទ្ធិ មាន​ពន្លឺ​កាំ​រស្មី​ល្អ មាន​សន្ទុះ​លឿន​ទៅ​មុខ គិត​ធ្វើ​អ្វី​ឆាប់​បាន​សម្រេច​ដល់​គោលដៅ ការ​គិត​ប្រាថ្នា​ចង់​បាន​អ្វី​ពី​មុនៗ​មក​នឹង​ទទួល​បាន​លទ្ធផល​សម្រេច​នៅ​ឆ្នាំ​នេះ៖ «ពីព្រោះ​ឆ្នាំ​វា​លឿន ហើយ​ជា​ឆ្នាំ​ដែល​មាន​ម្ចាស់​ជិះ ម្ចាស់​ដែល​គេ​យក​រក្សា​ក្នុង​រឿង​អី​ទាំង​អស់​ហ្នឹង។ សេះ​ស​សម្រាប់​អ្នក​មាន​ឫទ្ធិ​ជិះ​ចេញ​ទៅ​រំលត់​ទុក្ខទោស​អ្វី​ទាំង​ឡាយ ឬ​យ៉ាង​ណា​នោះ អា​ហ្នឹង​បាន​សម្រេច​ភាគ​ច្រើន»

ចំណែក​ប្រជាពលរដ្ឋ​សាមញ្ញ អ្នក​រក​ស៊ី​ផ្សេងៗ​វិញ ក៏​មាន​ជំនឿ​ថា ឆ្នាំ​សេះ​នេះ​តំណាង​ឲ្យ​ការ​រក​ស៊ី ធ្វើ​ការងារ​ផ្សេងៗ​មាន​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ដោយ​រលូន។

យុវជន​ម្នាក់ ឈ្មោះ សៀន សុវណ្ណរិទ្ធិ ជា​អ្នក​លក់​គ្រឿង​ចម្លាក់​ឈើ​ប្រណិត​គ្រប់​ប្រភេទ ក្នុង​រាជធានី​ភ្នំពេញ។ លោក​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​អំឡុង​ពេល​ជិត​ចូល​ឆ្នាំ​ខ្មែរ ហាង​គាត់​បាន​លក់​ដាច់​រូប​គំនូរ និង​រូប​ចម្លាក់​សត្វ​សេះ​ធ្វើ​ពី​ឈើ​ច្រើន​ជាង​គេ។៖ «...អ្នក​ដែល​ទិញ​សត្វ​សេះ​ទៅ​ហ្នឹង ភាគ​ច្រើន​​គេ​មាន​ជំនឿ​ថា សត្វ​សេះ បោល​លឿន និង​កញ្ជ្រោល​ខ្លាំង​ជាង​គេ​ក្នុង​ចំណោម​សត្វ​ទាំង​អស់​ហ្នឹង អ៊ីចឹង​កាលណា​ទិញ​សត្វ​សេះ​យក​ទៅ​ប្រើ​ដាក់​នៅ​ក្នុង​ផ្ទះ ឬ​កន្លែង​អាជីវកម្ម​ផ្សេងៗ ធ្វើ​ឲ្យ​គេ​ហ្នឹង​រក​ស៊ី​មាន​បាន ហើយ​រីក​ចម្រើន​លឿន​ទៅ​មុខ​ដូច​សេះ​រត់​អ៊ីចឹង»

ដោយសារ​សេះ​ជា​តំណាង​ឲ្យ​សត្វ​មិន​សូវ​បាន​នៅ​ស្ងៀម​មួយ​កន្លែង​ដូច​សត្វ​ដទៃ​នោះ គឺ​គេ​និយម​ឆ្លាក់​ឈើ​ធ្វើ​រូប​សេះ​កញ្ជ្រោល​ស្រែក​លើក​ជើង​មុខ​ឡើង​លើ និង​រូប​សេះ​រត់​ផាយ​លឿន​ទៅ​មុខ។

សុវណ្ណរិទ្ធិ បាន​ឲ្យ​ដឹង​ទៀត​ថា សេះ​ដែល​លក់​ដាច់​ជាង​គេ គឺ​រូប​សេះ​ទោល និង​សេះ ៨ ទៅ​តាម​ជំនឿ​របស់​ជនជាតិ​ចិន៖ «តាម​ពិត​ទៅ​ជំនឿ​ទៅ​លើ​ជន​ជាតិ​ចិន គេ​គិត​ថា សេះ​គេ​ឆ្លាក់ ៨ ហើយ​បើ​ត្រី គឺ​គេ​ឆ្លាក់ ៩ ហើយ​បើ​សេះ​គេ​ដាក់​បែរ​ចូល​ក្នុង គឺ​បាន​ន័យ​ថា វា​រត់​ចូល​ក្នុង​វា​នាំ​លាភ​សំណាង​ចូល​ក្នុង​ផ្ទះ​របស់​យើង»

ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ គុយ ថាវ រស់​នៅ​ក្រុង​ភ្នំពេញ ក៏​បាន​បង្ហាញ​ជំនឿ​របស់​ខ្លួន​ចំពោះ​ឆ្នាំ​សេះ ឬ​សត្វ​សេះ​ស្រដៀង​គ្នា​នេះ​ដែរ៖ «ខ្ញុំ​មាន​ជំនឿ​ដែរ​រឿង​សត្វ​សេះ ដូច​ថា​ដាក់​ក្នុង​ផ្ទះ​ទៅ​មាន​ហុងស៊ុយ យើង​រក​ស៊ី​មាន​បាន​លឿន​ដូច​សត្វ​សេះ ដូច​ថា វា​រត់​ឲ្យ​លឿន​ដូច​សេះ​ទៅ​មុខ​ឲ្យ​កាន់​តែ​មាន​ថែម​ទៀត...»

ទាក់ទង​ជុំវិញ​ជំនឿ​លើ​សត្វ​សេះ​នេះ​ដែរ សៀវភៅ​ហោរាសាស្រ្ត និង​ហុងស៊ុយ សម្រាប់​ឆ្នាំ​មមី ២០១៤ ដែល​រៀបចំ​ដោយ​អ្នក​និពន្ធ តាន់ សូដានី នៅ​ផ្នែក​ខ្លះ​ក៏​បាន​បង្ហាញ​ដែរ​ថា ភាព​ឡូយ​សង្ហា ភាព​រហ័សរហួន សម្រែក​ហោរ​កញ្ជ្រៀវ​ប្រកប​ដោយ​ថាមពល​របស់​សេះ​អាច​បង្ក​ជា​កម្លាំង បង្កើន​ក្ដី​រំភើប សន្ទុះ​ចិត្ត​ក្លៀវក្លា​ដល់​មនុស្ស​ជា​ច្រើន។ សត្វ​សេះ​តំណាង​ឲ្យ​ភាព​ក្លាហាន​រស់​រវើក​ប្រកប​ដោយ​ថាមពល។ ដើម្បី​សេរីភាព​និង​ការ​សម្រេច​បំណង សេះ​នឹង​បំបោល​ខ្លួន​ដោយ​គ្មាន​ខ្លាច​រអែង​ដល់​ទី​បំផុត​ឡើយ។

សៀវភៅ​ដដែល​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា ឆ្នាំ​មមី ២០១៤ នេះ នឹង​ពាំនាំ​មក​ទាំង​រឿងរ៉ាវ​វិជ្ជមាន និង​អវិជ្ជមាន​កើត​ឡើង​ព្រម​គ្នា ហើយ​ក៏​អាច​ជា​ឆ្នាំ​ដែល​មនុស្ស​មាន​ភាព​ត្រេកត្រអាល​កើន​ឡើង​ខ្ពស់​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ ខ្ញុំបាទ សេក បណ្ឌិត សូម​ប្រសិទ្ធពរ​ជ័យ សេរី​មង្គល វិបុលសុខ​គ្រប់​ប្រការ​ចូល​កើត​មាន​ដល់​លោក​អ្នក​នាង​កញ្ញា អ្នក​ស្ដាប់​​ទាំង​អស់​នៅ​គ្រប់​ទិសទី ព្រម​ទាំង​ក្រុម​គ្រួសារ អោយ​ទទួល​បាន​នូវ​សុខភាព​ល្អ និង​សេចក្ដី​សុខ​ក្សេមក្សាន្ត​ក្នុង​ឆ្នាំ​ថ្មី​នេះ​កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។