គណៈរដ្ឋមន្ត្រី​សម្រេច​លើ​សេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដីពី​ការ​កំណត់​សារធាតុ​គីមី

ប្រទេស​កម្ពុជា បង្ហាញ​ជំហរ​របស់​ខ្លួន​លើ​ការ​កំណត់​អំពី​ការ​ប្រើប្រាស់​សារធាតុ​គីមី​នុយក្លេអ៊ែរ (Nuclear) ដែល​ទាក់​ទង​ទៅ​នឹង​ការ​ផលិត​អាវុធ។

0:00 / 0:00

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១១ អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ប្រកាស​ឱ្យ​ដឹង​ថា គណៈរដ្ឋមន្ត្រី​បាន​សម្រេច​លើ​សេចក្ដី​ព្រាង​អនុក្រឹត្យ​មួយ​ស្ដីពី​ការ​កំណត់​សារធាតុ​គីមី ដែល​ទាក់ទង​ទៅ​នឹង​ការ​ផលិត​អាវុធ​គីមី អាវុធ​នុយក្លេអ៊ែរ អាវុធ​ជីវសាស្ត្រ និង​អាវុធ​វិទ្យុ​សកម្ម។

សេចក្ដី​ព្រាង​អនុក្រឹត្យ​នេះ គឺ​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី យោង​តាម​មាត្រា ៥៤ នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ចែង​ថា ត្រូវ​ហាម​ឃាត់​ដាច់ខាត​រាល់​ការ​ផលិត ការ​ប្រើប្រាស់ ការ​រក្សា​ទុក​អាវុធ​បរមាណូ អាវុធ​គីមី ឬ​អាវុធ​វេត្រាណូ និង​មាត្រា ៩ នៃ​ច្បាប់​ស្ដីពី​ការ​ហាមឃាត់​អាវុធ​គីមី អាវុធ​នុយក្លេអ៊ែរ អាវុធ​ជីវសាស្ត្រ និង​អាវុធ​វិទ្យុ​សកម្ម។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​បង្ហាញ​ថា អនុក្រឹត្យ​ដែល​បាន​ព្រាង​ឡើង គឺ​សម្រាប់​ជា​យន្តការ​ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ ការ​គ្រប់គ្រង ការ​ប្រមូល​ទិន្នន័យ​ស្ដីពី​តម្រូវការ​សារធាតុ​គីមី សម្រាប់​អនុវត្ត​សន្ធិសញ្ញា​អន្តរជាតិ អនុវត្ត​អនុសញ្ញា​គីមី និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋ​ភាគី​ដទៃ​ទៀត ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

សន្ធិសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ហាម​ប្រាម​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ត្រូវ​បាន​អនុម័ត​ដោយ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​១៩៩៦ ហើយ​បើក​ឱ្យ​រដ្ឋ​នានា​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី​២៤ ខែ​ឆ្នាំ​ដដែល។

ប្រទេស​កម្ពុជា បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ហាមឃាត់​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​១៩៩៦ ហើយ​ផ្តល់​សច្ចានុម័ត នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០០០ ដែល​មាន​កាតព្វកិច្ច​ជា​មូលដ្ឋាន ហាមឃាត់​រាល់​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​គ្រប់​ប្រភេទ។

ក្រៅ​ពី​ប្រទេស​លាវ ប្រទេស​កម្ពុជា ជា​ប្រទេស​ទី​ពីរ​ដែល​បាន​ផ្ដល់​សច្ចានុម័ត​លើ​សន្ធិសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ហាមប្រាម​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក​ហត្ថលេខី​ចំនួន ៦៧​ប្រទេស។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​កម្ពុជា កាល​ពី​ឆ្នាំ​២០១០ បាន​ចាប់​ផ្ដើម​សិក្សា​លើ​បច្ចេកវិទ្យា​ផលិត​ឋាមពល​អគ្គិសនី​នុយក្លេអ៊ែរ ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​ខ្លួន។

រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល លោក អ៊ិត ប្រាង មិន​អាច​ទាក់​ទង​សុំ​សេចក្ដី​អធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ក៏​ប៉ុន្តែ​លោក​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​រ៉យធឺរ (Reuters) កាល​ពី​ខែ​សីហា ឆ្នាំ​២០១០ ថា ការ​ផលិត​ឋាមពល​អគ្គិសនី​នុយក្លេអ៊ែរ កម្ពុជា​អាច​មាន​លទ្ធភាព ដូច្នេះ​ហើយ​បាន​ជា​កម្ពុជា សិក្សា​រក​មើល​ថា តើ​មាន​ភាព​គ្រោះថ្នាក់​ប៉ុណ្ណា។

ការ​សិក្សា​អំពី​គម្រោង​ឋាមពល​អគ្គិសនី​នុយក្លេអ៊ែរ របស់​អ្នក​វិទ្យាសាស្ត្រ​កម្ពុជា គឺ​ចង់​ដើរ​ឱ្យ​ទាន់​ប្រទេស​ជិត​ខាង ដែល​គ្រោង​នឹង​កសាង​រោងចក្រ​នុយក្លេអ៊ែរ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ៕