ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ម៉ាឡេស៊ី​គំរាម​ចាប់​អ្នក​ផ្ដល់​បទ​សម្ភាសន៍

គ្រួសារ​ពលករ​ដែល​បាន​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​ពេល​កន្លង​ទៅ អំពី​ការ​លំបាក​នានា​ក្នុង​ពេល​បំពេញ​ការងារ​នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវ​បាន​បុគ្គលិក​ក្រុមហ៊ុន IIS មក​គំរាម​ថា នឹង​ឲ្យ​ប៉ូលិស​មក​ចាប់​គាត់ ប្រសិន​បើ​គាត់​មិន​ព្រម​ទៅ​ឆ្លើយ​បំភ្លឺ​ឲ្យ​ក្រុមហ៊ុន​ចំពោះ​ករណី​ផ្ដល់​បទ​សម្ភាសន៍​នោះ​ទេ។
ដោយ មណ្ឌលកែវ
2011.02.16
Share on WhatsApp
Share on WhatsApp

អ្នកស្រី ស៊ុម ស៊ីម ដែល​ត្រូវ​ជា​ម្ដាយ និង​ពលការិនី​ឈ្មោះ ព្រីង ម៉ៅ បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ​ថា ពួកគាត់​ត្រូវ​បាន​បុគ្គលិក​ក្រុមហ៊ុន​នាំ​ពលករ​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ឈ្មោះ​ក្រុមហ៊ុន​អាយ.អាយ.អេស (IIS) មក​គំរាម​ថា នឹង​ឲ្យ​ប៉ូលិស​មក​ចាប់​គាត់​ចំពោះ​ករណី​ដែល​គាត់​បាន​ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​ពេល​កន្លង​ទៅ ៖ «ក្រុមហ៊ុន​គេ​មក​ពីរ​នាក់ គេ​ចង់​ឲ្យ​ខ្ញុំ​ទៅ​បំភ្លឺ​ទៀត គេ​អត់​សុខ​ចិត្ត​ទេ។ គេ​ថា គេ​នឹង​យក​ប៉ូលិស​មក​អន្តរាគមន៍​យក​ខ្ញុំ​ទៅ​ឲ្យ​ទាល់តែ​បាន ២​នាក់​កូន​ខ្ញុំ»

កាល​ពី​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ពលការិនី​ឈ្មោះ ព្រីង ម៉ៅ អាយុ ២២​ឆ្នាំ មាន​ទី​លំនៅ​នៅ​ភូមិ​អណ្តូងច្រុះ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ដែល​បាន​ត្រឡប់​ពី​ប្រទេស​ម៉ាឡេស៊ី​វិញ បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន IIS ថា បាន​បង្ខំ​ឲ្យ​គាត់​បង់​ប្រាក់​ឲ្យ​ក្រុមហ៊ុន​ចំនួន ១​ពាន់​ដុល្លារ​ទើប​គេ​ព្រម​បញ្ជូន​គាត់​ឲ្យ​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ។ពលការិនី​រូប​នេះ​បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា នាង​បាន​ចេញ​ដំណើរ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី តាម​រយៈ​ក្រុមហ៊ុន IIS កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១០ បាន​រយៈ​ពេល ២០​ថ្ងៃ នាង​ក៏​ទទួល​រង​នូវ​ការ​ចាប់​រំលោភ​តែ​មិន​សម្រេច​ពី​បុរស​ចំណាស់​ម្នាក់ ដែល​ជា​ឪពុក​របស់​ម្ចាស់​ផ្ទះ​ដែល​នាង​នៅ​ធ្វើការ​បម្រើ។ ពលការិនី ព្រីង ម៉ៅ បន្ត​ថា ដោយ​ការ​ភ័យ​ខ្លាច និង​ព្រួយ​បារម្ភ​ពេក នាង​ក៏​ទាមទារ​ឲ្យ​គេ​បញ្ជូន​នាង​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ។

ករណី​នេះ​ក៏​ត្រូវ​បាន​លើក​ឡើង​ដែរ ក្នុង​វេទិកា​សាធារណៈ​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ខុមហ្វ្រែល កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា កន្លង​ទៅ នៅ​ឃុំ​រលាប្អៀរ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ឡើង​សម្ដែង​ពី​ក្ដី​កង្វល់​របស់​ពួកគាត់​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​នោះ។

បុគ្គលិក​ក្រុមហ៊ុន IIS ឈ្មោះ ភិរុណ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ដោយ​លោក​មាន​ប្រសាសន៍​ថា លោក​គ្រាន់តែ​បំពេញ​តួនាទី​ក្នុង​នាម​ជា​បុគ្គលិក​ក្រុមហ៊ុន​មក​ផ្ដល់​ព័ត៌មាន​ឲ្យ​អ្នកស្រី ស៊ុម ស៊ីម ទៅ​ជួប​ក្រុមហ៊ុន​ប៉ុណ្ណោះ លោក​ពុំ​បាន​ធ្វើការ​គំរាម​អ្វី​ដល់​គ្រួសារ​អ្នកស្រី ស៊ុម ស៊ីម នោះ​ទេ ៖ «អញ្ជើញ​គាត់​ឡើង​ទៅ​បក​ស្រាយ​នៅ​ក្រុមហ៊ុន ហើយ​បើ​គាត់​មិន​ទៅ​ទេ ជា​សិទ្ធិ​របស់​គាត់។ អ៊ីចឹង​ខ្ញុំ​នឹង​ផ្ដល់​តួនាទី​នេះ​ទៅ​ឲ្យ​ខាង​ជួញដូរ​ផ្លូវ​ភេទ​នៃ​ស្នងការ​ខេត្ត​កំពង់ឆ្នាំង ឲ្យ​គាត់​អញ្ជើញ​មក​ផ្ទាល់ ខ្ញុំ​អស់​តួនាទី​ត្រឹម​ហ្នឹង»

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​បង់​ប្រាក់​ហើយ ក្រុមហ៊ុន​បាន​បង្ខំ​ឲ្យ​អ្នកស្រី ព្រម​ទាំង​ពលការិនី ព្រីង ម៉ៅ ឲ្យ​ធ្វើ​កិច្ចសន្យា​ដោយ​ផ្ដិត​មេដៃ​ថា មិន​ធ្វើ​ការ​ប្ដឹងផ្ដល់ ឬ​និយាយ​បញ្ហា​នេះ​ប្រាប់​នរណា​ទាំង​អស់ បើ​មិន​ដូច្នោះ​ទេ គឺ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ហើយ​កិច្ចសន្យា​នេះ​មាន​មេធាវី​របស់​ក្រុមហ៊ុន​ចុះ​ហត្ថលេខា និង​បោះត្រា​ដឹង​ឮ​ទៀត​ផង។

នាយក​ប្រតិបត្តិ​អង្គការ​ខារ៉ាម កម្ពុជា (CARAM Cambodia) លោក យ៉ា ណាវុធ មាន​ប្រសាសន៍​ថា កិច្ចសន្យា​មិន​ឲ្យ​ប្ដឹងផ្ដល់​តាម​ផ្លូវ​ច្បាប់ និង​មិន​ឲ្យ​និយាយ​រឿង​នេះ​ប្រាប់​អ្នក​ដទៃ គឺ​ជា​កិច្ចសន្យា​មិន​ស្រប​ច្បាប់ និង​ជា​ការ​បង្ខិតបង្ខំ ៖ «កិច្ចសន្យា​បែប​នេះ​គឺ​ខុស​ច្បាប់​ទាំង​ស្រុង​ហើយ។ ធ្វើ​អ៊ីចឹង​គឺ​បំបិទ​សិទ្ធិ​សេរីភាព​គេ​ហើយ។ កិច្ច​សន្យា​បែប​នេះ​គេ​អាច​ប្ដឹង​សុំ​មោឃភាព​បាន។ កិច្ច​សន្យា​បែប​នេះ តុលាការ​ក៏​មិន​អនុវត្ត​ដែរ វា​គ្មាន​សុពលភាព​ផ្លូវ​ច្បាប់​ទេ»

ប្រធាន​អង្គការ​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា ការ​ធ្វើ​កិច្ចសន្យា​បែប​នេះ គឺ​ខុស​ច្បាប់​ទាំង​ស្រុង។ លោក​ថា អ្នក​រង​ការ​រំលោភ​បំពាន​ត្រូវ​តែ​មាន​សិទ្ធិ​ក្នុង​ការ​ប្ដឹងផ្ដល់ និង​បញ្ចេញ​មតិ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។