មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា ស្ថានភាពបក្សពួកនិយមក្នុងស្ថាប័នរដ្ឋមិនមានការប្រែប្រួលឡើយក្នុងរយៈពេលជាងមួយឆ្នាំបន្ទាប់ពីការប្រកាសកែទម្រង់ស៊ីជម្រៅមកនេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសកែទម្រង់ស៊ីជម្រៅតាំងពីខែកញ្ញា ឆ្នាំ២០១៣ ដោយសន្យាថា នឹងបោសសំអាតអំពើបក្សពួកនិយមក្នុងស្ថាប័នរដ្ឋ។ លោកថែមទាំងគំរាមដកតំណែងរដ្ឋមន្ត្រីណាដែលយកក្រសួងស្ថាប័នរដ្ឋជាទ្រព្យសម្បត្តិគ្រួសាររបស់ខ្លួនទៀតផង។
នៅអាណត្តិទី៥នេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដើមកែទម្រង់ដោយប្ដូររដ្ឋមន្ត្រីចាស់មួយចំនួនជំនួសវិញដោយអ្នកថ្មី និងជំរុញឲ្យមានវេទិកាសាធារណៈក្នុងស្ថាប័នរដ្ឋ ដើម្បីរកឲ្យឃើញពីតម្រូវការរបស់មន្ត្រីរាជការតូចតាច។ កាលណោះ លោក ហ៊ុន សែន ថែមទាំងជំរុញឲ្យមន្ត្រីក្រោមឱវាទហ៊ានរិះគន់មេៗរបស់ខ្លួនទៀតផង។ ប៉ុន្តែរយៈពេលជាង ១ឆ្នាំមកនេះ វេទិកាសាធារណៈក្នុងស្ថាប័នរដ្ឋនោះមិនសូវឃើញមានឡើយ រីឯអំពើបក្សពួកនិយមក្នុងស្ថាប័នរដ្ឋក៏មិនប្រែប្រួលដែរ។ មន្ត្រីសង្គមស៊ីវិលរិះគន់ថា រាជរដ្ឋាភិបាលអសមត្ថភាពក្នុងការកាត់បន្ថយអំពើបក្សពួកនិយមក្នុងស្ថាប័នរដ្ឋ។
នាយកប្រតិបត្តិអង្គការវេទិកាអនាគត លោក អ៊ូ វីរៈ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានបរាជ័យរួចទៅហើយក្នុងការកាត់បន្ថយវប្បធម៌បក្សពួកនិយមក្នុងស្ថាប័នរដ្ឋ។ លោកបន្ថែមថា ស្ទើរគ្រប់ក្រសួងស្ថាប័នទាំងអស់ អ្នកមានសែ មានបក្សពួក សុទ្ធតែអាចធ្វើការបានស្រួល រកលុយបានស្រួល ចំណែកមន្ត្រីដែលមិនមានសែវិញ តែងតែរងការគាបសង្កត់។ លោកបញ្ជាក់ថា វប្បធម៌បក្សពួកនិយមនេះហើយដែលធ្វើឲ្យពលរដ្ឋបាត់បង់ជំនឿចិត្តលើមន្ត្រីរាជរដ្ឋាភិបាល។
កាលពីចុងឆ្នាំ២០១៤ អនុប្រធានគណៈកម្មការធនាគារ ហិរញ្ញវត្ថុ និងសវនកម្មរដ្ឋសភា លោក សុន ឆ័យ បានបញ្ចេញឯកសារមួយបង្ហាញថា ក្រុមគ្រួសារអគ្គលេខាធិការរងរដ្ឋសភា លោក មិត្ត ការ៉េន ជាអ្នកក្ដោបក្ដាប់សិទ្ធិអំណាចផ្នែកចាត់តាំងបុគ្គលិក ផ្នែកកាន់លុយ និងត្រួតពិនិត្យក្នុងរដ្ឋសភាទាំងមូល។
លោក មិត្ត ការ៉េន ជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា ធ្លាប់កាន់ការជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុរដ្ឋសភាអស់រយៈពេលប្រមាណ ១០ឆ្នាំមកហើយ។ រយៈពេលដែលលោកកាន់ការជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុរដ្ឋសភា លោកបានតែងតាំងកូនប្រសាជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ មានកូនស្រីជាអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ កូនប្រុសបង្កើតជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ឬនាយកដ្ឋានត្រួតពិនិត្យ តែងតាំងក្មួយស្រីបង្កើតជាប្រធានការិយាល័យសវនកម្ម មានប្អូនថ្លៃជាប្រធាននាយកដ្ឋានបុគ្គលិក និងមានកូនប្រសាជាអនុប្រធានការិយាល័យកាន់ប្រាក់បៀវត្សតំណាងរាស្ត្រ។ សំណុំរឿងបក្សពួកនិយមនិងពុករលួយក្នុងស្ថាប័នរដ្ឋសភានេះ កំពុងស្ថិតក្នុងដៃអង្គភាពប្រឆាំងអំពើពុករលួយនៅឡើយ។
នៅដើមខែកុម្ភៈនេះ វិទ្យុអាស៊ីសេរីបានទទួលសារអេឡិចត្រូនិក ឬអ៊ីម៉េល (E-mail) មួយពីសាស្ត្រាចារ្យនៅសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលរៀបរាប់ពីបក្សពួកនិយមនៅទីនោះ។ សារនោះរៀបរាប់ថា សកលវិទ្យាធិការសាកលវិទ្យាល័យ លោកវេជ្ជបណ្ឌិត សាផុន វឌ្ឍនៈ ជាកូនធម៌របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង និងជាមនុស្សស្និទ្ធនឹងកូនប្រសារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ វេជ្ជបណ្ឌិត សាផុន វឌ្ឍនៈ បានចូលធ្វើការនៅសាកលវិទ្យាល័យនៅឆ្នាំ២០១២ មានតួនាទីជាសកលវិទ្យាធិការរង ហើយបន្តឡើងតំណែងជាសកលវិទ្យាធិការនៅឆ្នាំ២០១៣។
សារនោះបន្ថែមថា ក្រោយពីកាន់តំណែងជាសកលវិទ្យាធិការរួចមក លោកក៏បានយកមិត្តភក្តិមួយចំនួនកាន់ការជាប្រធានការិយាល័យស្ទើរគ្រប់ផ្នែកទាំងអស់រួមមានតែងតាំងកូនប្រុស លោក ម៉ម ប៊ុនហេង គឺលោក ម៉ម សុជាតិ ឲ្យធ្វើជាព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យតែងតាំងលោក ម៉ម សុវត្ថា ឲ្យធ្វើជាទីប្រឹក្សាគ្រប់គ្រងផ្នែកបច្ចេកវិទ្យាព័ត៌មាន និងមានប្រធាន អនុប្រធានការិយាល័យជាច្រើនទៀត។
ទន្ទឹមនឹងនេះ វិទ្យុអាស៊ីសេរី ក៏បានទទួលលិខិតមួយច្បាប់ពីមន្ត្រីក្រសួងការពារជាតិដែលនិយាយពីបក្សពួកនិយមមិនណយទេ។ លិខិតនោះរៀបរាប់ពីអំពើបក្សពួកនិយមក្នុងនាយកដ្ឋានប្រេងឥន្ធនៈនៃក្រសួងការពារជាតិ។ លិខិតបន្តថា នាយកដ្ឋានប្រេងឥន្ធនៈចាយវាយប្រេងខ្ជះខ្ជាយបើកចែកឲ្យតែបក្សពួក និងសាច់ញាតិរបស់ខ្លួន ពេលខ្លះបន្លំវិក្កយបត្រសាំងទៀតផង។ ក្រៅពីនោះការតែងតាំងតួនាទីមន្ត្រីនៅនាយកដ្ឋានប្រេងឥន្ធនៈ ក៏ស្ថិតក្នុងភាពមិនប្រក្រតីដែរ។ លិខិតសរសេរថា នាយកនាយកដ្ឋានប្រេងឥន្ធនៈ លោកឧត្ដមសេនីយ៍ឯក សោម សុធា មានប្អូនប្រុសបង្កើត គឺលោកឧត្ដមសេនីយ៍ត្រី សោម សុធី ជានាយករងនាយកដ្ឋានប្រេងឥន្ធនៈ។ លោក សោម សុធា មានកូនប្រុសម្នាក់ពាក់សក្ដិ៤ម្នាក់ ពាក់សក្ដិ៥ និងក្មួយប្រុស ៤នាក់ទៀតក៏ពាក់សក្ដិ៥ដែរ។ លើសពីនោះ ប្រធានការិយាល័យទាំង៦ នៃនាយកដ្ឋានប្រេងឥន្ធនៈសុទ្ធតែមានសាច់ញាតិបង្កើតកាន់តួនាទីក្នុងការិយាល័យនីមួយៗទាំងអស់។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីអ្នកនាំពាក្យក្រសួងសុខាភិបាល និងក្រសួងការពារជាតិបានទេនៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៥។ ទោះជាបែបណាក្តី នៅកម្ពុជាមិនមានច្បាប់កំណត់មិនឲ្យសាច់ញាតិធ្វើការក្នុងស្ថាប័នរដ្ឋជាមួយគ្នាឡើយ។ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា វប្បធម៌តែងតាំងសាច់ញាតិសែស្រឡាយឲ្យមានការងារធ្វើក្នុងស្ថាប័នរដ្ឋនោះ ជាវប្បធម៌ដែលប្រទេសក្នុងតំបន់អាស៊ីនិយមប្រើ ប៉ុន្តែប្រការនេះមិនល្អប៉ុន្មានឡើយ។ លោកយល់ថា ប្រទេសកម្ពុជា កំពុងរៀបចំប្រព័ន្ធមួយដែលទាមទារឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន។
ចំណែកឯអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី លើកឡើងថា ប្រទេសកម្ពុជា មិនអាចលុបបំបាត់វប្បធម៌បក្សពួកនិយមក្នុងស្ថាប័នរដ្ឋបានឡើយដ៏រាបណាអ្នកនយោបាយមិនចាប់ផ្ដើមរៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈឲ្យបានល្អនោះ។ លោកបន្ថែមថា អំពើបក្សពួកនិយម ពុករលួយ ជាឫសគល់ចម្បងនាំឲ្យកើតមានអយុត្តិធម៌សង្គម និងភាពក្រីក្រនៅកម្ពុជា។
ក្រៅពីស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយនៅកម្ពុជា ក៏មិនញញើតនឹងតែងតាំងសាច់ញាតិរបស់ខ្លួនឲ្យកាន់តំណែងធំៗក្នុងស្ថាប័នដែលខ្លួនគ្រប់គ្រងនោះដែរ។ កូនៗរបស់មន្ត្រីធំៗគណបក្សកាន់អំណាចកាន់ការជាសមាជិកគណៈកម្មការកណ្ដាលបក្ស កូនលោក ហ៊ុន សែន ជានាយទាហានជាន់ខ្ពស់ ជាតំណាងរាស្ត្រ កូនស្រីលោក កឹម សុខា កាន់ការជាសមាជិកគណៈកម្មការនាយកគណបក្ស។ មិនតែប៉ុណ្ណោះ អង្គការសង្គមស៊ីវិលខ្លះ ឪពុកជាប្រធានអង្គការ កូនជានាយករដ្ឋបាល កូនប្រសាជានាយកហិរញ្ញវត្ថុ ហើយអង្គការខ្លះទៀតប្តីធ្វើប្រធានប្រពន្ធកាន់លុយ ឬម្ដាយធ្វើប្រធាន កូនជានាយកប្រតិបត្តិផងក៏មាន។
អង្គការតម្លាភាពអន្តរជាតិរកឃើញថា ប្រទេសកម្ពុជា ជាប្រទេសដែលមានអំពើពុករលួយខ្លាំងជាងគេនៅតំបន់អាស៊ានក្នុងឆ្នាំ២០១៤។ កម្ពុជាមានប្រជាជនជិត ២០% ឬជិត ៣លាននាក់ រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ហើយប្រជាជនរាប់លាននាក់ផ្សេងទៀតកំពុងរស់នៅកៀកបន្ទាត់ក្រីក្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។