អនុប្រធានទី១រដ្ឋសភា ត្រៀមបញ្ជូនមន្ត្រីគណៈកម្មការជំនាញរដ្ឋសភាឲ្យចុះស៊ើបអង្កេតចំពោះភាពមិនប្រក្រតី ឬអំពើពុករលួយនៃការបង់ពន្ធទៅលើតម្លៃចូលចតកប៉ាល់ទេសចរណ៍ ឬដឹកទំនិញផ្សេងៗ នៅកំពង់ផែស្វយ័ត និងសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ជាបន្តទៀត។
ការត្រៀមចុះអង្កេតនេះបន្ទាប់ពីសមាជិកគណៈកម្មការទី១០ រដ្ឋសភា បានបញ្ចប់សកម្មភាពចុះពិនិត្យ និងស្ដាប់របាយការណ៍អំពីលទ្ធផលគ្រប់គ្រង និងប្រមូលពន្ធនៅសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីចុងខែមករា ឆ្នាំ២០១៥ ហើយបានរកឃើញភាពមិនប្រក្រតីមួយចំនួន។
លោក កឹម សុខា អនុប្រធានទី១រដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ការត្រៀមបញ្ជូនសមាជិកគណៈកម្មការជំនាញរដ្ឋសភារួមមាន គណៈកម្មការសាធារណការដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឬហៅថា គណៈកម្មការទី៩ នៃរដ្ឋសភា និងគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា ឬហៅថា គណៈកម្មការទី១០ ដើម្បីឲ្យអ្នកទទួលខុសត្រូវស្ថាប័នដឹកជញ្ជូនខេត្តនេះ ឆ្លើយបំភ្លឺលើបញ្ហាមួយចំនួន។
លោកបន្តថា បញ្ហាមិនប្រក្រតីមួយចំនួននោះ មានដូចជា តារាងតម្លៃនៃការចេញ ឬចូលចតកប៉ាល់ទេសចរណ៍ និងកប៉ាល់ដឹកទំនិញជាដើម នៅតាមកំពង់ផែស្វយ័ត ឬកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ពេលកន្លងទៅ៖ «ខ្ញុំបានស្នើទៅគណៈកម្មការក្នុងរដ្ឋសភា មានគណៈកម្មការទី៩ ជាដើម ប៉ុន្តែដោយគណៈកម្មការទី៩ ដែលធ្វើការងារពាក់ព័ន្ធកំពង់ផែ ឬទូរគមនាគមន៍ មានប្រធានដឹកនាំមិនមែនមកពីគណបក្សសង្គ្រោះជាតិ ទើបមានការយឺតយ៉ាវ។ ប៉ុន្តែទោះយ៉ាងណាអនុប្រធានគណៈកម្មការទី៩ ជាសមាសភាពមកពីបក្សសង្គ្រោះជាតិ នឹងបន្តជំរុញរកឲ្យឃើញភាពមិនប្រក្រតីនៅកំពង់ផែស្វយ័ត ឬកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ ជាបន្តទៀត។ យើងនៅតែជំរុញឲ្យគណៈកម្មការទី៩ និងគណៈកម្មការផ្សេងទៀត ចុះស៊ើបអង្កេតរកឲ្យឃើញបញ្ហាមិនប្រក្រតីដែលលេចឮស្អុយអសោចពេញកំពង់ផែខេត្តព្រះសីហនុ នៅពេលកន្លងទៅ»។
ទោះជាបែបនេះក្តី លោក កឹម សុខា មិនទាន់បញ្ជាក់កាលបរិច្ឆេទដែលមន្ត្រីគណៈកម្មការជំនាញរដ្ឋសភា នឹងចុះពិនិត្យ ឬសាកសួរព័ត៌មាននេះពេលណាឲ្យពិតប្រាកដទេ ប៉ុន្តែអះអាងថា មន្ត្រីជំនាញកំពុងពិនិត្យពាក្យបណ្ដឹង ឬឯកសារផ្សេងៗ នៅក្នុងស្ថាប័នដឹកជញ្ជូនខេត្តព្រះសីហនុ ជាមុនសិន។
បញ្ហានេះដែរ សម្រាប់មន្ត្រីរាជការ ឬមន្ត្រីមានតួនាទីថ្នាក់ទាប កំពុងបម្រើការងារក្នុងស្ថាប័នដឹកជញ្ជូន កំពង់ផែស្វយ័ត និងសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ក៏បានទទូចដល់ក្រសួង ឬគណៈកម្មការជំនាញរដ្ឋសភា ចុះស៊ើបអង្កេតអំពីតារាងតម្លៃនៃការបង់ពន្ធថ្លៃចេញ ឬចូលចតកប៉ាល់ទេសចរណ៍ និងកប៉ាល់ដឹកទំនិញឆ្លងកាត់កំពង់ផែនេះឲ្យបានត្រឹមត្រូវ និងជៀសវាងវាយតម្លៃទៅតាមរបាយការណ៍ទទួលបានពីថ្នាក់ដឹកនាំកំពង់ផែអន្តរជាតិ ឬសាខាគយ ខេត្តព្រះសីហនុ ផ្ដល់ជូន។
ឆ្លើយតបបញ្ហានេះ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានសាទរការចុះស៊ើបអង្កេតជាថ្មីរបស់ប្រតិភូគណៈកម្មការជំនាញរដ្ឋសភានាថ្ងៃអនាគត។ លោកបន្តថា ស្ថាប័នលោករង់ចាំបកស្រាយរាល់ចម្ងល់ ឬភាពមិនប្រក្រតីផ្សេងៗ ពិសេសទាក់ទងទៅនឹងតម្លៃនៃការចូលចតកប៉ាល់ទេសចរណ៍ ឬកប៉ាល់ដឹកទំនិញផ្សេងៗតាមកំពង់ផែខេត្តព្រះសីហនុ ព្រោះមានបញ្ជីស្នាមបង់ពន្ធ ឬរបាយការណ៍ត្រឹមត្រូវ៖ «ជាទូទៅកប៉ាល់ចូលចតម្ដងនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺគេគិតចូលចតម្ដង សម្រាប់រយៈពេល ៥ថ្ងៃ ហើយបើកកប៉ាល់ទាំងនោះចូលចតតិចជាង ៥ថ្ងៃ ក៏គិតថា ចូលចតម្ដងដែរ។ ប៉ុន្តែបើចូលចតលើសពី ៥ថ្ងៃ គឺគេគិតថ្លៃចតប្រចាំថ្ងៃនីមួយៗតាមហ្នឹងទៀត។ កន្លងមកកប៉ាល់ទេសចរណ៍បានចូលចតតិចជាង ២៤ម៉ោង ឬមានរយៈពេលត្រឹម ១៥ម៉ោងទេ រួចក៏ចាកចេញវិញទៅ។ ចំណែកកប៉ាល់ដឹកកុងទឺន័រវិញ គិតជាមធ្យម ២៤ម៉ោងក្នុងការចូលចត។ ប៉ុន្តែបើកកប៉ាល់ដឹកទំនិញទូទៅ គឺចូលចតចន្លោះពី ៣ ទៅលើស ៥ថ្ងៃ»។
យ៉ាងណាក៏ដោយ លោក លូ គឹមឈន់ ដែលកាន់តួនាទីដឹកនាំកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដុះស្លែយូរឆ្នាំ មិនបានបង្ហាញតារាងតម្លៃនៃការចូលចតកប៉ាល់ទេសចរណ៍ ឬទំនិញឆ្លងកាត់កំពង់ផែនេះក្នុងមួយជើងៗ ឬគិតជាតោន មានតម្លៃប៉ុន្មានទេ ព្រោះលោកមិនបានចងចាំ៖ «យើងគិតតាមទម្ងន់ ឬទំហំកប៉ាល់ដែលចូលចត ព្រមទាំងចំនួនភ្ញៀវទេសចរនៅលើកប៉ាល់នីមួយៗ។ ប៉ុន្តែដើម្បីលើកទឹកចិត្តដល់កប៉ាល់ទេសចរណ៍ ឬកប៉ាល់ដឹកកុងទឺន័រ និងដឹកទំនិញផ្សេងៗ ដែលមិនសូវមានភ្ញៀវតិច ឬកប៉ាល់ផ្ទុកបានទំនិញ ឬចំនួនកុងទឺន័រតិច ហើយត្រូវបង់ជូនកំពង់ផែមានតម្លៃខ្ពស់ ឬថ្លៃពេក ខាងកំពង់ផែក៏មានតម្លៃយោគយល់ សម្រាប់ផ្តល់ជូនអតិថិជនជាម្ចាស់កប៉ាល់ដឹកកុងទឺន័រ ឬក៏កប៉ាល់ទេសចរណ៍ សម្រាប់ភ្ញៀវម្នាក់ៗ បន្ថយតម្លៃទៅតាមហ្នឹងដែរ»។
ទោះយ៉ាងណា តាមរបាយការណ៍របស់ការិយាល័យស្ថិតិ និងទំនាក់ទំនងនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្នាំ២០១៤ បានបង្ហាញថា បរិមាណនាំទំនិញឆ្លងកាត់កំពង់ផែស្វយ័តនេះ គិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០១៤ គឺមានដំណើរការល្អ ហើយកំពង់ផែនេះ បានផ្ដល់សេវាកម្មជូនអតិថិជនបានឆាប់ ទោះមានសកម្មភាពទំនិញឆ្លងកាត់ច្រើនបែបណាក្តី។
ស្ថិតិក៏បានបង្ហាញថា លទ្ធផលទទួលបានក្នុងឆ្នាំ២០១៤ ចំពោះបរិមាណទំនិញឆ្លងកាត់ គឺបានកើនជិត ១៤% លើសផែនការប្រចាំឆ្នាំប្រមាណ ៦%។ របាយការណ៍ដដែលបានបញ្ជាក់ថា ឆ្នាំ២០១៤ បរិមាណទំនិញឆ្លងកាត់មានចំនួនជិត ៣លាន ៥សែនតោន (៣.៤២៣.៩១៩) ហើយបើប្រៀបធៀបឆ្នាំ២០១៣ មានចំនួនជាង ៣លាន ១ម៉ឺនតោន (៣.០១២.២១៧) គឺកើនជិត ១៤ភាគរយ (១៣,៦៧%)។ ក្នុងនោះនាវាចូលចតកើនជិត ១២ភាគរយ (១១,៦៤%) បើប្រៀបធៀបឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ ៕