ពលរដ្ឋ​នៅ​ពោធិ៍សាត់​បារម្ភ​ពី​ការ​ខូចខាត​ស្រូវ​ដោយសារ​អត់​ទឹក

ប្រជាកសិករ​រាប់​រយ​គ្រួសារ​នៅ​ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ថ្លែង​ថា ស្រូវ​ប្រាំង​របស់​ពួកគាត់​រាប់​រយ​ហិកតារ​កំពុង​រង​ការ​ខូចខាត​ដោយសារ​គ្មាន​ទឹក​ស្រោចស្រព។

ស្រូវ​ប្រាំង​ប្រមាណ ៤០% ក្នុង​ចំណោម​ស្រូវ​ប្រាំង​ជាង​មួយ​ពាន់​ហិកតារ​បាន​រង​ការ​ខូចខាត ៦០% ទៀត​កំពុង​រង់ចាំ​ការ​ជួយ​សង្គ្រោះ​បន្ទាន់។

តំណាង​ប្រជាពលរដ្ឋ​ភូមិ​និគមលើ ឃុំ​ស្វាយដូនកែវ គឺ​លោក ឃុន មុនី ថ្លែង​ថា ស្រូវ​របស់​អ្នក​ភូមិ​ដែល​កំពុង​ផើម​រាប់​រយ​ហិកតារ បាន​ប្រែ​ជា​ពណ៌​លឿង និង​ខ្លះ​ទៀត​ឡើង​ក្រៀម​ខ្លោច​តែម្ដង។

លោក ឃុន មុនី បន្ត​ថា ប្រសិន​បើ​ក្នុង​រយៈ​ពេល ៣ ឬ ៤​ថ្ងៃ​ទៀត​ពុំ​មាន​ទឹក​ទេ​នោះ ស្រូវ​អ្នក​ភូមិ​នឹង​ខូចខាត​ទាំង​អស់​ជា​មិន​ខាន ៖ «អ៊ីចឹង​ខ្ញុំ​ចង់​ឲ្យ​អាស៊ីសេរី​ហ្នឹង​ជួយ​ផ្ដល់​ព័ត៌មាន​នេះ​ទៅ​ថ្នាក់​ដឹក​នាំ​ធំៗ​ឲ្យ​គាត់​ជួយ​អន្តរាគមន៍​ផង ជួយ​សង្គ្រោះ​ឃុំ​ស្វាយដូនកែវ​ផង ងាប់​អស់​ហើយ​ស្រូវ​ប្រាំង​ប្រហែល ១.៤០០​ហិកតារ​ក្នុង​ឃុំ»

មេ​ភូមិ​ស្វាយដូនកែវ​ទី​១ លោក សិទ្ធ ធា មាន​ប្រសាសន៍​ថា ៥០% នៃ​ស្រែ​ប្រាំង​ក្នុង​ចំណោម​ដី​ស្រែ​ប្រាំង​ចំនួន ៩៧​ហិកតារ​របស់​ភូមិ​ស្វាយដូនកែវ​ទី​១ កំពុង​រង​ការ​ខូចខាត​ដោយសារ​កង្វះ​ទឹក​ស្រោចស្រព។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ដោយ​សំអាង​ថា មាន​ប្រព័ន្ធ​ធារាសាស្ត្រ បាន​នាំ​គ្នា​សម្រុក​ធ្វើ​ស្រែ​ប្រាំង ដោយ​ភាគ​ច្រើន​បាន​ខ្ចី​បុល​លុយ​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នានា​ក្នុង​ខេត្ត​យក​មក​ទិញ​ពូជ ទិញ​ជី និង​ប្រេង​សាំង​ជា​ដើម ឥឡូវ​ជួប​គ្រោះ​ខ្វះ​ទឹក​នេះ​ធ្វើ​ឲ្យ​ប្រជាកសិករ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់។

លោក សិទ្ធ ធា ឲ្យ​ដឹង​ទៀត​ថា ៖ «គេ​ទប់​នៅ​ត្រឹម​អន្លង់​ស្វាយ​ហ្នឹង។គេ​យក​បាវ​ខ្សាច់​បិទ ហើយ​ទុក​ឲ្យ​វា​ហូរ​តាម​មាត់​ខាង​លើ​តិចៗ​ហ្នឹង ធ្វើ​ម៉េច​មាន​ទឹក​ធ្លាក់​មក​កើត។ ប្រជាជន​មក​ពេញ​ផ្ទះ​ខ្ញុំ​ឲ្យ​ជួយ​គាត់។ កំពុង​ជ្រួលច្របល់​ខ្លាំង​ណាស់ រីង​អស់​ហើយ​ទឹក សូម្បី​តែ​គោ​ក៏​គ្មាន​ទឹក​ផឹក​ផង»

អភិបាល​ស្រុក​បាកាន លោក សៅ ដារឿន មាន​ប្រសាសន៍​ថា គណៈ​អភិបាល​ស្រុក​បាន​ចាត់​ទុក​បញ្ហា​កង្វះ​ទឹក​ស្រោចស្រព​ស្រែ​ប្រាំង​ក្នុង​ឃុំ​ស្វាយដូនកែវ គឺ​ជា​បញ្ហា​អាទិភាព​ដែល​ត្រូវ​ដោះស្រាយ។ លោក​ពន្យល់​បញ្ហា​នេះ​ថា ដោយ​ឆ្នាំ​នេះ​ប្រជាពលរដ្ឋ​ក្នុង​ទូទាំង​ស្រុក​បាកាន បាន​នាំ​គ្នា​ធ្វើ​ស្រែ​ប្រាំង​លើស​ពី​ការ​គ្រោង​ទុក​របស់​មន្ទីរ​ជំនាញ​ដល់​ទៅ​ជាង ២.០០០​ហិកតារ ទើប​បណ្ដាល​ឲ្យ​មាន​ការ​ខ្វះ​ទឹក​នៅ​ឃុំ​ស្វាយដូនកែវ ដែល​ជា​ឃុំ​ស្ថិត​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក​ជាង​គេ​ក្នុង​ស្រុក​បាកាន​នេះ។

លោក សៅ ដារឿន មាន​ប្រសាសន៍​បន្ថែម ៖ «ឥឡូវ​លទ្ធភាព​ទឹក​មាន​ប៉ុន្មាន​គឺ​យើង​បង្ហូរ​ទៅ​ប៉ុណ្ណឹង។ តាម​ច្រក​ផ្សេង​យើង​បាន​បិទ​ទាំង​អស់។ នេះ​ជា​ការ​ពិត ដែល​យើង​មិន​មែន​គ្រាន់​តែ​និយាយ​នោះ​ទេ ដោយ​យើង​គិត​ថា ជួយ​គ្នា​ក្នុង​គ្រា​ក្រ ឬ​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន គឺ​សម្រុក​ទៅ​ស្វាយដូនកែវ​នេះ​ហើយ។ បើ​មាន​អ្នក​ថា អាជ្ញាធរ​មិន​មើល មិន​ជួយ​នោះ គឺ​មិន​ត្រឹមត្រូវ​ទេ»

លោក​អភិបាល​ស្រុក​បាន​ឲ្យ​ដឹង​ថា តាម​ការ​គ្រោង​ទុក​របស់​អាជ្ញាធរ ស្រុក​ស្ទឹងស្វាយដូនកែវ ដែល​ទទួល​ទឹក​ពី​ទំនប់​ធារាសាស្ត្រ​ដំណាក់​អំពិល​នា​រដូវ​ប្រាំង​នោះ អាច​ជួយ​ស្រោចស្រព​ដល់​ដី​ស្រែ​ប្រមាណ​ជាង ៤​ពាន់​ហិកតារ​ក្នុង​ឃុំ​ចំនួន​២ គឺ​ឃុំ​ស្វាយដូនកែវ និង​ឃុំ​អូរតាប៉ោង តាម​រយៈ​ប្រព័ន្ធ​ធារាសាស្ត្រ​កំប៉ាង នា​រដូវ​ប្រាំង តែ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ស្រែ​ប្រាំង​ដល់​ទៅ​ជាង ៦​ពាន់​ហិកតារ​ទើប​បណ្ដាល​ឲ្យ​បញ្ហា​កង្វះ​ទឹក​បាន​ចោទ​ឡើង​ដូច្នេះ៕