ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រេចផ្ដល់ប្រាក់កម្ចី៧០លានដុល្លារដល់កម្ពុជាដើម្បីពង្រឹងខ្សែសង្វាក់ផលិតផលកសិកម្ម និងសុវត្ថិភាពចំណីអាហារ។
សេចក្ដីប្រកាសព័ត៌មាន របស់ ADB កាលពីថ្ងៃទី២៦ វិច្ឆិកា បានឲ្យដឹងថា ប្រាក់កម្ចីនេះ សំដៅជួយពង្រឹងសមត្ថភាព កសិពាណិជ្ជកម្ម ក្នុងខេត្តចំនួន៦ នៃប្រទេសកម្ពុជា រួមមានខេត្តកំពង់ចាម កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប និង ត្បូងឃ្មុំ ដើម្បីឲ្យខេត្តគោលដៅទាំងនេះ មានសមត្ថភាព កែច្នៃផលិតផលកសិកម្មសំខាន់ៗដូចជាដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ និងមាន់ស្រែ។
សេចក្ដីប្រកាសព័ត៌មានដដែល បានដកស្រង់ ប្រសាសន៍ សេដ្ឋវិទូជាន់ខ្ពស់ ផ្នែកធនធានធម្មជាតិ និងកសិកម្ម លោក តាគេស៊ី យូដា (Takeshi Ueda) មកចុះផ្សាយដែរ ថា កសិកម្មអាចចូលរួមចំណែកដល់កំណើន និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា ប្រសិនបើសហគ្រាសកសិកម្មធុនតូច និងមធ្យម អាចបង្កើនសមត្ថភាពរបស់ពួកគេ ក្នុងការកែច្នៃផលិតផលកសិកម្ម ដែលមានតម្លៃខ្ពស់ ហើយដាក់លក់លើទីផ្សារក្នុង និងក្រៅប្រទេស ។ លោកបន្ថែមថា ការវិនិយោគឯកជនលើវិស័យកសិកម្ម រួមជាមួយការទទួលបានឥណទាន ព្រមទាំងផលិតផលកសិកម្មសម្រាប់កែច្នៃប្រកបដោយគុណភាពខ្ពស់ នឹងជួយកសិពាណិជ្ជកម្មរបស់កម្ពុជា បញ្ចេញសក្ដានុពលរបស់ខ្លួន បង្កើតការងារ និង លើកកម្ពស់ជីវភាព ប្រជាពលរដ្ឋនៅទីជនបទ។
ADB ឲ្យដឹងថា បញ្ហាជំងឺរាតត្បាតកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់ខ្សែសង្វាក់ ផ្គត់ផ្គង់កសិកម្ម ព្រមទាំងកាត់បន្ថយប្រាក់ចំណូល និងឱកាសទីផ្សារសម្រាប់កសិករ និងកសិពាណិជ្ជកម្ម។
គម្រោងនេះនឹងជួយសម្រួលដល់ការទទួលបានឥណទាន សម្រាប់កសិកម្ម និងកសិពាណិជ្ជកម្ម ដែលកំពុងទទួលបានតែប្រមាណ ១០% នៃហិរញ្ញប្បទានផ្លូវការសរុប។ គម្រោងនេះនឹងអនុវត្ត ប្រភេទហិរញ្ញវត្ថុ ដែលគាំទ្រគ្នាទៅវិញទៅមក រួមមានដូចជា ការផ្តល់ឥណទាន និងការធានាឥណទាន ជាដើម។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន ADB បញ្ជាក់ថា គម្រោងនេះក៏នឹងគាំទ្រដល់ការស្រាវជ្រាវ និងការអភិវឌ្ឍ គ្រាប់ ពូជ និងពូជបក្សីចញ្ចឹម ដោយជួយសហករណ៍កសិកម្មទទួលបានគ្រាប់ពូជ ផ្ដល់ទិន្នផលខ្ពស់ ធន់នឹងគ្រោះ រាំងស្ងួត ធន់នឹងជំងឺ ក៏ដូចជាការគាំទ្រសម្ភារៈដាំដុះផ្សេងទៀត។
លើសពីនេះទៀត គម្រោងនេះ នឹងជួយកែលម្អផ្លូវជនបទប្រវែង ១១០គីឡូម៉ែត្រ និងជួយភ្ជាប់កសិផលទៅទីផ្សារក្នុងតំបន់គោលដៅនៃគម្រោងផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។