កម្ពុជា​អាច​បាត់​ចំណូល​ពី​ការ​ផ្ញើ​ប្រាក់​របស់​ពលករ​ប្រមាណ ៤០០​លាន​ដុល្លារ​ឆ្នាំ​នេះ

0:00 / 0:00

កម្ពុជា​អាច​បាត់បង់​ចំណូល​បាន​មក​ពី​ការ​ផ្ញើ​ប្រាក់​របស់​ពលករ​ចំណាកស្រុក​នៅ​ក្រៅ​ប្រទេស ប្រមាណ​ជិត ៤០០លាន​​ដុល្លារ ក្នុង​ឆ្នាំ​២០២០​នេះ​។ នេះ​បើ​ផ្អែក​តាម​ការ​គណនា​ត្រួសៗ ទៅលើ​ការ​ព្យាករណ៍​របស់ ធនាគារ​ពិភពលោក World Bank ដែល​ថា ទំហំ​នៃ​ការ​ផ្ញើ​ប្រាក់​របស់​ពលករ​ចំណាកស្រុក​នៅ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ក្នុង​ឆ្នាំ​២០២០​ នេះ នឹង​ធ្លាក់​ចុះ​ប្រមាណ ១៣% ធៀប​នឹង​ឆ្នាំ​២០១៩​ កន្លង​ទៅ។

កាល​​ពី​ឆ្នាំ​២០១៩ ក្រសួង​ការងារ នឹង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ធ្លាប់​អះអាង​ថា ពលករ​ចំណាកស្រុក​ខ្មែរ នៅ​ក្រៅ​ប្រទេស ជាង​ ១​លាន​ ២​សែន​​នាក់ បាន​ផ្ញើ​ប្រាក់​មក​ក្នុងស្រុក​វិញ សរុប​ប្រមាណ ២.៨ប៊ី​លាន​ដុល្លារ​។ នេះ​គេ​នៅ​មិនទាន់​គិត​ពី​ករណី​ផ្ញើ​ប្រាក់​ក្រៅ​ផ្លូវការ ឆ្លង​ព្រំដែន ឬ​តាមរយៈ​មធ្យោបាយ​ផ្សេងៗ ​ទៀត​នៅឡើយ​។ ពលករ​ចំណាកស្រុក​ខ្មែរ ដែល​ផ្ញើ​ប្រាក់​ច្រើនជាងគេ គឺ​មកពី​ប្រទេស​ថៃ និង​ប្រទេស​កូរ៉េខាងត្បូង។

សេចក្ដី​ថ្លែងការណ៍​របស់​ធនាគារ​ពិភពលោក ផ្សាយ​នៅ​ថ្ងៃ​ទី២៣ មេសា ព្យាករ​ថា វិបត្តិ​កូវីដ​១៩ និង​ការបិទ​សកម្មភាព​សេដ្ឋកិច្ច​ស្ទើរ​តែ​គ្រប់​ផ្នែក​ទាំងអស់ នឹង​ធ្វើ​ឱ្យ​ទំហំ​នៃ​ការ​ផ្ញើ​ប្រាក់​របស់​ពលករ​ចំណាកស្រុក​នៅ​ទូទាំង​សាកលលោក ទៅកាន់​ប្រទេស​កំណើត​របស់​ពួកគេ​រៀងៗ ​ខ្លួន​វិញ ធ្លាក់​ចុះ​ខ្លាំង ក្នុង​ឆ្នាំ​២០២០​ នេះ​។ នៅ​ទូទាំង​សាកលលោក ការ​ធ្លាក់​ចុះ​នេះ ស្មើនឹង​ប្រមាណ ២០% បើ​​ធៀប​នឹង​ឆ្នាំ​២០១៩ ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង ៥៥០ប៊ី​លាន​ដុល្លារ​អាមេរិក។

ធនាគារ​ពិភពលោក​ថា ការសិក្សា​នានា​បាន​បង្ហាញ​ថា ការ​ផ្ញើ​ប្រាក់​ចេញ​របស់​ពលករ​ចំណាកស្រុក បាន​ជួយ​សម្រាល​ភាព​ក្រីក្រ​នៅ​តាម​ប្រទេស​មាន​ចំណូល​ទាប និង​មធ្យម​។ ការ​ផ្ញើ​ប្រាក់​របស់​ពលករ​ចំណាកស្រុក​នេះ ក៏បាន​ចូលរួម​ចំណែក ធ្វើ​ឱ្យ​អាហារូបត្ថម្ភ​មាន​ភាព​ប្រសើរ​ឡើង បង្កើន​ការ​ចំណាយ​ទៅលើ​វិស័យ​អប់រំ និង​ជួយ​កាត់បន្ថយ​ពលកម្ម​កុមារ​នៅ​តាម​គ្រួសារ​ក្រីក្រ​។ ផ្ទុយ​ទៅ​វិញ ធនាគារ​ពិភពលោក​ពន្យល់​ថា ការ​ធ្លាក់​ចុះ​ការ​ផ្ញើ​ប្រាក់​នេះ នឹង​ជះ​ផល​មិនល្អ​ទៅលើ​លទ្ធភាព​ចាយវាយ​របស់​ក្រុម​គ្រួសារ​នានា ដោយសារតែ​គ្រួសារ​នីមួយៗ ត្រូវ​បង្វែរ​លុយ ទៅ​ដោះស្រាយ​បញ្ហា​ខ្វះខាត​ស្បៀងអាហារ និង​សេចក្ដី​ត្រូវការ​បន្ទាន់​​ក្នុង​ជីវភាព​រស់នៅ​ជាមុន​សិន។

នៅ​កម្ពុជា មួយ​ភាគ​ធំ​នៃ​ចំណូល​បាន​មកពី​ការ​ផ្ញើ​ប្រាក់​របស់​ពលករ​ចំណាកស្រុក​ទាំងនេះ ត្រូវ​ក្រុម​គ្រួសារ យក​ទៅ​ចាយវាយ សងបំណុល​មីក្រូហិរញ្ញវត្ថុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។