កម្ពុជា​ត្រៀម​នាំ​អង្ករ​ចេញ ៣​ម៉ឺន​តោន ទៅ​ប្រទេស​ទីម័រ​ខាងកើត

កម្ពុជា​ត្រៀម​នាំចេញ​អង្ករ​ស ប្រមាណ​៣​ម៉ឺន​តោន ទៅ​លក់​នៅ​ប្រទេស​ទីម័រ​ខាងកើត នា​ពេល​ឆាប់ៗ​ខាងមុខ​នេះ។

អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក លន់ យ៉េង មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ កាលពី​យប់​ថ្ងៃទី១១ ខែ​មិថុនា​ថា កម្ពុជា​មាន​អង្ក​រស ស្តុក​ទុក​គ្រប់គ្រាន់ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​អង្ករ​នៅ​ប្រទេស​ទី​ម័រ​​ខាងកើត​។ លោក​បន្ត​ថា អង្ករ​ស​លក់​តម្លៃ​មធ្យម​ប្រមាណ​ជា ៩៣០​ដុល្លារ ក្នុង​មួយ​តោន ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ កម្ពុជា មិន​ទាន់​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នាំ​អង្ករ​ចេញ​នៅឡើយ​ទេ៖ « អង្ករ​នាំ​ចេញទៅ​ទីម័រ​ខាងកើត​នេះ គ្រាន់តែ​ជជែក​គ្នា អត់​ទាន់​មាន​កិច្ចសន្យា​នៅឡើយ​ទេ​។ ខាង​ទូត គាត់​បាន​ស្នើ​ទិញ​ពី​ខាងយើង ប៉ុន្តែ​ខាង​គាត់​មាន​បញ្ហា ដូចជា​ផ្លាស់ប្ដូរ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ហេតុនេះ​បានជា​យឺតយ៉ាវ​។ ចំណែក​កម្ពុជា យើង​ចាំតែ​ខាង​គាត់​ទេ បើ​ឯកភាព​គ្នា​លើ​តម្លៃ​ហើយ យើង​អាច​មាន​បរិមាណ​គ្រប់គ្រាន់​សម្រាប់​លក់​ឱ្យ​គាត់ »

ការ​ប្រកាស​នេះ ក្រោយពេល​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ ជាមួយ​ឯកអគ្គរដ្ឋទូត​ទីម័រ​ខាងកើត ប្រចាំ​កម្ពុជា លោក អើមេនីហ្គីលដូ កូប៉ាឡូព (Ermenegildo Kupa Lopes)កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា។ លោក ប៉ាន សូរស័ក្ដិ ត្រូវ​សារព័ត៌មាន​ក្នុងស្រុក​ស្រង់​សំដី​ថា កម្ពុជា​បាន​ត្រៀម​អង្ករ ៣​ម៉ឺន​តោន​រួចរាល់​ហើយ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ប្រទេស​ទីម័រ​ខាងកើត និង​ក៏បាន​ស្នើសុំ​ឱ្យ​ភាគី​ទីម័រ​ខាងកើត ជូនដំណឹង​មក​កម្ពុជា​វិញ​ឱ្យ​បាន​ឆាប់ៗ​។ លោក ប៉ាន សូរស័ក្ដិ ក៏​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់ វិស័យ​ឯកជន​ប្រទេស​ទីម័រ​ខាងកើត ឱ្យ​ចូល​មក​បើក​រោង​ម៉ាស៊ីនកិនស្រូវ​នៅ​កម្ពុជា ផង​ដែរ។

ចំណែក​លោក​ឯកអគ្គរដ្ឋ​ទូត​ទីម័រ​ខាងកើត​ឱ្យ​ដឹង​ថា ទីម័រ​ខាងកើត ក៏​មាន​កសិផល​មួយ​ចំនួន​ទៀត ដែល​អាច​នាំ​ចូល​មក​ទីផ្សារ​កម្ពុជា​វិញ​ផង​ដែរ។ ចំណែក​វិស័យ​ប្រេងឥន្ធនៈ វិញ លោក​ថា ទីម័រ​ខាងកើត អាច​ផ្តល់​ឱកាស​ការងារ ចំនួន​៣​ពាន់​កន្លែង សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ។

របាយការណ៍​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បង្ហាញ​ថា ក្នុង​រយៈពេល ៥ ខែ​ដើម​ឆ្នាំ ២០២០​នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​ចំនួន ជាង ៣៥​ម៉ឺន​តោន (៣៥៦.០៩៧) គឺ​កើន​ឡើង​ជាង ៤២% បើ​ប្រៀបធៀប​អំឡុង ពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៩ ដែល​មាន​ចំនួន​ជាង ២៥​ម៉ឺន​តោន (២៥០,១៧២)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។