កម្ពុជា នាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក កើនឡើង២៣% ក្នុងអំឡុងពេល ៦ខែ ដើមឆ្នាំ២០២០ ដែលមានទំហំទឹកប្រាក់ ចំនួន ២,៧៥ពាន់លានដុល្លារ ហើយបើធៀបទៅនឹងអំឡុងពេលដូចគ្នា កាលពីឆ្នាំ២០១៩ គឺមានទំហំទឹកប្រាក់ ជិត ២,២៤ពាន់លានដុល្លារ។ នេះបើតាមតួលេខពីការិយាល័យជំរឿនរបស់សហរដ្ឋអាមេរិក។
ចំណែកទិន្នន័យការិយាល័យពាណិជ្ជកម្មរបស់រដ្ឋាភិបាលអាមេរិក បង្ហាញថាទំនិញដែលនាំចេញពីកម្ពុជាទាំងនេះ រួមមាន កាបូបដៃ កាបូបយួរ និងវ៉ាលីស គឺត្រូវបានរាប់បញ្ចូល ក្នុងផលិតផលសំលៀកបំពាក់ ស្បែកជើង ដែលទទួលបានប្រព័ន្ធអនុគ្រោះពន្ធពីរដ្ឋាភិបាលសហរដ្ឋអាមេរិក (GSP) ចាប់ពីខែកក្កដា ឆ្នាំ២០១៦ កន្លងមក។ ទិន្នន័យដដែលនេះ ក៏បានបង្ហាញថា ការនាំចូលទំនិញពីសហរដ្ឋអាមេរិក មកកម្ពុជាវិញ គឺមានការធ្លាក់ចុះ ជាង ៤៥% ពីចំនួន ២៦៥លានដុល្លារ មកចំនួន ជិត ១៤៥លានដុល្លារ (១៤៤,៦) បើធៀបរយៈពេល ៦ខែដូចគ្នា ក្នុងឆ្នាំ២០២០ ទៅនឹង ឆ្នាំ២០១៩។
ទោះបីជាការនាំទំនិញពីកម្ពុជាទៅទីផ្សារអាមេរិកកើនឡើង ប៉ុន្តែការនាំចេញផលិតផលក្នុងវិស័យវាយនភណ្ឌកាត់ដេរពីកម្ពុជា ទៅទីផ្សារអន្តរជាតិទាំងមូល ក្នុងឆមាសទី១ នៃឆ្នាំ២០២០ នេះ បានថយចុះ។ អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ប្រាប់សារព័ត៌មានក្នុងស្រុកឲ្យដឹងថា ការថយចុះនេះ មានចំនួនជាង ៥% (៥.៤%) ពីចំនួន ៤ពាន់លានដុល្លារ មកត្រឹម ៣,៧៨ពាន់លានដុល្លារ បើធៀបអំឡុងដូចគ្នាកាលពី ឆ្នាំ ២០១៩។ លោកបញ្ជាក់ផងដែរថា មូលហេតុចម្បងដែលនាំឲ្យថយចុះនេះ គឺដោយសារ វិបត្តិជំងឺកូវីដ១៩។ ស្ថិតិក្រសួងការងារឲ្យដឹងថា ក្នុងឆមាសទី១ រោងចក្រកាត់ដេរសំលៀកបំពាក់ និងស្បែកជើងនៅកម្ពុជាចំនួន ៤៥០ បានព្យួរការងារ ខណៈដែល ៨៣រោងចក្រផ្សេងទៀតបានបិទទ្វារ។ ចំណែករោងចក្រចំនួន ១០ បានបង្វែរទៅផលិតម៉ាស់វិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។