សង្គម​ស៊ីវិល​គ្មាន​ជំនឿ​ថា ជំនួយ ៧លាន​ដុល្លារ​ពី​ប្រទេស​ចិន​នឹង​អាច​ស្ដារ​លើ​គម្រោង​មេគង្គ-ឡានឆាង​ បាន​ល្អ​ប្រសើរ​ទេ

សង្គម​ស៊ីវិល​គ្មាន​ជំនឿ​ថា​ ជំនួយ ៧លាន​ដុល្លារ​ពី​ប្រទេស​ចិន​នឹង​អាច​ស្តា​លើ​គម្រោង​មេគង្គ-ឡានឆាង បាន​ល្អ​ប្រសើរ​បាន​ទេ ដោយសារ​តែ​គម្រោង​នេះ​បាន​ប៉ះពាល់​ដល់​ខ្សែ​ទឹក​ប្រទេស​រស់​នៅ​ខាង​ក្រោម​ទន្លេ​មេគង្គ​ ដែល​រួម​មាន​ប្រទេស​កម្ពុជា ឡាវ វៀតណាម​ និង​ប្រទេស​ថៃ។

មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​បរិស្ថាន​និយាយ​ថា ជំនួយ​របស់​ប្រទេស​ចិន​គម្រោង​មេគង្គ-ឡានឆាង គឺ​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅ​លើក​ការ​ទាញ​យក​ផល​ចំណេញ​ពី​ធនធាន​ធម្មជាតិ ជាង​ការ​សិក្សា​ស្វែង​យល់​ពី​ប្រព័ន្ធ​អេកូឡូស៊ី និង​ការពារ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ទឹក​​ទន្លេ​មេគង្គ។

អ្នក​ប្រឹក្សា​ឯករាជ្យ​ផ្នែក​ថាមពល​បរិស្ថាន​ និង​អភិបាល​កិច្ច​ទឹក​ លោក ហែម ឧត្តម មាន​ប្រសាសន៍​ថា​បញ្ហា​ដែល​យើង​កំពុង​ប្រឈម​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​គឺ​មិន​បាន​ឃើញ​ប្រទេស​ចិន​ធ្វើ​ការ​សិក្សា​អំពី​ផល​ប៉ះពាល់​នៃ​ទន្លេ​មេគង្គ​នេះ​នៅ​ឡើយ​ទេ។

លោក​បាន​បញ្ជាក់​ថា កាល​ពី​ពេល​ថ្មីៗ​នេះ​ អង្គការ​មួយ​ដែល​មាន​ឈ្មោះ​ថា​ អាយ អន អើស (Eye on Earth)ដែល​បាន​ប្រើ​បច្ចេកវិជ្ជា​ផ្កាយ​រណប​​សិក្សា​ពី​កម្ពស់​ទឹក​នៅ​ក្នុង​អាង​ទន្លេ​មេគង្គ​ផ្នែក​ខាង​លើ​ក្នុង​ប្រទេស​ចិន រក​ឃើញ​ថា ទឹក​មួយ​ចំនួន​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្នុង​​ទំនប់​​​របស់​ប្រទេស​ចិន​ដែល​គេ​ហៅ​ថា​ ទន្លេ​ឡានឆាង ហើយ​ចំណែក​ឯ​ផ្នែក​ខាង​ក្រោម​ទន្លេ​មេគង្គ ដែល​រួម​មាន​កម្ពុជា​ ឡាវ វៀតណាម​ និង​ប្រទេស​ថៃ​ កាល​ពី​ឆ្នាំ២០១៩ មាន​សភាព​រាំង​ស្ងួត​ខ្លាំង។

លោក​បញ្ជាក់​ថា​ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​ប្រទេស​ចិន​បាន​ស្តុក​ទឹក​យ៉ាង​ច្រើន​នៅ​ផ្នែក​ខាង​លើ​ទន្លេ​មេគង្គ ​ដែល​ធ្វើ​ឲ្យ​ប្រទេស​ថៃ​តាម​រយៈ​គណៈកម្មាធិការ​ទន្លេ​មេគង្គ​ បាន​ស្នើ​ឲ្យ​មានការ​សិក្សា​ស្វែង​យល់​ពី​ទន្លេ​មេគង្គ​នេះ​រួម​គ្នា ​ជា​ពិសេស​ទៅ​លើ​បញ្ហា​បរិមាណ​ ឬ​កម្ពស់​ទឹក​នៃ​ទន្លេ​មេគង្គ​នៅ​ផ្នែក​ខាង​លើ​ និង​ផ្នែក​ខាង​ក្រោម។

លោក​ ហែម ឧត្តម បញ្ជាក់​ថា កន្លង​មក​មិន​ដែល​ឃើញ​មាន​ប្រទេស​ចិន​ បាន​ចែក​រំលែក​នៅ​ព័ត៌មាន​ដ៏​មាន​សារៈសំខាន់​អំពី​បរិមាណ​ទឹក ឬ​ក៏​ព័ត៌មាន​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឃន៍​នៅ​ក្នុង​ទំនប់​របស់​ខ្លួន​នោះ​ឡើយ៖ « យើង​ក៏​ហាក់​ដូច​ជា​មិន​បាន​មើល​ឃើញ​នៅ​ឆន្ទៈ ជាក់​លាក់​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​មូលនិធិ​នេះ​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ដែល​មាន​ជាមួយ​ប្រទេស​ជិត​ខាង​នៅ​ក្នុង​ប្រទេស​មហា​តំបន់​ទន្លេ​មេគង្គ​នេះ។​ឧទាហរណ៍​ថា​តើ​ថវិកា​ចំនួន​ប៉ុន្មាន​ដែល​ទទួល​បាន​ហ្នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ចំពោះ​សកម្មភាព​ណាមួយ​ជាក់​លាក់ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទន្លេ​មេគង្គ​ហ្នឹង​ក៏​យើង​មិន​បាន​ឃើញ​ជាក់លាក់​ដែរ »

ប្រទេស​កម្ពុជា​ និង​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី២៣ មិថុនា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​គម្រោង «កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ-ឡានឆាន ឆ្នាំ២០២០» ដែល​មាន​ទឹក​ប្រាក់​ចំនួន ៧លាន​ដុល្លារ ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន។

កិច្ច​ព្រម​ព្រាង​នេះ​បាន​ធ្វើ​ឡើង​នៅ​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​លោក​ ប្រាក់ សុខុន​ និង​ ឯក​អគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​លោក វ៉ាង វិនធាន (Wang Wentian)។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​លោក​ ប្រាក់ សុខុន​ មិន​បាន​បញ្ជាក់​ប្រាប់​អាស៊ី​សេរី​ពី​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រាង​នេះ​ទេ។​លោក​និយាយ​ថា​ អោយ​មើល​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​បាន​ឲ្យ​ដឹង​ថា ជំនួយ​ទឹក​ប្រាក់​ចំនួន​ជាង ៧លាន​ដុល្លារ​របស់​ប្រទេស​ចិន​នេះ​គឺ​សម្រាប់​គាំទ្រ​នូវ​គម្រោង​ថ្មី​ចំនួន ២០បន្ថែម​ទៀត​ដើម្បី​បន្ត​ចូល​រួម​ចំណែក​ដល់​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​អភិវឌ្ឍន៍​ជនបទ ធនធាន​ទឹក​ កសិកម្ម​ ការ​ត​ផ្ជាប់​ផ្លូវ​អាកាស អប់រំ​ និង​បេតិកភណ្ឌ​វប្បធម៌ ជា​ដើម។

ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​គណៈកម្មាធិការ​ជាតិ​ទន្លេ មេគង្គ​កម្ពុជា លោក អ៊ូ សុផាន់ណា មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​រឿង​នេះ​ទេ។ លោក​បាន​បង្វែរ​សំនួរ​នេះ​ឲ្យ​ទៅ​សួរ​រដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក​លោក​ ប៊ុន ហ៊ាន វិញ។

អាស៊ី​សេរី​មិន​អាច​ទាក់​ទាង​រដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក​លោក ប៊ុន ហ៊ាន បាន​ទេ ដោយ​សារ​ជំនួយ​ការ​និយាយ​ថា លោក​ជាប់​រវល់៖ « ពី​ព្រោះ​ថ្មើរ​នេះ ខ្ញុំ​បាន​ឆាត​ទៅ​គាត់​ គាត់​អត់​បាន​ឆ្លើយ​តប​។​អញ្ចឹង​ចាំ​មើល​ស្អែក​ បើ​មាន​ព័ត៌មាន​អី​ថ្មី​ខ្ញុំ​ផ្ដល់​ព័ត៌មាន​ឲ្យ​បង​តាម​ក្រោយ​ទៀត »

កិច្ច​ព្រមព្រៀង​ទន្លេ​មេគង្គ-ឡានឆាន នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​ការ​​រិះគន់​ថា ប្រទេស​ចិន​កាល​ពី​ឆ្នាំ២០១៩ បាន​ទប់​ទំនប់​ដែល​ខ្លួន​បាន​សង់​លើ​ទន្លេ មេគង្គ​ដែល​ចិន​ហៅ​ថា​ ឡាន​ឆាង​នោះ​ ធ្វើ​ឲ្យ​កម្រិត​ទឹក​ចុះ​ទាប​ខុស​ធម្មតា មាន​ភាព​រាំង​ស្ងួត និង​ប៉ះពាល់​ដល់​ធនធាន​ជលផល​ ដល់​ប្រទេស​ជាប់​ទន្លេ​មេគង្គ​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​ដូច​ជា​ថៃ ឡាវ កម្ពុជា​និង​វៀតណាម​ជា​ដើម។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​លោក វ៉ាង វិនធាន (Wang Wentian) បាន​ថ្លែង​នៅ​ក្នុង​ជំនួប​នោះ​ថា​ គិត​មក​ដល់​ពេល​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ទឹក​ប្រាក់​ជាង ២០លាន​ដុល្លារ សម្រាប់​អភិវឌ្ឍន៍​លើ​គម្រោង​សរុប​ចំនួន ៥៥ ពី​មូលនិធិ​ពិសេស ក្នុង​កិច្ច​សហប្រតិបត្តិការ​មេគង្គ-ឡានឆាង៖ «ប្រទេស​កម្ពុជា​បាន​ប្រមូល​ផល​ពី​គម្រោង​មូលនិធិ​ពិសេស កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ-ឡានឆាង ច្រើន​ជាង​គេ​បំផុត​ក្នុង​រយៈ​ពេល ៣ឆ្នាំ​ជាប់ៗ គ្នា​ចាប់តាំង​ពី​គម្រោង​នេះ​បាន​ចាប់​ផ្តើម​ឡើង​កាលពី​ឆ្នាំ២០១៦»។

ទោះ​ជា​យ៉ាង​ណា​ក្តី អ្នក​ប្រឹក្សា​ឯករាជ្យ​ផ្នែក​ថាមពល​បរិស្ថាន​ និង​អភិបាល​កិច្ច​ទឹក​ លោក​ ហែម ឧត្តម​ ចង់​ឃើញ​ប្រទេស​ចិន​ចែក​រំលែក​ព័ត៌មាន​ស្ដីពី​ស្ថានភាព​ទន្លេ​មេគង្គ​ខ្សែ​ទឹក​ខាង​លើ​ដល់​ប្រទេស​ខ្សែ​ទឹក​ខាង​ក្រោម ហើយ​កម្ពុជា​ក៏​ត្រូវ​ស្វែង​យល់​ពី​សក្ដានុពល​នៃ​ផល​ប៉ះពាល់​ដល់​ប្រទេស​ខ្លួន​ផង​ដែរ៕

(ឆ្វេង) ​​លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា និង​លោក​ ប្រាក់ សុខុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​គម្រោង «កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ-ឡានឆាន ឆ្នាំ២០២០» ដែល​​ប្រទេស​ចិន​ផ្ដល់​លុយ ៧លាន​ដុល្លារ​ដល់​កម្ពុជា នៅ​​ថ្ងៃ​ទី២៣ ខែមិថុនា ឆ្នាំ២០២០។
(ឆ្វេង) ​​លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា និង​លោក​ ប្រាក់ សុខុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​គម្រោង «កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ-ឡានឆាន ឆ្នាំ២០២០» ដែល​​ប្រទេស​ចិន​ផ្ដល់​លុយ ៧លាន​ដុល្លារ​ដល់​កម្ពុជា នៅ​​ថ្ងៃ​ទី២៣ ខែមិថុនា ឆ្នាំ២០២០។ (រូប៖ ហ្វេសប៊ុក​ក្រសួង​ការបរទេស)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។