រដ្ឋាភិបាលក្រុងភ្នំពេញ ចាប់ផ្ដើមខ្ចីបុលលុយពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ក្នុងចំនួនទឹកប្រាក់ដ៏ច្រើន ជាបណ្តើរៗ ហើយ ដើម្បីយកទៅទប់ទល់នឹងវិបត្តិកូវីដ១៩។ ការខ្ចីបុលលុយពីអន្តរជាតិនេះ កើត មានឡើង បើទោះបីជារដ្ឋាភិបាលតែងតែអះអាងថា មានទឹកប្រាក់គ្រប់គ្រាន់ត្រៀមបម្រុងទុកសម្រាប់ទប់ទល់នឹងវិបត្តិនេះក៏ដោយ។ មន្ត្រីសង្គមស៊ីវិល មើលឃើញថា រដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅតែពីខ្ចីបុលដៃគូអភិវឌ្ឍន៍នោះទេ ដើម្បីឆ្លើយតបនឹងបញ្ហាអូសបន្លាយនៃវិបត្តិកូវីដ១៩នេះ។
នៅមិនដល់មួយខែផងចាប់តាំងពីរដ្ឋាភិបាលប្រកាសឧបត្ថមសាច់ប្រាក់ជូនគ្រួសារក្រីក និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ រដ្ឋាភិបាលបានចាប់ផ្តើមខ្ចីបុលលុយពីស្ថាប័ន ហិរញ្ញវត្ថុអន្តរជាតិ ក្នុងចំនួនដ៏ច្រើន។ ចុងក្រោយនេះគឺ រដ្ឋាភិបាលបានខ្ចីបុលលុយពីស្ថាប័ន ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្នុងទឹកប្រាក់រហូតដល់ទៅ ២៥០លានដុល្លារ ដើម្បីឆ្លើយតបនឹងវិបត្តិកូវីដ១៩។
សេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ផ្សាយកាលពីថ្ងៃទី០៨ កក្កដា ឲ្យដឹងថា ធនាគារនេះបានអនុម័តកម្ចី ២៥០លានដុល្លារ ដើម្បីជួយរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងជំងឺរាតត្បាតសាកលកូវីដ១៩។ ទឹកប្រាក់កម្ចីនេះ នឹងអនុញ្ញាតឲ្យរដ្ឋាភិបាល យកទៅពង្រឹងប្រព័ន្ធសុខាភិបាល បង្កើនជំនួយសង្គមដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ និង ចាក់សាច់ប្រាក់ជួយដល់អាជីវកម្មនានា រួមទាំងសហគ្រាសខ្នាតតូច និងមធ្យម។
ការខ្ចីបុលពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនេះ កើតមានឡើងស្របពេលដែលទាំងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីក្រោមឱវាទរបស់លោក តែងអួតក្តែងៗថា រដ្ឋាភិបាលមានថវិកាបម្រុងទុក រហូតដល់ទៅជាង ២ពាន់លានដុល្លារឯណោះ។ នេះគេនៅមិនទាន់គិតពីថវិកាបានមកពី ការបរិច្ចាគប្រាក់ខែផ្ទាល់ខ្លួនរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលពេលនេះ រដ្ឋាភិបាលអះអាងថា បានកើនដល់ ២០លានដុល្លារ។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន នៅមិនទាន់ឆ្លើយតប សំណួររបស់អាស៊ីសេរីតាមតេឡេក្រាម ថា តើការចាប់ផ្តើមខ្ចីបុលលុយពីស្ថាប័នហិរញ្ញវត្ថុ អន្តរជាតិនេះ បញ្ជាក់ថា រដ្ឋាភិបាលកំពុងខ្វះថវិកាយកទៅទប់ទល់នឹងវិបត្តិកូវីដ១៩នេះ ឬយ៉ាងណានោះទេ។
យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់ និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិសុទ្ធ ថ្លែងកាលពីថ្ងៃទី៨ កក្កដា ថា រដ្ឋាភិបាលបានបម្រុងថវិកាជាង ១ពាន់លានដុល្លារ (១.១៦៤លានដុល្លារ) សម្រាប់ចំណាយលើការទប់ស្កាត់ ការពារ និងស្តារសេដ្ឋកិច្ចពីជំងឺ កូវីដ១៩៖ « ក្នុងចំណាយ ១ . ១៦៤លានដុល្លារនេះ ចំណាយខាងផ្នែកអន្តរាគមន៍ លើការចំណាយថវិកាមាន ៥៦៤លានដុល្លារ និង ចំណាយលើអន្តរាគមន៍ លើការផ្ដល់ឥណទានមាន ៦០០លានដុល្លារ » ។
ជុំវិញការចាប់ផ្តើមខ្ចីបុលពីអន្តរជាតិនេះ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា លោក សន ជ័យ មើលឃើញថា រដ្ឋាភិបាលគ្មានជម្រើសអ្វីក្រៅតែពីខ្ចីបុលបរទេសនោះទេ ក្នុងស្ថានភាព ដែលកម្ពុជាកំពុងជួបវិបត្តិធ្ងន់ធ្ងរបែបនេះ។ លោកចង់ឃើញរដ្ឋាភិបាល យកលុយកម្ចីទាំងនេះទៅប្រើប្រាស់ឲ្យចំគោលដៅ ជាពិសេសជួយពលរដ្ឋក្រីក្រពិតប្រាកដ៖ « ដើម្បីដោះស្រាយបញ្ហាជាបន្ទាន់ យើងមើលឃើញថា ភាពនៅទន់ខ្សោយនៃផ្នែកសេដ្ឋកិច្ចនេះ គ្មានជម្រើសអ្វីក្រៅតែពីការខ្ចីលុយពីដៃគូអភិវឌ្ឍន៍ ដើម្បីទប់ទល់ស្ថានការណ៍នេះទេ។ បើប្រទេសគេអ្នកមាន គេមានរបៀបនៃការទប់ទល់ និងការឆ្លើយតបដោយប្រើប្រាស់ធនធានក្នុងស្រុក។ សម្រាប់កម្ពុជាគឺជាទិដ្ឋភាពមួយដែល មានលក្ខណៈខុសពីបណ្តាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ។ សម្រាប់ខ្ញុំ មធ្យោបាយ ឬជម្រើសបែបនេះ វាជៀសមិនរួច ក៏ប៉ុន្តែ យើងនៅតែចង់ឃើញការប្រើប្រាស់កម្ចីនេះ ឲ្យមានប្រសិទ្ធភាព ហើយនឹងចំគោលដៅ ជាពិសេស គឺជួយទៅដល់ក្រុមអ្នកងាយរងគ្រោះ នៅក្នុងស្ថានភាពលំបាកបែបនេះ » ។
រីឯលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ រិះគន់ថា វិធានការឆ្លើយតបនឹងវិបត្តិកូវីដ១៩ របស់រដ្ឋាភិបាលលោក ហ៊ុន សែន មិនមានប្រសិទ្ធភាពនោះទេ។ លោកហៅវិធានការជួយសង្គ្រោះពលរដ្ឋពីវិបត្តិកូវីដ១៩ របស់រដ្ឋាភិបាល ជាវិធានការខ្យល់ ធ្វើឡើងដើម្បីជាប្រជាភិថុតិ មិនចំអាទិភាព និងមានភាពបក្សពួកនិយម៖ « បើថាចែកបន្តិចបន្តួចហ្នុង គ្មានដល់ដៃអ្នកក្រទេ។ ខ្ញុំចាំកាលពេលមាន ទឹកលិច ទឹកជំនន់ម្តងៗ ថាទៅចែកជនរងគ្រោះ ប៉ុន្តែប្រជារាស្ត្រតាមភូមិ ពេលនោះគេប្រាប់ ខ្ញុំ គេថា អាលង់បានមួយកំប៉ុង អាលិចបានមួយតៅ អានៅលើឡៅបានមួយតោន។ ហ្នុងហើយ គេចង្អុលពួកលិច លិចហ្នុងលិចបន្តិចបន្តួច ប៉ុន្តែអ្នកដែលស្លាប់ ដែលដាច់ខ្យល់ គឺអត់បាន អីទាំងអស់ ! ហ្នុងហើយ ដែលខ្ញុំមិនជឿទាល់តែសោះថា វិធានការដែលលោក ហ៊ុន សែន បានប្រកាសនោះ មានប្រសិទ្ធភាព សូម្បីតែបន្តិចក៏គ្មានដែរ » ។
ចាប់តាំងពីមានការផ្ទុះជំងឺរាតត្បាតសាកលកូវីដ១៩ ដៃគូអភិវឌ្ឍន៍អន្តរជាតិមិនតិចជាង ១០ទេ បានផ្តល់ជំនួយដល់កម្ពុជាក្រោមរូបភាពជាសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ជំនួយឥតសំណង និងកម្ចីឥណទាន។ សរុបជាទឹកប្រាក់ត្រួសៗ គិតត្រឹមខែកក្កដានេះ ជំនួយទាំងនេះ គឺអាចមានក្នុងរង្វង់ទឹកប្រាក់មិនតិចជាង ៧០០លានអាមេរិកនោះទេ ក្នុងនោះសហរដ្ឋអាមេរិក ជួយកម្ពុជាជាង ១១លានដុល្លារ ជប៉ុនជាង ៦,៣លានដុល្លារ សហភាពអឺរ៉ុបប្រមាណ ៤៨៣លានដុល្លារ។ ក្រៅពីនោះ ក៏មានប្រទេសបារាំង អាល្លឺម៉ង់ អូស្ត្រាលី ចិន វៀតណាម ព្រមទាំងស្ថាប័នអន្តរជាតិដូចជា អង្គការសុខភាពពិភពលោក WHO ធនាគារពិភពលោក ហើយចុងក្រោយនេះគឺ ធនាគារអភិវឌ្ឍន៍អាស៊ី ADB។
ធនាគារអភិវឌ្ឍន៍អាស៊ី ADB នារយៈពេលចុងក្រោយនេះ បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ឲ្យមកនៅទាបជាងការព្យាកររបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដទៃទៀត គឺរហូតដល់នៅក្រោម -5.5% ក្នុងឆ្នាំ២០២០ នេះ។ ធនាគារនេះថា ហានិភ័យនៃការធ្លាក់ចុះកំណើននេះ នឹងរុញច្រានពលរដ្ឋកម្ពុជា ប្រមាណ ១,៣ លាននាក់បន្ថែមទៀត ឲ្យធ្លាក់ខ្លួនរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។ បើតាមធនាគារអភិវឌ្ឍន៍អាស៊ី ADB កម្ពុជាមានភាពងាយរងគ្រោះខ្លាំងប្រឈមនឹង ផលប៉ះពាល់អវិជ្ជមានបណ្តាលមកពីជំងឺកូវីដ១៩ ដោយសារតែសេដ្ឋកិច្ចរបស់ប្រទេសនេះ ជាសេដ្ឋកិច្ចបើកចំហរ មានមូលដ្ឋានសេដ្ឋកិច្ចចង្អៀត ហើយមានពលរដ្ឋផ្លាស់ទីច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។