តំណាងសហជីព និងអ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា សមាគមរោងចក្រកាត់ដេរ ប្ដឹងគណៈកម្មការអឺរ៉ុបរឿងដកប្រព័ន្ធអនុគ្រោះពន្ធEBA២០%ពីកម្ពុជានេះ នឹងមិនមានលទ្ធផលល្អទេ ដរាបណាមេដឹកនាំរដ្ឋាភិបាលមិនគោរពតាមលក្ខខណ្ឌតាមសហភាពអឺរ៉ុបចង់បាននោះ។ ក្រុមសហជីពព្រួយបារម្ភថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនៅស្របពេលពិភពលោកកំពុងតែជួបវិបត្តិជំងឺកូវីដ១៩នេះ នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាកាន់តែខ្លាំងថែមទៀត ហើយកម្មករប្រឈមនឹងការអត់ការងារធ្វើកាន់តែច្រើន។
អ្នកជំនាញខាងសេដ្ឋកិច្ច និងសហជីព អះអាងថា កម្ពុជាក្រោយពីបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធEBA ២០%នោះ ទោះជាចំនួនតិចក្ដី តែបញ្ហានេះធ្វើឲ្យប៉ះពាល់ខ្លាំងដល់មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ ដែលធ្វើឲ្យអ្នកវិនិយោគ មិនហ៊ានចូលមកបណ្ដាក់ទុននោះទេ។ បញ្ហានេះ ធ្វើឲ្យពាល់សេដ្ឋកិច្ចជាតិទាំងមូល ស្របពេលកម្ពុជាកំពុងជួបវិបត្តិជំងឺកូវីដ១៩ ផងនោះ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា មានប្រសាសន៍ កាលពីថ្ងៃទី២៩ កញ្ញាថា ការណ៍ដែលសមាគមរោងចក្រកាត់ដេរ ដាក់ពាក្យប្ដឹងគណៈកម្មការអឺរ៉ុបទៅតុលាការនេះ តាមមើលទៅហាក់ដូចជា ជាការទប់ស្កាត់មិនឲ្យគណៈកម្មការអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធបន្តទៀតទៅវិញ ពីព្រោះថា បើសិនជាការរំលោភសិទ្ធិមនុស្សនៅតែបន្ត អឺរ៉ុបនឹងមានចំណាត់ការបន្តទៀតលើការដកប្រព័ន្ធអនុគ្រោះពន្ធនេះ៖ «នឹងប៉ះពាល់រយៈពេលវែង ហើយមូលហេតុកម្ពុជារំលោភ ...»។
សមាគមរោងចក្រកាត់ដេរហៅកាត់ថា GMAC បានពាក្យប្ដឹងទៅតុលាការសហភាពអឺរ៉ុប កាលពីខែកក្កដាឆ្នាំ២០២០ សុំឱ្យតុលាការលុបចោលការសម្រេចយកលើទំនិញគ្រប់មុខរបស់កម្ពុជាលើកលែងតែអាវុធ២០%នោះវិញ ដោយGMAC លើកហេតុផលពីរសំខាន់នៅក្នុងពាក្យបណ្ដឹងនេះ ទី១ GMAC ចោទប្រកាន់ថា គណៈកម្មការអឺរ៉ុបសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា២០% កាលពីថ្ងៃទី១២ ខែសីហា កន្លងទៅ មិនបានធ្វើការវាយតម្លៃឱ្យបានសមរម្យ។ ទី២ ចោទគណៈកម្មការអឺរ៉ុបថា ការសម្រេចនេះជាការរំលោភលើសិទ្ធិ និងសន្ធិសញ្ញារបស់សហភាពអឺរ៉ុប។ រីឯតុលាការអឺរ៉ុបវិញ បានឱ្យដឹងថា គេបានទទួលពាក្យប្ដឹងនេះហើយ កាលពីថ្ងៃទី១៤ ខែសីហា ប៉ុន្តែតុលាការនេះ មិនទាន់ឱ្យដឹងពីនីតិវិធីបន្តក្រោយទទួលពាក្យបណ្ដឹងនេះនៅឡើយទេមកទល់ពេលនេះ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ជារឿងល្អដែលសមាគមរឿងចក្រកាត់ដេរកម្ពុជា GMAC ស្វះស្វែងរកមធ្យោបាយ ដើម្បីឲ្យសហភាពអឺរ៉ុបផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធចំនួន ២០%ឲ្យកម្ពុជាវិញ ក៏ប៉ុន្តែការស្វះស្វែងនេះ មិនមានលទ្ធផលល្អទេ ដរាបណារដ្ឋាភិបាលមិនព្រមធ្វើតាមលក្ខខណ្ឌរបស់សហភាពអឺរ៉ុបលើគោលការណ៍គោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យទេនោះ៖ «ដាក់ពាក្យប្ដឹងនេះគ្មានទម្ងន់អ្វីទេ លក្ខខណ្ឌសំខាន់គឺរដ្ឋាភិបាលបើកលំហសេរីភាពឲ្យដូចមុនបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧អ៊ីចឹង»។
ទំហំនៃការនាំចេញផលិតផលចំនួន ៨០មុខទៅកាន់ទីផ្សារសហភាពអឺរ៉ុប គឺមានតម្លៃប្រមាណជា១.២៧៣លានដុល្លារអាមេរិក ឬស្មើនឹង២០%នៃការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប ដែលត្រូវបង់ពន្ធប្រមាណ ១២៨លានដុល្លារអាមេរិកនៅឆ្នាំ២០១៩។ ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីឆ្នាំ២០១៩ បង្ហាញពីផលប៉ះពាល់លើរោងចក្រកាត់ដេរនៅកម្ពុជា ចំនួន៣១រោងចក្រ ក្នុងចំណោមរោងចក្រសរុបចំនួន ១.២០៩រោងចក្រ ហើយកម្មករដែលបាត់បង់ការងារប្រមាណ ៤ម៉ឺននាក់។ រីឯរបាយការណ៍របស់ក្រសួងការងារគិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះវិញ បង្ហាញថា វិស័យវាយនភណ្ឌកាត់ដេរ និងផលិតផលស្បែកជើងចំនួន៤៩១រោងចក្របានព្យួរកាងារ ស្មើនឹងកម្មករនិយោជិកជាង ២៩ម៉ឺននាក់ (២៩,៣៦២២នាក់) ហើយកម្មករដែលបាត់បង់ការងារទាំងស្រុងមានប្រមាណ ៦ម៉ឺននាក់។
ទាក់ទងនឹងបណ្ដឹងនេះដែរ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា សម្រាប់រយៈពេលវែងទៅមុខទៀត ផលប៉ះពាល់ពីការបាត់បង់ប្រពន្ធអនុគ្រោះពន្ធ គួបផ្សំនិងវិបត្តិកូវីដ១៩ផង នឹងកាន់តែប៉ះពាល់កាន់តែខ្លាំងថែមទៀត ទោះបីជាក្រសួងការងារអះអាងថា ស្ថានភាពនេះបានល្អប្រសើរវិញបន្តិចហើយក្ដី៖ «កម្ពុជាបានទទួលយកលក្ខខណ្ឌការងារជាមួយអឺរ៉ុបឲ្យល្អប្រសើរ តែដល់ពេលអនុវត្តមិនបាន ហើយឥលូវនេះរដ្ឋាភិបាលបានធ្វើកំណែទម្រង់ខ្លះ តែមិនទាន់ផ្ដល់ប្រយោជន៍ជូនកម្មករបានច្រើននៅឡើយ»។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ ហេង សួរ ដើម្បីសួរអំពីបញ្ហានេះ បន្ថែមបានទេ នៅថ្ងៃទី៣០ កញ្ញា។
រីឯអ្នកជំនាញខាងអចលនទ្រព្យ និងសេដ្ឋកិច្ចវិញ លោក ង៉ែត ជូ សម្ដែងការព្រួយបារម្ភថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ២០%នេះ ជាចំនួនតិចតួចក្ដី ប៉ុន្តែអ្វីដែលសំខាន់នោះ ធ្វើឲ្យប៉ះពាល់មុខមាត់កម្ពុជាខ្លាំងនៅលើឆាកអន្តរជាតិ ពីព្រោះថា អ្នកវិនិយោគឬអ្នកបញ្ជាទិញគេកត់សម្គាល់ថា កម្ពុជាជាប្រទេសមានកេរ្តិ៍ឈ្មោះមិនល្អ ដែលបញ្ហានេះ នឹងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាកាន់តែខ្លាំង។ «»
ពលរដ្ឋនៅខែត្រកំពង់ចាមមួយរួប ឈ្មោះ មុំ ផល ត្អូញត្អែរថា ពួកគាត់ជាកសិកររស់នៅតាមបណ្ដាខែត្រនេះ មានបញ្ហាលំបាកផ្នែកសេដ្ឋកិច្ចជាងពីពេលមុន។ លោកបញ្ជាក់ថា នៅស្របពេលវិបត្តិកូវីដ១៩នេះ ធ្វើឲ្យពលរដ្ឋក្រីក្រកាន់តែជួបការលំបាកថែមទៀត ពិសេសជំពាក់បំណុលធនាគារ៖ «វាជាសញ្ញាអវិជ្ជមានសម្រាប់អ្នកវិនិយោគបរទេស ហើយអ្វីគេចាប់អារម្មណ៍គេចង់ឃើញភាពលូតលាស់នៃសេដ្ឋកិច្ច»។
ធនាគារពិភពលោកបានព្យាករណ៍ជាថ្មីថា កាលពីថ្ងៃទី២៩ កញ្ញាថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០នេះ ធ្លាក់ចុះក្រោមសូន្យ (០) ឬ(-២%)នៅឆ្នាំ២០២០នេះ។ ការព្យាករណ៍ សេដ្ឋកិច្ចកម្ពុជាធ្លាក់យ៉ាងគំហុកនេះ ដោយសារតែ វិស័យទេសចរ សណ្ឋាគារ វិស័យសំណង់ធ្លាក់ចុះ និងអចលនទ្រព្យកម្ពុជានៅទ្រឹង និងការនាំចេញផលិតផលកាត់ដេរ សម្ភារៈធ្វើដំណើរ និងស្បែកបានធ្លាក់ចុះជាដើម។
អ្នកជំនាញសេដ្ឋកិច្ច និងសហជីព ព្រមានថា បើសិនរបបលោក ហ៊ុន សែន មិនស្ដារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញដូចដែលសហភាពអឺរ៉ុបានលើកឡើងទេនោះ អឺរ៉ុបនិងប្រទេសលោកសេរី នឹងដាក់ទណ្ឌកម្មរបបនេះថែមទៀត ហើយសេដ្ឋកិច្ចនឹងកាន់តែប៉ះពាល់ថែមទៀតជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។