គណៈកម្មការអឺរ៉ុប បញ្ជាក់ជំហរសាជាថ្មី និងចុងក្រោយថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% នៅថ្ងៃទី១២ ខែសីហាខាងមុខនេះ គឺមិនថយក្រោយទេ ព្រោះកម្ពុជាខកខានក្នុងការស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។
គិតមកត្រឹមថ្ងៃនេះ គឺនៅសល់ពេលតែ ៨ ថ្ងៃទៀតតែប៉ុណ្ណោះ ដល់ថ្ងៃដែលសហភាពអឺរ៉ុប អនុវត្តសេចក្ដីសម្រេចរបស់ខ្លួន។ ប៉ុន្តែ ជំហររបស់ខាងគណៈកម្មការអឺរ៉ុប គឺនៅតែដដែល។ មន្ត្រីព័ត៌មានផ្នែកពាណិជ្ជកម្មរបស់គណៈកម្មការអឺរ៉ុប អ្នកស្រី ឃីងហ្កា ម៉ាលីណូវស្កា (Kinga Malinowska) ប្រាប់អាស៊ីសេរី ថាសេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលថានឹងដកការអនុគ្រោះពន្ធ EBA ២០% នោះ នឹងចូលជាធរមាននៅថ្ងៃទី១២ ខែសីហា ខាងមុខនេះហើយ ព្រោះរដ្ឋាភិបាលកម្ពុជា គ្មានបានកែប្រែអ្វីគួរឲ្យកត់សម្គាល់នោះទេ៖ « ខ្ញុំដូចជាមិនឃើញមានការវិវឌ្ឍអ្វីជាដុំកំភួន ក្នុងការស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យអ្វី នៅកម្ពុជានោះទេ និយាយរួម គឺតាំងពីគណៈកម្មការអឺរ៉ុបចេញសេចក្ដីសម្រេចនោះមក។ ឥឡូវថ្ងៃដកការអនុគ្រោះពន្ធនោះ ចូលមកដល់ទៅហើយ » ។
ជំហរឥតងាករេនេះ ត្រូវបានខាងតំណាងចៅកែរោងចក្រ បញ្ជាក់ថាពិត ក្រោយបានទទួលការឆ្លើយតបពីគណៈកម្មការអឺរ៉ុប នាពេលថ្មីៗ នេះ។ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬហៅកាត់ថា GMAC លោក ខេន លូ (Ken Loo) ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី៣ ខែសីហាដែរថា គណៈកម្មការអឺរ៉ុប នឹងអនុវត្តសេចក្ដីសម្រេចរបស់ខ្លួនតាមកាលកំណត់ ដោយមិនព្រមតាមសំណើរបស់សមាគមរោងចក្រកាត់ដេរ ដែលស្នើសុំឲ្យពន្យារពេលមួយឆ្នាំសិននោះទេ៖ «EU ឆ្លើយដូចលើកមុនអ៊ីចឹង ! មានន័យថា ថ្ងៃទី១២ ខែសីហា គេដក ... គេអនុវត្តអ្វីដែលគេបានសម្រេចហើយ » ។
នៅពេលដែលសេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុបចូលជាធរមាន នៅថ្ងៃទី ១២ ខែសីហានោះ កម្ពុជានឹងបាត់បង់ការអនុគ្រោះពន្ធ EBA ចំនួន ២០% ដែលមានទឹកប្រាក់ជាង ១ពាន់លានដុល្លារ ដោយកម្ពុជាត្រូវបង់ពន្ធពេញ លើការនាំចេញទំនិញ ៤០ មុខ។
ការរងបន្ទុកពន្ធ ស្របពេលដែលកម្ពុជាកំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារតែជំងឺកូវីដ-១៩ បែបនេះ ធ្វើឲ្យតំណាងសហជីពកម្មករ ព្រួយបារម្ភទ្វេរដង។ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ប្រាប់អាស៊ីសេរី ក្រោយមិនឃើញមានដំណោះស្រាយសមស្របណាមួយ ដែលធ្វើឲ្យគណៈកម្មការអឺរ៉ុបអាចដូរចិត្តនោះ ថាលោកបារម្ភ ថាជីវភាពកម្មកររាប់សែននាក់ នឹងរងផលប៉ះពាល់ខ្លាំងដល់។ លោកបន្តថា ទីមួយកម្មករកំពុងតែជួបការលំបាកស្រាប់ ដោយសារការបាត់បង់ការងារ ព្រោះរោងចក្រជាច្រើនបានបិទទ្វារ ឬព្យួរ និងទីពីរគឺក្រុមហ៊ុនបញ្ជាទិញធំៗ អាចនឹងលែងបញ្ជាទិញទំនិញពីកម្ពុជា ដែលធ្វើឲ្យរោងចក្រកាន់តែច្រើនទៀត នឹងបិទទ្វារ ហើយកម្មករកាន់តែច្រើនទៀតនឹងបាត់បង់ការងារធ្វើ៖ « ជាឧបសគ្គហើយការនាំចេញ។ មុខទំនិញ ៤០ មុខ ហើយទំនិញជាច្រើនពាក់ព័ន្ធទៅនឹងសម្ភារៈកាត់ដេរ ដេរស្បែក និងខាងដេរស្បែកជើង និងកាបូបយួរដៃជាហ្នឹង និង អាវយឺត ឬ underwear មានទីផ្សារធំៗដូចជា H&M ឬ Addidas ដែលប៉ះខ្លាំងជាងគេ។ ទីផ្សារពីរហ្នឹង ទិញច្រើនមែនទែន ពីស្រុកខ្មែរ។ បើប៉ះខ្លាំងដូច្នេះ ទីផ្សារគេអាចទៅផលិតដែលគេត្រៀមនាំចេញហ្នឹង នៅប្រទេសផ្សេងទៀត ដែលយើងក៏ធ្លាប់បានដឹងដែរ » ។
លោក អាត់ ធន សោកស្ដាយខ្លាំង ដែលទោះខាងសហជីពខិតខំធ្វើការជាមួយខាងអង្គការអន្តរជាតិខាងការងារ (ILO) ខាងសហភាពអឺរ៉ុប និងរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ហាញអំពីកង្វល់ជុំវិញផលប៉ះពាល់ដល់ជីវភាពកម្មករនេះ ក៏ឃើញថា ខាងរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប មិនខិតជិតគ្នាសោះបែបនេះ។
ការមិនខិតជិតគ្នាសោះបែបនេះ បើតាមខាងគណៈកម្មការអឺរ៉ុបថា មកពីខាងភាគីរបបក្រុងភ្នំពេញ ព្រោះកូនសោ គឺលើដៃលោក ហ៊ុន សែន។ គណៈកម្មការអឺរ៉ុប ធ្លាប់បញ្ជាក់ហើយថា បើកម្ពុជាចង់បានការអនុគ្រោះពន្ធ EBA ពេញលេញឡើងវិញ គឺមានតែស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។
ការស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញនេះ រួមមានការផ្តល់នីតិសម្បទាឲ្យគណបក្សសង្គ្រោះជាតិ អាចដំណើរការឡើងវិញ ទម្លាក់ចោលរាល់បទចោទប្រកាន់លើប្រធានគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា និងបើកចំហសេរីភាពការបញ្ចេញមតិ សេរីភាពក្នុងការជួបប្រជុំគ្នា ដើម្បីតវ៉ា និងសេរីភាពសហជីព។ល។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺ ពីមន្ត្រីនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ជុំវិញជំហរដដែលរបស់គណៈកម្មការអឺរ៉ុបនេះទេ។ ប៉ុន្តែ មន្ត្រីនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន្ត ថាការបាត់បង់ EBA ២០% នេះគឺដោយសារគណៈកម្មការអឺរ៉ុបអ្នកកាត់។
កន្លងមករបបក្រុងភ្នំពេញ នៅតែរក្សាជំហរដដែលដែរ គឺមិនស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ តាមសំណើរបស់គណៈកម្មការអឺរ៉ុបនេះទេ ដោយសាររបបនេះ អះអាងថាចំណាត់ការរបស់ខ្លួន គឺធ្វើត្រឹមត្រូវតាមច្បាប់ និងថា បើធ្វើតាមសហភាពអឺរ៉ុប គឺស្មើនឹងឱនក្បាលចំពោះសហភាពអឺរ៉ុប និងធ្វើឲ្យបាត់បង់អធិបតេយ្យកម្ពុជាជាដើម។
ស្របពេលជាមួយគ្នានេះ របបក្រុងភ្នំពេញ បង្ហាញឲ្យឃើញអំពីការងាកទៅរកចិនខ្លាំង ដែលរបបនេះ អាចយកជាទីបង្អែក ដើម្បីប៉ះប៉ូវស្ថានភាពរងសម្ពាធពីសហគមន៍អន្តរជាតិបែបនេះ។ ពេលដឹងថានឹងបាត់ EBA របបក្រុងភ្នំពេញ ប្រញាប់ពន្លឿននីតិវិធីក្នុងការចុះហត្ថលេខា លើកិច្ចព្រមពាណិជ្ជកម្មសេរី (FTA) ជាមួយនឹងចិន។ ប៉ុន្តែ មន្ត្រីអង្គការសង្គមស៊ីវិល យល់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិននេះ មិនដូចគ្នាទៅនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបនោះទេ។ ប្រធានអង្គការសង់ត្រាល់ លោក មឿន តុលា ថា កម្ពុជានឹងចាញ់ប្រៀបចិនដាច់ ក្នុងស្ថានភាពនេះ៖ « ប៉ុន្មានថ្ងៃមុននេះ រដ្ឋក៏បានប្រកាសដែរ ថានឹងយកថ្ងៃទី ១២ ខែ សីហា យើងនេះ ដើម្បីជាថ្ងៃចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន។ ប្រាកដណាស់ [ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ] មិនអាចមកជំនួសការអនុគ្រោះពន្ធ EBA ហ្នឹងនោះទេ។ កម្លាំងនៃការនាំចេញ បើយើងមើលទៅ កម្ពុជានាំទៅចិនប្រមាណតែ ៥៨០ លានដុល្លារជាងទេ។ ចិនវិញនាំមកខ្មែរ ៦ពាន់លានដុល្លារជាង។ មាន័យថា បើយើងមើលទុយយោនៃការនាំទំនិញចេញពីកម្ពុជាទៅចិន គឺទុយយោមុខកាត់ ២១ ទេ ប៉ុន្តែទុយយោដែលនាំចូលពីចិនមកកម្ពុជាវិញ គឺសឹងថាទុយយោមួយម៉ែត្រ » ។
លោក មឿន តុលា ថាមិនត្រឹមតែកម្ពុជាចាញ់ប្រៀបចិន ក្នុងផ្នែកជញ្ជីងពាណិជ្ជកម្មមិនស្មើភាពគ្នានោះទេ លោកថា រដ្ឋាភិបាលចិន មិនខ្វល់ខ្វាយរឿងរំលោភសិទ្ធិមនុស្ស ឬបំផ្លាញប្រជាធិបតេយ្យអ្វី ដូចសហភាពអឺរ៉ុបនោះទេ។ ប្រការនេះ លោកថា ជាក្ដីកង្វល់មួយសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ។របបក្រុងភ្នំពេញ ទោះធ្លាប់អះអាងថា ពេលអត់ EBA ក៏កម្ពុជាមិនស្លាប់នោះ ទទួលស្គាល់ថាកម្ពុជាកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីវិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន កាលពីថ្ងៃទី៣១ ខែកក្កដា របបក្រុងភ្នំពេញថា វិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ រួមមានវិស័យកាត់ដេរ-វាយនភណ្ឌ និងគ្រួសារក្រីក្រ និងងាយរងគ្រោះជាច្រើន ក៏កំពុងតែប្រឈមនឹងបញ្ហាលំបាកផ្សេងៗ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ក្នុងស្ថានភាពបែបនេះ របបក្រុងភ្នំពេញ ថានឹងបន្តជួយឧបត្ថម្ភប្រាក់ ៤០ ដុល្លារក្នុងមួយខែ ដល់កម្មកររោងចក្រ ដែលបាត់បង់ការងារ សម្រាប់ ០២ ខែបន្តទៀត រហូតដល់ដាច់ខែ កញ្ញា និងបន្តចែកប្រាក់ដល់គ្រួសារក្រីក្រ ក្នុងមួយគ្រួសារ ពី ២០ ទៅ ៣០ ដុល្លារក្នុងមួយខែ សម្រាប់រយៈពេល ០២ ខែបន្តទៀត រហូតដល់ដាច់ខែ កញ្ញាដែរ។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសហជីព និងអង្គការសង្គមស៊ីវិល ថាជំនួយឧបត្ថម្ភទាំងនេះ តិចតួចស្ដួចស្ដើង និងបានតែមួយគ្រា ដែលមិនអាចដោះស្រាយបញ្ហាកម្មករជាទូទៅ សម្រាប់រយៈពេលវែង ដូចមាន EBA ពេញលេញនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។