ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប​សម្ដែង​ក្ដី​កង្វល់​ខ្លាំង​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ ខណៈ​ដាក់​របាយការណ៍​វាយតម្លៃ​ឈាន​ទៅ​ព្យួរ​ EBA​ ដល់​កម្ពុជា​

0:00 / 0:00

ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប​សម្ដែង​ក្តី​កង្វល់​ខ្លាំង​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ខណៈ​សហភាព​អឺរ៉ុប​ដាក់​របាយការណ៍​វាយតម្លៃ​បឋម​ជូន​កម្ពុជា មុន​នឹង​ឈាន​ទៅ​សម្រេច​ចិត្តជា​ផ្លូវការ​ថា តើ​ត្រូវ​ដកហូត ឬ​មិន​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» ឬ EBA របស់​សហភាព​អឺរ៉ុប។

គណៈកម្មការ​អឺរ៉ុប នៅ​ថ្ងៃ​ទី១២ វិច្ឆិកា បាន​បិទ​បញ្ចប់​ហើយ​ការ​សរសេរ​របាយការណ៍​វាយតម្លៃ​បឋម​អំពី​ករណី​រំលោភ​សិទ្ធិមនុស្ស សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា​។ គណៈកម្មការ​អឺរ៉ុប​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​ផ្សាយ​ថ្ងៃ​ទី​១២ វិច្ឆិកា ថា ខ្លួន​បាន​ផ្ញើ​របាយការណ៍​បឋម​នេះ ទៅ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ជា​ផ្លូវការ​រួចរាល់​ហើយ នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា ហើយ​ថា របាយការណ៍​វាយតម្លៃ​បឋម​នេះ បង្ហាញ​នូវ​របកគំហើញ​ពី​ការស៊ើបអង្កេត​របស់​ខ្លួន​ដែល​បាន​ធ្វើឡើង​តាំងពី​សហភាព​អឺរ៉ុប​បាន​ចាប់ផ្តើម​ដំណើរការ​នីតិវិធី​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា កាលពី​ពាក់​កណ្តាល​ខែ​កុម្ភៈ​កន្លង​ទៅ។

ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប អ្នកស្រី សេស៊ីលៀ ម៉ាស្ត្រុម (Cecilia Malmstrom) សរសេរ​បញ្ជាក់​ក្នុង​ទំព័រ​ទ្វីតធ័​រ (Twitter) ផ្លូវការ​របស់​អ្នកស្រី​ថា យើង​បាន​បញ្ចប់​របាយការណ៍​របស់​យើង​អំពី​ការ​ព្យួរ​បណ្ដោះអាសន្ន​នៃ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ដល់​កម្ពុជា​។ អ្នកស្រី​សង្កត់​ធ្ងន់ៗ​ថា យើង​មាន​ក្តី​កង្វល់​យ៉ាង​ខ្លាំង​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ អ្នកស្រី​បន្ត​ថា អាជ្ញាធរ​កម្ពុជា ឥឡូវ​នេះ មាន​រយៈពេល​មួយ​ខែ​ដើម្បី​ធ្វើ​ការ​ឆ្លើយ​តប និង​ថា សហភាព​អឺរ៉ុប នឹង​ធ្វើ​សេចក្តី​សម្រេចចិត្ត​ស្ថាពរ​របស់​ខ្លួន​នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​ក្រោយ​នេះ។

We have completed our report on the temporary suspension of trade preferences to Cambodia. We are very concerned about the human rights situation there. The Cambodians now have one month to respond and we will make our final decision in Feb next year. ↘️

ក្រៅពី​ការ​សម្ដែង​កង្វល់​ខ្លាំង​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នេះ ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប​រូប​នេះ មិន​បាន​ទម្លាយ​ឱ្យ​ដឹង​ពី​ខ្លឹមសារ​លម្អិត នៃ​របាយការណ៍​វាយតម្លៃ​បឋម​របស់​សហភាព​អឺរ៉ុប​នេះ​ឡើយ ជុំវិញ​ជំហរ​របស់​សហភាព​អឺរ៉ុប ថា តើ​អាច​នឹង​ឈាន​ទៅ​សម្រេច​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ដែរ​ឬ​យ៉ាងណា​នោះ​។ ប្រភព​ពី​មន្ត្រី​គណៈកម្មការ​អឺរ៉ុប​មួយ​រូប សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​អាស៊ីសេរី​តាម​ទូរស័ព្ទ កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា គណៈកម្មការ​អឺរ៉ុប​បញ្ចេញ​របាយការណ៍​នេះ ឱ្យ​ដល់​តែ​ខាង​ភាគី​អាជ្ញាធរ​កម្ពុជា​តែប៉ុណ្ណោះ។ មន្ត្រី​គណៈកម្មការ​អឺរ៉ុប​ដដែល​នេះ​ថា របាយការណ៍​វាយតម្លៃ​បឋម​នេះ មិន​អាច​បញ្ចេញ​ជា​សាធារណៈ​បាន​ឡើយ ដោយ​រក្សា​ជា​ការ​សម្ងាត់ ហើយ​មានតែ​ភាគី​អាជ្ញាធរ​កម្ពុជា​តែប៉ុណ្ណោះ​ដែល​ដឹង​ពី​ខ្លឹមសារ​នៃ​របាយការណ៍​នេះ​។ លោក​ថា អាជ្ញាធរ​កម្ពុជា​មាន​រយៈ​ពេល​មួយ​ខែ ដើម្បី​ឆ្លើយតប ពោល​គឺ​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី​១១ ធ្នូ ឆ្នាំនេះ​។ លោក​បន្ត​ថា បន្ទាប់​មក នៅ​មុន​ពេល​សហភាព​អឺរ៉ុប​សម្រេច​ចិត្តជា​ស្ថាពរ ថា តើ​ត្រូវ​ដក ឬ​មិន​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ គណៈកម្មការ​អឺរ៉ុប នឹង​បញ្ចេញ​របាយការណ៍​នេះ​ជា​សាធារណៈ។

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ទៅ​ស្ថាន​បេសកកម្ម​កម្ពុជា​ប្រចាំ​ប្រទេស​ប៊ែលហ្សិក និង​សហភាព​អឺរ៉ុប ដើម្បី​សុំ​ការ​បញ្ជាក់​ពី​ការ​ទទួល​បាន​របាយការណ៍​នេះ និង​ខ្លឹមសារ​ជាក់លាក់​នៃ​ការ​វាយ​តម្លៃ​​នេះ ក៏ប៉ុន្តែ​ពុំ​មាន​អ្នក​លើក​ទូរស័ព្ទ​។ ដោយឡែក លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​របប​ក្រុងភ្នំពេញ មិនទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​ទេ​ថា តើ​កម្ពុជា​បាន​ទទួល​របាយការណ៍​របស់​សហភាព​​អឺរ៉ុប​នោះ។ លោក​បាន​ជំរុញ​អាស៊ីសេរី ឱ្យ​ទាក់ទង​ទៅ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កេត សាផាន់ តែ​លោក​មិន​លើក​ទូរស័ព្ទ។ យ៉ាង​ណា​ក៏​ដោយ​លោក ផៃ ស៊ីផាន ថា រដ្ឋាភិបាល​នៅ​តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​របាយការណ៍​វាយតម្លៃ​ដំបូង​របស់​សហភាព​អឺរ៉ុប​នេះ៖ «ខ្ញុំ​ជឿ​វិជ្ជមាន​ពីព្រោះ​យើង​បាន​ជជែក​គ្នា ពន្យល់​គ្នា ដែល​ខុស​ប្លែក​ពី​គេ​ប្រើប្រាស់​របាយការណ៍​ចាស់​កន្លង​មក​ហើយ»។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​មួយ​រូប​ទៀត ត្រូវ​បាន​ភ្នាក់ងារ​សារព័ត៌មាន​អង់គ្លេស រ៉យទ័រ (Reuters) ស្រង់​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា ដោយ​បញ្ជាក់​ថា រដ្ឋាភិបាល​ទទួល​បាន​របាយការណ៍​របស់​សហភាព​អឺរ៉ុប​នេះ​ហើយ តែ​លោក​បដិសេធ​អត្ថាធិប្បាយ​បន្ថែម។

នៅ​មួយ​ថ្ងៃមុន​ការ​ចេញផ្សាយ​របាយការណ៍​វាយតម្លៃ​បឋម​នេះ កាលពី​ថ្ងៃ​ទី​១១ វិច្ឆិកា សហភាព​អឺរ៉ុប គូស​បញ្ជាក់​ជាថ្មី​ម្ដង​ទៀត​ថា ខ្លួន​ចង់​ឃើញ​អាជ្ញាធរ​កម្ពុជា ចាត់​វិធានការណ៍​ជាបន្ទាន់ បើក​ចំហ​លំហ​នយោបាយ បង្កើត​ឱ្យ​មាន​នូវ​លក្ខខណ្ឌ​ចាំបាច់​នានា ដើម្បី​ឱ្យ​មាន​គណបក្ស​ប្រឆាំង​តាម​បែប​ប្រជាធិបតេយ្យ និង​ជឿ​ទុក​ចិត្ត​បាន ហើយ​ចាប់ផ្ដើម​ដំណើរការ​ផ្សះផ្សា​ជាតិ​តាមរយៈ​កិច្ច​សន្ទនា ដោយ​ពិតប្រាកដ និង​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់។

The EU🇪🇺 reiterates the importance of the Cambodian authorities taking immediate action to open the political space in the country, to establish the necessary conditions for a credible, democratic opposition. More on the latest developments in Cambodia🇰🇭👇

ក្រៅពី​គូស​បញ្ជាក់​ពី​ចំណុច​សំខាន់ៗ ចង់​ឃើញ​ឱ្យ​មានការ​បើក​លំហ​នយោបាយ និង​ផ្សះផ្សា​​ជាតិ​ឡើងវិញ​នេះ សហភាព​អឺរ៉ុប​បញ្ជាក់​ថា « យើង​ចង់​ឃើញ​ឱ្យ​មានការ​ដោះលែង​លោក កឹម សុខា ទាំងស្រុង និង​មានការ​ផ្ដល់​សិទ្ធិ​នយោបាយ​ឱ្យ​លោក​ឡើងវិញ ដើម្បី​ឱ្យ​លោក កឹម សុខា អាច​បំពេញ​តួនាទី​ពេញលេញ​ក្នុង​ជីវិត​នយោបាយ​របស់​លោក »

សហភាព​អឺរ៉ុប ក៏​រំពឹង​ចង់​ឃើញ​អាជ្ញាធរ​កម្ពុជា ផ្ដល់​សិទ្ធិ​នយោបាយ​ដល់​គ្រប់​សមាជិក​គណបក្សប្រឆាំង​ទាំងអស់​ដែល​ត្រូវ​បាន​ហាមប្រាម​មិន​ឱ្យ​ធ្វើ​នយោបាយ និង​ឱ្យ​មានការ​ដោះលែង​សមាជិក ក្រុម​អ្នកគាំទ្រ និង​សកម្មជន​គណបក្សប្រឆាំង​ទាំងអស់ ដែល​អាជ្ញាធរ​កម្ពុជា​បាន​ចាប់ និង​ឃុំខ្លួន​ពួកគេ​ជា​បន្តបន្ទាប់ នា​រយៈពេល​ចុងក្រោយ​នេះ។

ក្រោយ​របប​ក្រុងភ្នំពេញ​រម្លាយ​គណបក្ស​ប្រឆាំង និង​ជម្នះ​បង្កើត​រដ្ឋាភិបាល និង​រដ្ឋសភា​ឯក​បក្ស តាមរយៈ​ការបោះឆ្នោត «​ក្លែងក្លាយ​» រួចមក សហភាព​អឺរ៉ុប បាន​ចាប់ផ្តើម​ដំណើរការ​នីតិវិធី​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ​» ហៅ​កាត់​ថា EBA កាលពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ កន្លងទៅ ដើម្បី​ដាក់​សម្ពាធ​មក​លើ​របប​នេះ​ឱ្យ​ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ។ បន្ទាប់​ពី​សហភាព​អឺរ៉ុប បញ្ចេញ​របាយការណ៍​វាយតម្លៃ​បឋម​ចំពោះ​ការ​រក​ឃើញ​របស់​ខ្លួន ជុំវិញ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា ដែល​ជា​ឯកសារ​គោល​ក្នុង​ការ​យក​ទៅ​សម្រេច​ចិត្ត​ថា តើ​ត្រូវ​ដក ឬ​មិន​ត្រូវ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះ របប​ក្រុងភ្នំពេញ​មាន​រយៈពេល​មួយ​ខែ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​រក​ឃើញ​នេះ។ បន្ទាប់​មក សហភាព​អឺរ៉ុប នឹង​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ចុងក្រោយ ថា​តើ​ត្រូវ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២០។

ប្រសិនបើ​សហភាព​អឺរ៉ុប សម្រេច​ដកហូត​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា នោះ​ការ​គិត​ពន្ធ​ជា​ផ្លូវការ​ពី​កម្ពុជា នឹង​ចាប់ផ្ដើម​ពី​ពាក់​កណ្ដាល​ខែ​សីហា ឆ្នាំ​២០២០ តទៅ​។ ស្ថាប័ន​អន្តរជាតិ​ធំៗ រួម​មាន ​ធនាគារ​​ពិភពលោក (World Bank) ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិ​រូបិយវត្ថុ​​អន្តរជាតិ (IMF) សុទ្ធតែ​​បាន​​ព្រមាន​​ព្រមៗ គ្នា​​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា នឹង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ពី ៧​ភាគរយ​នៅ​ឆ្នាំ​២០១៩ នេះ មក​នៅ ៦,៨​ភាគរយ នៅ​ឆ្នាំ​២០២០ ដោយសារតែ​ភាព​មិន​ប្រាកដ​ប្រជា​នៃ​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​។ កម្ពុជា​អាច​នឹង​ខាតបង់​រហូត​ដល់​ទៅ​ជិត ៧០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ ប្រសិនបើ​សហភាព​អឺរ៉ុប​សម្រេច​យកពន្ធ​លើ​រាល់​មុខទំនិញ​ទាំងអស់​របស់​កម្ពុជា​មែន​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។