រយៈពេលចុងក្រោយនេះ ផលិតផលកសិកម្មកាន់តែច្រើនមុខ ជួបប្រទះនឹងបញ្ហាខ្វះទីផ្សារលក់ចេញ ឬឈ្មួញឲ្យតម្លៃថោកមិនរួចថ្លៃដើមផលិត និងមិនរួចថ្លៃកម្លាំងពលកម្មក្នុងការផលិតស្រូវឡើយ។ កសិករនៅខេត្តពោធិ៍សាត់ ជាច្រើនគ្រួសារ កំពុងប៉ះពាល់ជីវភាព ឬប្រឈមការរឹបអូសទ្រព្យសម្បត្តិពីសំណាក់ម្ចាស់បំណុល ដែលកសិករបានខ្ចីបុលប្រាក់គេរាប់ពាន់ដុល្លារយកទៅធ្វើដើមទុនផលិត។
ស្របពេលដែលកសិករខ្មែរត្អូញត្អែរពីតម្លៃពោត ដំឡូង ល្ពៅ ជាដើមធ្លាក់ថ្លៃ តម្លៃស្រូវប្រភេទផ្កាម្លិះ និងសែនក្រអូបរបស់កសិករនៅឃុំត្រពាំងជង ស្រុកបាកាន ដែលធ្លាប់លក់បានមួយគីឡូក្រាមចាប់ពី ១ពាន់រៀលឡើងទៅនោះ បានធ្លាក់ថ្លៃមកនៅចន្លោះ ៨០០រៀល ទៅ ៨៦០រៀលក្នុងមួយគីឡូក្រាម។ ក្រុមកសិករខកចិត្តចំពោះរដ្ឋាភិបាល ដែលមិនជួយរកទីផ្សារជូនពួកគាត់។
កសិករម្នាក់នៅភូមិពោធិ៍ល្យុំ ឈ្មោះ ឃឹម អ៊ីម ដែលជើងប្រឡាក់ភក់ស្រមក កំពុងឈរជជែកពីបញ្ហាតម្លៃស្រូវចុះថោកជាមួយកសិករប្រមាណ ២០នាក់ផ្សេងទៀតនៅក្នុងភូមិ។ លោក ឃឹម អ៊ីម មានប្រសាសន៍ថា អ្នកភូមិភាគច្រើនអាចចាប់ផ្ដើមភ្ជួររាស់ដីស្ទូង ឬព្រោះស្រូវទៅបាន គឺអាស្រ័យលើលុយខ្ចីគេដោយមានការប្រាក់ និងកំណត់ពេលសងវិញជាក់លាក់ ទើបកសិករខ្លះបង្ខំចិត្តលក់ស្រូវទាំងថោក៖ « កង្វល់នោះរាល់ថ្ងៃនេះកសិករយើងអាស្រ័យនឹងកសិកម្ម ដល់ពេលកសិករធ្វើស្រែបានមក ស្រូវថោកទៅៗគ្មានរកកន្លែងណាដោះស្រាយឲ្យបានតម្លៃសមរម្យ ជាពិសេសនៅឃុំ រោងម៉ាស៊ីនទម្លាក់តម្លៃថោកទៅៗ ដែលប្រជាពលរដ្ឋមិនអាចទទួលយកបាន »។
ចំណែកកសិករម្នាក់ទៀត លោកស្រី ចាប ធៀម ត្អូញត្អែរថា ជីវភាពគ្រួសារ និងជីវិតរបស់លោកស្រីពឹងលើស្រែទំហំ ៣ហិកតារដែលធ្វើរាល់ឆ្នាំ ប៉ុន្តែបើតម្លៃស្រូវនៅតែបន្តធ្លាក់ថ្លៃ នឹងប៉ះពាល់ធ្ងន់ធ្ងរដល់គ្រួសារគាត់។ លោកស្រីថា សព្វថ្ងៃសមាជិកគ្រួសារគាត់ពុំមានកម្លាំងធ្វើស្រែទាំងនេះផ្ទាល់ទេ ដែលត្រូវចំណាយដើមទុនច្រើនដើម្បីជួលគេភ្ជួររាស់ដី បាញ់ថ្នាំសម្លាប់សត្វល្អិត និងច្រូតកាត់៖ « ជួបការលំបាកនឹងទីផ្សារអត់មានហ្នឹងហើយ ! ស្រូវធ្លាក់ចុះ សូមឲ្យរាជរដ្ឋាភិបាលជួយរកទីផ្សារឲ្យកសិករឲ្យបានឡើងថ្លៃ។ សុំឡើងម៉ាសមរម្យល្មមទូទាត់ថ្លៃជី ថ្លៃថ្នាំគេ និងបានសល់ខ្លះអ៊ីចឹងទៅ »។

មានកសិករខ្លះទម្លាក់កំហុសលើឈ្មួញ និងគ្រោះធម្មជាតិដែលបង្កឲ្យប្រភពទឹកហួតរីងគ្មានទឹកក្នុងប្រឡាយ ដើម្បីទាញទឹកបញ្ចូលស្រែ បណ្ដាលឲ្យការងារបង្កបង្កើនផលស្រូវយឺតយ៉ាវ ពោលពួកគេធ្លាប់ទទួលផលនៅអំឡុងខែសីហា ប៉ុន្តែឆ្នាំនេះអូសបន្លាយដល់ខែកញ្ញា ដែលពួកគេយល់ថាជាខែស្រូវថោក។ រីឯកសិករខ្លះទៀត បានស្ដីបន្ទោសរដ្ឋាភិបាលដែលមិនរកទីផ្សារសមរម្យជូនកសិករ។
អ្នកភូមិពោធិ៍ល្យុំ ដែលជាក្រុមកសិករនិយមផលិតស្រូវរយៈពេលខ្លី គឺស្រូវផ្កាម្លិះ និងសែនក្រអូប ត្អូញព្រមៗគ្នាថា នៅគ្រាដែលកសិករប្រមូលផលស្រូវបានជិត ៥០ភាគរយហើយនោះ អាជ្ញាធរពាក់ព័ន្ធគប្បីជួយកសិករក្នុងរូបភាពណាក៏បាន ឲ្យតែស្រូវឡើងថ្លៃបន្តិច។ បើមិនដូច្នេះទេ ផលិតភាពកសិកម្មនៅឆ្នាំក្រោយៗ នឹងថយចុះ ដោយកសិករត្រូវបញ្ចាំ ឬប្រវាស់ស្រែឲ្យគេ រួចនាំគ្នាធ្វើចំណាកស្រុក។
ទាក់ទងបញ្ហានេះ មេឃុំត្រពាំងជង លោក អ៊ឹម សាមិន ថាកន្លងទៅមានមន្ត្រីចុះអប់រំផ្សព្វផ្សាយពីការផលិតស្រូវបែបណាដែលមានគុណភាពល្អ និងលក់បានថ្លៃ ប៉ុន្តែរបបទីផ្សារសេរីមិនអាចរក្សាលំនឹងតម្លៃស្រូវឲ្យបានថ្លៃរហូតនោះទេ ហើយអាជ្ញាធរក៏មិនអាចជួយឲ្យតម្លៃស្រូវឡើងថ្លៃបានដែរ។ លោកបញ្ជាក់ថា ឃុំត្រពាំងជង មាន ២០ភូមិ ក្នុងនោះមានភូមិកំពុងច្រូតកាត់ប្រមូលផលស្រូវចំនួន ៩ភូមិ។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម លោក ម៉ាក់ សឿន និងលោក ឡោ រស្មី ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៤ ខែកញ្ញា ប៉ុន្តែប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់លើកឡើងថា តម្លៃស្រូវចុះថោក គឺបណ្ដាលមកពីបញ្ហាបញ្ជាទិញរបស់បណ្ដាប្រទេសអភិវឌ្ឍន៍ខ្លាំង ហើយបញ្ហានេះមិនមែនមានតែនៅប្រទេសកម្ពុជា នោះទេ។
នាយកប្រតិបត្តិអង្គការសេដាក (CEDAC) លោក សម វិទូ មានប្រសាសន៍ថា រឿងពីរដែលរដ្ឋាភិបាលត្រូវធ្វើដើម្បីរក្សាតម្លៃស្រូវជូនកសិករ គឺទីមួយ រដ្ឋគួរបញ្ចេញកញ្ចប់ថវិកា ឬកម្ចីគ្មានការប្រាក់ដល់រោងម៉ាស៊ីនសម្រាប់ប្រមូលទិញស្រូវ និងទីពីរ ត្រូវទប់ស្កាត់ការនាំចូលអង្ករពីប្រទេសវៀតណាម ដែលយកមកលក់ក្នុងតម្លៃថោកនៅកម្ពុជា។ លោកថា បើមិនធ្វើដូច្នេះទេ ស្រូវនៅតែមានបញ្ហាធ្លាក់ថ្លៃ៖ « បើអត់មានកញ្ចប់ថវិកាសម្រាប់ពួកគាត់ ជាពិសេសខាងរោងម៉ាស៊ីនកិនស្រូវអត់ហ៊ានទិញទេ ព្រោះការស្ដុកទុកច្រើន ធ្វើឲ្យគាត់អាចខាតច្រើនដែរ ហើយការផលិត ជាពិសេសប្រទេសវៀតណាម និងថៃ មានការបញ្ចេញអង្ករ និងស្រូវលាងឃ្លាំង ជួនកាលវៀតណាម ផលិតបានច្រើនយកទៅលក់ ធ្វើឲ្យទីផ្សារវាជន់ ហើយតម្លៃចុះថោក »។
លោក សម វិទូ បញ្ជាក់ថា បើរដ្ឋាភិបាលដោះស្រាយបញ្ហាស្រូវចុះថោកមិនបានទាន់ពេលវេលានោះទេ កសិករខ្មែរនឹងប៉ះពាល់ផ្នែកជីវភាព និងចំណាកស្រុកកាន់តែច្រើនឡើង។ កសិករត្រូវការលុយចាំបាច់ក្រោយប្រមូលផលស្រូវភ្លាមៗដើម្បីដោះបំណុលគេ ប៉ុន្តែបើស្រូវមិនសូវបានផល ឬតម្លៃស្រូវចុះថោកនោះ ដូចជាបង្ខំឲ្យកសិករដើរដល់ផ្លូវទាល់ច្រក ហើយនាំគ្នាស្វះស្វែងរកប្រាក់តាមវិធីផ្សេង។
រដ្ឋធម្មនុញ្ញកម្ពុជា ត្រង់មាត្រា៦២ ចែងថា រដ្ឋយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិត ការពារថ្លៃផលិតផលជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផល។ រីឯមាត្រា៦៣ ចែងថា រដ្ឋយកចិត្តទុកដាក់គ្រប់ទីផ្សារ ជួយឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានកម្រិតសមរម្យ។ យោងតាមខ្លឹមសារនៃមាត្រាទាំងពីរនេះ រដ្ឋាភិបាលបានបំពេញតម្រូវការរបស់កសិករតិចតួចនៅឡើយ។

អ្នកស្រាវជ្រាវផ្នែកការអភិវឌ្ឍសង្គម លោក មាស នី ថ្លែងថា រដ្ឋាភិបាលអនុវត្តបានប្រមាណ ១០ភាគរយប៉ុណ្ណោះចំពោះវិស័យកសិកម្ម ក្នុងការឆ្លើយតបទៅនឹងខ្លឹមសារនៃមាត្រាទាំងពីរនេះ។ លោកបានជួបពលរដ្ឋ និងអាជ្ញាធរភូមិ-ឃុំ សុទ្ធតែត្អូញត្អែរដូចគ្នាថា រដ្ឋដូចជាមិនបានជួយអ្វីសោះក្នុងការរំដោះទុក្ខលំបាកកសិករ ដោយពេលខ្លះស្រូវគាត់មានសត្វល្អិតស៊ី ក៏មន្ត្រីកម្រនឹងចុះមើលណាស់៖ « ដល់យើងជួបខាងមន្ត្រីកសិកម្មវិញគាត់ឆ្លើយថា ឲ្យខ្ញុំមកយ៉ាងម៉េច ? បើរកតែលុយចាក់សាំងម៉ូតូអត់មាន។ អ៊ីចឹងបានខ្ញុំភ្ញាក់ផ្អើលណាស់ពេលឮប៉ុន្មានថ្ងៃមុនឯកឧត្ដមរដ្ឋមន្ត្រីក្រសួងកសិកម្ម ថានឹងមកមានវិធានការបង្ក្រាបឈ្មួញកណ្ដាលដែលទិញឲ្យតម្លៃថោកទៅពលរដ្ឋ។ អានេះចំទៅនឹងសុភាសិតខ្មែរនិយាយថា ច្របាច់កចិន លានអណ្ដាតខ្មែរនោះណា ! វិធានការនេះអត់មានប្រសិទ្ធភាពទេ ហើយនឹងធ្វើឲ្យបញ្ហាកាន់តែលំបាកសម្រាប់កសិករទៀត »។
លោក មាស នី បន្ថែមថា ពលរដ្ឋភាគច្រើនពុំមានលទ្ធភាពសង់ផ្ទះ ឬទិញម៉ូតូថ្មីៗនោះទេ ក្រៅពីខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ។ កសិកររំពឹងលើប្រភពចំណូលពីកូនធ្វើការងាររោងចក្រ ឬសំណង់មកវិញ ដើម្បីយកទៅបង់រំលស់ធនាគារ គឺមិនពឹងលើរបរកសិកម្មទាំងស្រុងនោះទេ៖ « ពីដើមមកយើងឃើញថាមានតែពលរដ្ឋ ឬគ្រួសារកសិករក្រីក្រទេដែលរត់ចោលស្រុក រត់ចោលដីដោយសារតែមិនអាចរស់បាន។ ឥឡូវនេះយើងឃើញថា កសិករមធ្យមក៏ចាប់ផ្ដើមជួបប្រទះបញ្ហាហ្នឹងដែរ »។
រហូតមកដល់ពេលនេះ គេមិនទាន់ឃើញរដ្ឋាភិបាលមានយន្តការជាក់លាក់ដើម្បីធានាតម្លៃស្រូវ និងកសិផលដទៃទៀតក្នុងតម្លៃសមរម្យនៅឡើយទេ។ ប្រមុខរដ្ឋាភិបាល ឬអាជ្ញាធរតែងតែណែនាំកសិករពីការផលិតស្រូវមានគុណភាព និងព្រមានអាជ្ញាធរមូលដ្ឋាន មិនឲ្យឃុបឃិតជាមួយឈ្មួញទិញស្រូវផ្ដាច់មុខ ដែលជាហេតុនាំឲ្យតម្លៃស្រូវចុះថោក ជាជាងរកវិធីផ្សេងជួយកសិករ បើទោះបីជាដឹងថាពលរដ្ឋខ្មែរជាង ៨០% ប្រកបរបរកសិកម្មក្តី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។