សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​រួម​គ្នា​បង្កើន​ផលិតភាព​ការងារ

0:00 / 0:00

សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា ជីម៉ាក់ (GMAC) នៅ​ថ្ងៃ​ទី​២៤ ឧសភា អំពាវនាវ​ឲ្យ​ភាគី​កម្មករ សហជីព និង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​រោងចក្រ​កាត់​ដេរ រួម​គ្នា​បង្កើន​ផលិតភាព​ការងារ។ ការ​អំពាវនាវ​របស់​ជីម៉ាក់ ធ្វើ​ឡើង​ជា​ថ្មី​ទៀត ដោយ​ព្រមាន​ថា សមត្ថភាព​ផលិត​មាន​កម្រិត​ទាប​របស់​កម្មករ នឹង​ធ្វើ​ឲ្យ​កម្ពុជា ចាញ់​ប្រៀប​ប្រទេស​ជា​ដៃគូ​ប្រកួត។ ចំណែក​ភាគី​សហជីព បន្ត​ទាមទារ​ឲ្យ​ក្រុម​ថៅកែ​រោងចក្រ យក​ចិត្ត​ទុក​ដាក់​កែលំអ​លក្ខខណ្ឌ​ការងារ​ជូន​កម្មករ និង​បង្ហាញ​តួលេខ​ស្ដីពី​ការ​ខាតបង់​ឲ្យ​បាន​ច្បាស់លាស់ ជា​ជាង​ដាក់​បន្ទុក​លើ​កម្មករ​ដែល​ទទួល​បាន​ថ្លៃ​ឈ្នួល​ទាប​នៅ​ឡើយ។

ជា​ថ្មី​ម្ដង​ទៀត សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​កាត់​ដេរ រួម​មាន​កម្មករ សហជីព ក្រុម​ថៅកែ​រោងចក្រ និង​រដ្ឋាភិបាល ផ្ដោត​លើ​ការ​បង្កើន​ផលិតភាព​ការងារ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ចេញ​ផ្សាយ​ថ្ងៃ​ទី​២៤ ឧសភា សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា លើក​ឡើង​ថា ការ​ធ្លាក់​ចុះ​នៃ​ផលិតភាព​ការងារ គួបផ្សំ​នឹង​ការ​បន្ត​កើន​ឡើង​ថ្លៃ​ចំណាយ​ក្នុង​ផលិតកម្ម នឹង​ធ្វើ​ឲ្យ​កម្ពុជា ចាញ់​គូ​ប្រកួត​សំខាន់ៗ​របស់​ខ្លួន ដូចជា វៀតណាម បង់ក្លាដេស (Bangladesh) និង​មីយ៉ាន់ម៉ា ជាដើម។

អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា លោក កាំង ម៉ូនីកា អះអាង​ថា ការ​កើន​ឡើង​ថ្លៃ​ឈ្នួល​កម្មករ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ជា​ដើម​ចម​ចម្បង​ធ្វើ​ឲ្យ​ថ្លៃ​ចំណាយ​ផលិតកម្ម​កើន​ឡើង រីឯ​ផលិតភាព​បន្ត​ធ្លាក់​ចុះ ដោយសារ​កត្តា​រួម​ផ្សំ​ជាច្រើន ដូចជា ទំនាក់ទំនង​មិន​ល្អ​រវាង​កម្មករ និង​ថៅកែ​រោងចក្រ ចំនួន​ថ្ងៃ​ឈប់​សម្រាក​ច្រើន និង​កត្តា​ផ្សេងៗ​ទៀត។

លោក កាំង ម៉ូនីកា លើក​ឡើង​ថា ការ​បង្កើន​ផលិតភាព​ការងារ គឺ​ជា​ប្រភព​ថវិកា​តែ​មួយ​គត់ ដែល​អាច​ឲ្យ​ថៅកែ​រោងចក្រ​បង្កើន​ប្រាក់​ឈ្នួល​ជូន​កម្មករ៖ « យើង​សួរ​ថា តើ​លុយ​បាន​មក​ពីណា យក​ទៅ​បង្កើន​ប្រាក់​ឈ្នួល​ទាំងអស់​ហ្នឹង ? ប្រភព​មាន​តែ​ពីរ ទេ។ ទី​មួយ គឺ​ការ​បង្កើន​ផលិតភាព​ការងារ​របស់​បង​ប្អូន​កម្មករ​កម្មការិនី​ទាំងអស់​ហ្នឹង។ ទី​ពីរ គឺ​ការ ផ្ដល់​ឲ្យ​នូវ​តម្លៃ​ខ្ពស់​ជាង​មុន​ពី​អ្នក​បញ្ជា​ទិញ ហើយ​បើ​យើង​សង្កេត​មើល​ទៅ​លើ​ការ​ផ្ដល់​ឲ្យ​នូវ​តម្លៃ ខ្ពស់​ជាង​មុន​ពី​អ្នក​បញ្ជា​ទិញ ហាក់​ដូចជា​មិន​មាន​សង្ឃឹម​ទេ ហើយ​ដូច​ដែល​យើង​បាន​សង្កេត​ឃើញ កន្លង​មក​ហើយ អ្នក​ដែល​បញ្ជា​ទិញ​មិន​បាន​ដំឡើង​ថ្លៃ​ទិញ​ឲ្យ​កម្ពុជា យើង​ទេ»

ទាក់ទង​នឹង​សមត្ថភាព​ផលិត​របស់​កម្មករ​នេះ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ យល់​ថា ថ្លៃ​ឈ្នួល​ទាប និង​លក្ខខណ្ឌ​ការងារ​មិន​ល្អ ជា​មូលហេតុ​នាំ​ឲ្យ​ផលិតភាព​ការងារ​ធ្លាក់​ចុះ « យើង​ដឹង​ហើយ​ថា ប្រាក់​ឈ្នួល ១៤០ (ដុល្លារ) ហ្នឹង មិន​អាច​រស់នៅ​សមរម្យ​បាន​ទេ។ គេ​ធ្វើ​រាល់​ថ្ងៃ​ដោយសារ​អត់​មាន​អី​ធ្វើ​ទេ។ កម្មករ​ជំនាញ​ដែល​គេ​ធ្វើ​ការងារ​យូរ តើ​ពួក​គាត់​មាន​សង្ឃឹម​អី? បើ​គាត់​ធ្វើ​យូរៗ​ទៅ គាត់​អត់​សល់​អី​ផង​ហ្នឹង ហើយ​គាត់​សល់​តែ​ជំងឺ ហើយ​សល់​នូវ​ភាព​លំបាក​របស់​ខ្លួន​ហ្នឹង។ ហើយ​គាត់​ចេះ​ច្រើន​ដែរ គាត់​មិន​ទៅ​រក​កន្លែង​ណា​ដែល​ប្រសើរ​ជាង។ អ៊ីចឹង​ហើយ​បាន​គាត់​ទៅ​រក​កន្លែង​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ប្រសើរ​ជាង ឬ​ក៏​វិស័យ​មួយ​ចំនួន​ប្រសើរ​ជាង។ ពេល​ខ្លះ គាត់​សម្រេច​ចិត្ត​ទៅ​ក្រៅ​ប្រទេស។ ខ្ញុំ​គិត​ថា មិន​បាច់​កែ​ច្រើន​ទេ។ ទី​មួយ ប្រាក់​បៀវត្សរ៍។ ទី​ពីរ គឺ​ម៉ោង​ពេល និង​សេរីភាព​របស់​គាត់​ឲ្យ​បាន​ពេញ​ទី។ តែ​ប៉ុណ្ណឹង គឺ​កម្មករ​មាន​ទឹក​ចិត្ត​ធ្វើ​ការ​វិញ​ហើយ»

លោក អាត់ ធន់ ស្នើ​ឲ្យ​ក្រុម​ថៅកែ​រោងចក្រ​ដែល​តែងតែ​អះអាង​ថា ពួក​គេ​កំពុង​ខាតបង់​នោះ បង្ហាញ​តួលេខ​ស្ដីពី​ការ​ខាតបង់​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់ ជា​ជាង​ដាក់​បន្ទុក​លើ​កម្មករ​ដែល​ទទួល​បាន​ថ្លៃ​ឈ្នួល​ទាប​នៅ​ឡើយ « និយោជក​គាត់​តែង​តែ​និយាយ​ថា​ខាត ប៉ុន្តែ​យើង​បាន​ជជែក​ចរចា​ប៉ុន្មាន​ឆ្នាំ​ហើយ យើង​ប្រាប់​ថា សូម​ឲ្យ​និយោជក​បង្ហាញ​មក ភស្តុតាង​មក ចំណេញ​ប៉ុន្មាន? ខាត​ប៉ុន្មាន? ហើយ​បើ​សិន​ជា​ខាត​មែន កម្មករ​និយោជិត​មិន​ចាំបាច់​ទារ​ពី​និយោជក​ទៀត​ទេ។ យើង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គាត់​ដោះស្រាយ ប៉ុន្តែ​និយោជក​អត់​ដែល​បង្ហាញ​អំពី​ការ​ចំណេញ និង​ចំណាយ​របស់​ខ្លួន​ទេ តែង​តែ​កុហក ហើយ​យក​លេស​ថា ប្រាក់​ឈ្នួល​ឡើងៗ បើ​ឡើង​ច្រើន គាត់​នឹង​ទៅ​ប្រទេស​ផ្សេងៗ យក​មក​និយាយ​តែ​ប៉ុណ្ណឹង អត់​មាន​មូលហេតុ ឬ​ក៏​អត់​មាន​អី​ជាក់​ច្បាស់ ដើម្បី​ធ្វើ​ជា​ទឡ្ហីករណ៍​ដើម្បី​ជជែក​ជាមួយ​កម្មករ​ទេ»

សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ក្រៅ​ពី​ស្នើ​ឲ្យ​ភាគី​កម្មករ​បង្កើន​សមត្ថភាព​ផលិត ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កាត់​បន្ថយ​បន្ថែម​ទៀត​លើ​ថ្លៃ​ឯកសារ ពិសេស​ថ្លៃ​ចំណាយ​ក្រៅ​ផ្លូវ​ការ ឬ​អំពើ​ពុក​រលួយ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សមាគម​នេះ​បញ្ជាក់​ថា សមាគម​បាន​ពិភាក្សា​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុង​ការ​រៀបចំ​យុទ្ធនាការ​ជំរុញ​ផលិតភាព​ការងារ ដែល​គ្រោង​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ឆាប់ៗ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។