ការសិក្សាស្រាវជ្រាវរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រកឃើញថា ចិន ចាប់អារម្មណ៍វិនិយោគនៅប្រទេសដែលសម្បូរធនធានធម្មជាតិដូចវិនិយោគិនបស្ចិមប្រទេសដែរ។ ក៏ប៉ុន្តែវិនិយោគិនចិន មិនពិនិត្យលក្ខខណ្ឌ និងមិនខ្វល់ពីការអនុវត្តសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋរបស់ប្រទេសដែលចិន ចង់ដាក់ទុនវិនិយោគនោះទេ ខណៈវិនិយោគិនបស្ចិមប្រទេសសម្លឹងមើលកន្លែងដែលមានការអនុវត្តអភិបាលកិច្ចល្អ។
ចិន វិនិយោគនៅគ្រប់តែប្រទេសហ្នឹង ដោយមិនប្រកាន់ពីចំណាត់ថ្នាក់នៃការអនុវត្តអភិបាលកិច្ចឡើយ គ្រាន់តែចិន ដៃទូលាយបន្តិច ពេលបោះទុនវិនិយោគនៅប្រទេសដែលមានអភិបាលកិច្ចខ្សោយ។
មន្ត្រីជាន់ខ្ពស់កម្មវិធីនៃមជ្ឈមណ្ឌលអាមេរិកាំង សម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) លោក ឃុន ថារ៉ូ ថ្លែងថា ស្ថានភាពនៅតាមរោងចក្រកាត់ដេរដែលមានថៅកែជាជនជាតិចិន ក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយ គឺលក្ខខណ្ឌការងាររបស់កម្មករនៅតែជាបញ្ហាប្រឈម ពិសេសប្រាក់ឈ្នួលអប្បបរមា ការរស់នៅរបស់កម្មករមិនទាន់បានប្រសើរឡើង ការអនុវត្តច្បាប់ស្ដីពីការងារក៏នៅទន់ខ្សោយ អធិការកិច្ចនៅតាមរោងចក្រក៏ខ្សោយ ដែលនាំឲ្យកម្មករ សហជីព ក្រោកឈរឡើងធ្វើបាតុកម្មកូដកម្មដាក់សម្ពាធលើអ្នកបញ្ជាទិញ ដើម្បីឲ្យថៅកែរោងចក្រកែប្រែស្ថានភាពនៅតាមរោងចក្រ។
រយៈពេលពេញមួយឆ្នាំ២០១៥ មានកូដកម្មចំនួន ៣៣៦ករណី និងបាតុកម្មចំនួន ១៩២ករណី។ ករណីបាតុកម្មកើនឡើងចំនួន ១.២៧១ភាគរយ តែករណីកូដកម្មថយចុះចំនួន ២ភាគរយ បើធៀបនឹងឆ្នាំ២០១៤។
នៅក្នុងការសិក្សាមួយកាលពីឆ្នាំ២០១៣ សាស្ត្រាចារ្យ អៀ សុផល រកឃើញថា ការគ្រប់គ្រងគ្មានប្រសិទ្ធភាព ចូលរួមចំណែកធ្វើឲ្យមានកូដកម្មជាញឹកញយ។

មេដឹកនាំសហជីពលោក អាត់ ធន់ បញ្ជាក់ថា សហជីពលោកដែលមានបណ្ដាញកម្មករកាត់ដេរនៅតាមរោងចក្រ ពិបាកធ្វើការជាមួយរោងចក្ររបស់វិនិយោគិនចិន។ លោកសង្កេតឃើញថា ក្នុងចំណោមរោងចក្រកាត់ដេរ រោងចក្រចិន ជាញឹកញយតែងធ្វើទុក្ខបុកម្នេញលើកម្មករ។ លោកបន្តថា ការអនុវត្តសេរីភាពក្នុងការចូលរួមសហជីព ក៏ត្រូវបានរឹតត្បិត ដូចជាអ្នកដែលហ៊ានចេញមុខតវ៉ាឲ្យកម្មករប្រឈមនឹងការបណ្ដេញចេញ៖ « ពេលខ្លះថៅកែរោងចក្របង្កើតសហជីពខ្លួនឯងឲ្យគេឃើញថាមានសហជីពក្នុងរោងចក្រ។ យើងខំតស៊ូដើម្បីសិទ្ធិកម្មករ តែអ្នកដែលសកម្ម ត្រូវគេចាប់ដាក់ពន្ធនាគារ »។
រដ្ឋាភិបាលត្រូវគេមើលឃើញថា បានប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីគាបសង្កត់សហជីពទាំងឡាយណាដែលសកម្មក្នុងការតវ៉ា។ ឧទាហរណ៍ មេដឹកនាំសហជីពមួយចំនួនកំពុងជាប់បណ្ដឹងនៅតុលាការ។ ចំណែកច្បាប់ស្ដីពីសហជីពដែលទើបអនុម័ត រងការរិះគន់ថា រឹតត្បិតសិទ្ធិសេរីភាពរបស់កម្មករក្នុងការធ្វើកូដកម្មបាតុកម្ម និងសិទ្ធិដទៃទៀតដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។
សហព័ន្ធសហជីពអន្តរជាតិ (International Trade Union Confederation) បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ក្នុងបញ្ជីប្រទេសទាំង១០ ដែលមានស្ថានភាពអាក្រក់បំផុតលើពិភពលោកផ្នែកសិទ្ធិការងារ ដោយសារការអនុម័តច្បាប់សហជីព និងការប្រើហិង្សារបស់ប៉ូលិស បង្ក្រាបបាតុកម្មរបស់កម្មករ។ អង្គការអន្តរជាតិនេះ ថ្លែងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ (ITUC Global Rights Index 2016) របស់ខ្លួនថា ច្បាប់សហជីពរឹតត្បិតលទ្ធភាពរបស់កម្មករក្នុងការចរចាប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ។
ការសិក្សាមួយរបស់អេស៊ា ផ្ល៉ វេច្ឆ អាឡាយអឺន (Asia Floor Wage Alliance) បង្ហើបឲ្យដឹងថា កម្មកររោងចក្រកាត់ដេរកម្ពុជា ទទួលរងនូវការបំពានសិទ្ធិការងារ ដូចជាប្រាក់បៀវត្សមិនគ្រប់គ្រាន់ និងកុងត្រាការងារខុសច្បាប់។
ទោះបីជាយ៉ាងណា លោក ហេង សួរ អ្នកនាំពាក្យនៃក្រសួងការងារ អះអាងថា ច្បាប់សហជីពមានទំនោរគាំទ្រប្រយោជន៍កម្មករ ហើយវាមានលក្ខណៈប្រសើរជាងច្បាប់សហជីពរបស់បណ្ដាប្រទេសមួយចំនួនទៀត ដូចជា ភូមា និងវៀតណាម៖ « អាយុ ១៨ឆ្នាំអាចធ្វើជាតំណាងរោងចក្របាន មិនត្រូវការលិខិតថ្កោលទោស។ ច្បាប់នេះមិនតម្រូវថា ត្រូវបញ្ជូនរបាយការណ៍ឲ្យក្រសួងទេ ច្បាប់តម្រូវឲ្យចម្លងរបាយការណ៍សន្និបាតប្រចាំឆ្នាំឲ្យក្រសួង »។
កាលពីនៅមានជីវិត បណ្ឌិត កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បានរកឃើញថា កម្មករកាត់ដេរកម្ពុជា អាចទទួលបានប្រាក់បៀវត្សយ៉ាងតិច ២០៨ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែនៅឆ្នាំ២០១៦ ប្រសិនបើគ្មានការរំលោភសិទ្ធិកម្មករ។ កាលពីឆ្នាំ២០០០ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរមានចំនួន ៤៥ដុល្លារ។ ចំនួននេះនៅថេររយៈពេល ៦ឆ្នាំ (២០០០-២០០៦)។
បច្ចុប្បន្ន កម្មករក្នុងវិស័យកាត់ដេរទទួលបានប្រាក់បៀវត្សអប្បបរមាចំនួន ១៤០ដុល្លារសហរដ្ឋអាមេរិក ហើយដៃគូពាក់ព័ន្ធកំពុងសិក្សាពិភាក្សាពីលទ្ធភាពដំឡើងប្រាក់ខែសម្រាប់ឆ្នាំ២០១៧។
បណ្ឌិត កែម ឡី យល់ឃើញថា ការមិនដំឡើងប្រាក់ខែឲ្យកម្មករ ជាមូលហេតុដែលនាំឲ្យកម្មករតវ៉ាខ្លាំង សន្លប់ច្រើន នៅពេលចំណូល និងចំណាយគ្មានតុល្យភាព។ លោកចាត់ទុកថា នេះជាការសម្រេចចិត្តខុសឆ្គងខ្លាំងផ្នែកគោលនយោបាយ និងជាការខ្វះការត្រួតពិនិត្យត្រឹមត្រូវពីស្ថាប័នសភាជាតិ និងភ្នាក់ងារពាក់ព័ន្ធ។

លោកស្រី សុគន្ធា ជាកម្មការិនីនៅរោងចក្រកាត់ដេរមួយក្នុងរាជធានីភ្នំពេញ។ លោកស្រីរៀបរាប់ពីការចំណាយប្រចាំថ្ងៃថា សម្រាប់អាហារពេលព្រឹក លោកស្រីចំណាយលើបាយស្រូប ១.០០០រៀល ឬនំ ៥០០រៀល។ សម្រាប់អាហារថ្ងៃត្រង់ លោកស្រីចំណាយលើបាយ ៥០០រៀល សម្ល ១.០០០រៀល ហើយទិញបង្អែម ៥០០រៀលសម្រាប់ហូបពេលរសៀល។ បើទោះជាគេដំឡើងប្រាក់ខែក៏ដោយ លោកស្រីថ្លែងថា តម្លៃទំនិញក៏ឡើងថ្លៃដែរ។ ពេលខ្លះ លោកស្រីត្រូវខ្ចីបុលគេបន្ថែម ដើម្បីទប់ទល់ការចំណាយ នេះមិនទាន់គិតដល់ថ្លៃព្យាបាលនៅពេលធ្លាក់ខ្លួនឈឺផង។ លោកស្រីក៏ត្អូញត្អែរពីស្ថានភាពនៅក្នុងរោងចក្រថា ក្រៅពីមិនមានអនាម័យគ្រប់គ្រាន់ អ្នកគ្រប់គ្រងដែលជាជនជាតិចិន ប្រើសម្ដីមិនសមរម្យ និងគំរាមកំហែង៖ « ធ្វើការជាមួយថៅកែចិន មិនស្រួលទេ។ ចេញម៉ោង ៥ ក៏ស្ដីឲ្យ សុំច្បាប់ឈប់ក៏ពិបាក កន្លែងធ្វើការគ្មានអនាម័យទាល់តែសោះ បន្ទប់ទឹកកខ្វក់ ខ្យល់អាកាសថប់ ពេលភ្លៀងសាច »។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ជីម៉ាក់ (GMAC) ជាសំឡេងរួមក្នុងវិស័យកាត់ដេរដែលតំណាងឲ្យការអនុវត្តគោលនយោបាយ ដើម្បីការអភិវឌ្ឍដោយចីរភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់រោងចក្រ។ មិនមែនរោងចក្រកាត់ដេរនៅប្រទេសកម្ពុជា ទាំងអស់ជាសមាជិករបស់សមាគមជីម៉ាក់នេះទេ។ មានន័យថា សមាគមជីម៉ាក់ មានសមាជិកសរុប ៥១៥ ដែលជារោងចក្រសំដៅការនាំចេញ និងរោងចក្រកាត់ដេរបន្ត (sub-contractor) ហើយ ១៩៩រោងចក្រ (៣៨ភាគរយ) ជាសមាជិកសមាគមមានម្ចាស់ជាជនជាតិចិន (គិតត្រឹមខែមិថុនា ឆ្នាំ២០១៦)។
លោក កាន់ ម៉ូនីកា នៃសមាគមនេះអះអាងថា ការបោះទុនវិនិយោគនៅប្រទេសណាមួយ ត្រូវគោរពច្បាប់ប្រទេសម្ចាស់ផ្ទះ។ លោកបញ្ជាក់ទៀតថា ជីម៉ាក់ មិនត្រួតពិនិត្យស្ថានភាពរោងចក្រដោយផ្ទាល់ទេ គឺយកតាមរបាយការណ៍របស់ «គម្រោងរោងចក្រកាន់តែប្រសើរ» របស់អង្គការអន្តរជាតិផ្នែកការងារ ហៅកាត់ថា អាយឡូ (ILO) និងការត្រួតពិនិត្យពីក្រសួងការងារ៖ « ខ្ញុំគិតថា ការវាយតម្លៃនេះអាចទុកចិត្តបាន ព្រោះជាស្ថាប័នរបស់អង្គការសហប្រជាជាតិ »។
លោកបន្តអះអាងថា ការអនុវត្តសិទ្ធិការងារ និងច្បាប់ការងារនៅតាមរោងចក្រកាត់ដេរមានប្រសិទ្ធភាពច្រើន៖ « វាមិនឥតខ្ចោះនោះទេ ដែលចន្លោះនៅតាមរោងចក្រមួយចំនួនក៏ដោយ។ តែបើពិនិត្យមើលសិទ្ធិស្នូលរបស់កម្មករ យើងឃើញថា មានការផ្ដល់ប្រាក់ឈ្នួលសមរម្យ គ្មានការងារដោយបង្ខំ និងគ្មានពលកម្មកុមារ។ ចំណុចមិនធ្ងន់ធ្ងរនោះ គឺបង្គន់មិនស្អាត តែធ្វើម៉េចបើមនុស្សប្រើច្រើន »។

លោកឲ្យដឹងថា ជីម៉ាក់ បានណែនាំដល់សមាជិករបស់ខ្លួនឲ្យដឹងពីស្ថានភាពទូទៅនៃវិស័យកាត់ដេរ និងការអនុវត្តច្បាប់ការងារនៅកម្ពុជា។ បន្ថែមពីលើនេះ មុនពេលសម្រេចឲ្យចូលជាសមាជិក ជីម៉ាក់ ផ្ដល់ការប្រឹក្សាផ្នែកច្បាប់ការងារឲ្យសមាជិកបានដឹងដោយរៀបចំវគ្គបណ្ដុះបណ្ដាលជាប្រចាំសម្រាប់សមាជិក៖ « តែយើងមិនមានការតាមដានការអនុវត្តច្បាប់ការងាររបស់រោងចក្រនោះទេ។ យើងមិនមានធនធានគ្រប់គ្រាន់ដើម្បីធ្វើការងារនេះ ហើយវាក៏មិនស្ថិតក្រោមសមត្ថកិច្ចយើងដែរ។ យើងគ្មានសិទ្ធិអីដាក់ទណ្ឌកម្មដល់សមាជិកដែលធ្វើខុសនោះដែរ។ អ្វីដែលយើងអាចធ្វើបាន គឺដកសមាជិកភាពចេញពីសមាគម។ យើងក៏មិនទាមទារឲ្យបញ្ជូនរបាយការណ៍ស្ដីពីការអនុវត្តការងារប្រចាំឆ្នាំនោះទេ »។
ចំពោះអ្នកនាំពាក្យនៃក្រសួងការងារ លោក ហេង សួរ វិញ រោងចក្រកាត់ដេរដែលមានថៅកែជាជនជាតិចិន រំលោភច្បាប់ការងារ និងសិទ្ធិកម្មករ គឺមិនឆ្លុះបញ្ចាំងពីការពិតទេ៖ « ៦០ភាគរយនៃរោងចក្រសរុបជារបស់ថៅកែចិន ហើយហ្នឹង។ ដូច្នេះពេលករណីកើតឡើង គេឃើញតែចិន។ តែបើមើលឲ្យដិតដល់ទៅ ពេលរោងចក្រដែលមិនមានថៅកែចិន មានជម្លោះកើតឡើង គេមិនសូវមើលឃើញ ពិនិត្យមើល ១០លើ៦០ និង ២លើ១០ »។
លោករៀបរាប់បន្តថា កិច្ចការអធិការការងារ និងគម្រោងរោងចក្រកាន់តែប្រសើរ (BFC) គឺធ្វើបានល្អ៖ «BFC គេធ្វើការអង្កេតដោយមិនរើសអើងជាតិសាសន៍ទេ មិនថារោងចក្រជាតិសាសន៍ណាបំពានខុសច្បាប់នោះទេ តែគេធ្វើជាទូទៅ។ ក្រសួងក៏ធ្វើអធិការការងារដោយមិនរើសអើង »។
របាយការណ៍របស់អង្គការអន្តរជាតិផ្នែកការងារ (ILO) រកឃើញថា លក្ខខណ្ឌក្នុងរោងចក្រកាត់ដេរកម្ពុជា មានភាពប្រសើរឡើងចាប់តាំងពីអង្គការនេះ កំណត់បទល្មើសការងារនៅរោងចក្រមួយចំនួនកាលពីពីរឆ្នាំមុន។ គម្រោងរោងចក្រកាន់តែប្រសើររបស់ ILO (Better Factories Cambodia) បានចុះអង្កេតរោងចក្រចំនួន៣៨១ នៃរោងចក្រសរុប៥៨០ ក្នុងគម្រោងរបស់ខ្លួន (មិនមែនរោងចក្រនៅកម្ពុជា ទាំងអស់នោះទេ) ដោយវាយតម្លៃលើផ្នែកមួយចំនួន ដូចជាពលកម្មកុមារ លក្ខខណ្ឌសុខភាព និងសេរីភាពសហជីព។ ស្តង់ដារសុខភាព និងសុវត្ថិភាពនៅរោងចក្រ គឺជាចំណុចដែលរងការរំលោភបំពានជាងគេ។ របាយការណ៍រកឃើញថា ៨៧ភាគរយនៃរោងចក្រខ្វះពន្លឺ ៦៩ភាគរយមានសីតុណ្ហភាពក្ដៅខ្លាំង ដែលជាមូលហេតុចម្បងធ្វើឲ្យកម្មករដួលសន្លប់នៅតាមរោងចក្រ និង ៥៩ភាគរយខ្វះទឹកស្អាតបរិភោគ ហើយពីរភាគបី (២/៣) រំលោភលក្ខខណ្ឌធ្វើការថែមម៉ោង។ ទោះយ៉ាងណា វត្តមានពលកម្មកុមារក្រោមអាយុ ១៥ឆ្នាំមានការថយចុះ។

ទោះបីជាយ៉ាងណា លោកស្រី សុគន្ធា កម្មការិនីនៅរោងចក្រកាត់ដេរឲ្យដឹងថា រោងចក្រដែលលោកស្រីធ្វើការ ក៏មានស្ថាប័ននានាមកពិនិត្យដែរ ក៏ប៉ុន្តែការត្រួតពិនិត្យទាំងនោះមិនសូវមានប្រសិទ្ធភាពទេ៖ « ពេល ILO ក្រសួងសុខាភិបាល ចុះមកពិនិត្យ គេប្រាប់ឲ្យយើងរៀបចំឲ្យបានស្អាតរៀបរយ តែពេលពិនិត្យចប់ ហើយគេទៅបាត់ រោងចក្រមិនឃើញកែប្រែអ្វីទេ។ ធ្វើការនៅរោងចក្រមិនសូវស្រួលទេ តែទ្រាំតស៊ូដើម្បីរកលុយ។ ខ្ញុំដឹងថាគ្មានអីសល់ទេ។ ផលពិបាកជាងគេ គឺជំងឺ »។
លោក អៀ សុផល សាស្ត្រាចារ្យផ្នែកកិច្ចការពិភពលោក និងការទូតនៃមហាវិទ្យាល័យអុកស៊ីឌែនថល (Occidental College) នៅសហរដ្ឋអាមេរិក បង្ហាញលទ្ធផលស្រាវជ្រាវរបស់លោកឆ្នាំ២០១៣ ថារោងចក្រកាត់ដេរតម្រូវឲ្យចូលជាសមាជិករបស់សមាគមអ្នកកាត់ដេរនៅកម្ពុជា (GMAC) ដើម្បីអាចនាំសម្លៀកបំពាក់ចេញទៅក្រៅប្រទេស ហើយសមាគមនេះជាសមាគមពាណិជ្ជកម្ម ដែលមានឥទ្ធិពលជាងគេបំផុតនៅកម្ពុជា។ ជីម៉ាក់ ក៏មានឥទ្ធិពលចរចាដោះស្រាយជាមួយអាជ្ញាធរ ពេលមានបញ្ហាពុករលួយឲ្យលុយក្រោមតុកើតមានឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។