សមាគម​ធនាគារ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ថា សេចក្ដី​ថ្លែងការណ៍​របស់​សង្គម​ស៊ីវិល​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត

0:00 / 0:00

សមាគម​ធនាគារ​នៅ​កម្ពុជា និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឆ្លើយតប​ថា សេចក្ដី​ការណ៍​រួម​របស់​ក្រុម​សង្គម​ស៊ីវិល សមាគម និង​សហគមន៍ មិន​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ពិត​ជាក់ស្ដែង​នោះ​ទេ និង​បណ្ដាល​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ដែល​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​ជាតិ ទាំងមូល​។ ការ​ឆ្លើយ​តប​នេះ បន្ទាប់ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ជិត ១៥០​ស្ថាប័ន​ស្នើសុំ ឱ្យ​រដ្ឋាភិបាល ជួយ​អន្តរាគមន៍​ទៅ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដើម្បី​ព្យួរ​ការ​សង​បំណុល​រយៈ​ពេល​៣​ខែ និង​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ ដីធ្លី​ជូន​ម្ចាស់​ទ្រព្យ​វិញ។

សមាគម​ធនាគារ​នៅ​កម្ពុជា និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បញ្ជាក់​ជំហរ​ថា សមាជិក​របស់​ខ្លួន មិន​អាច​ធ្វើតាម​សំណើសុំ​ឱ្យ​ផ្អាក​ការ​សង​ប្រាក់កម្ចី​និង​ការប្រាក់​រយៈពេល​យ៉ាងតិច​៣​ខែ សម្រាប់​អតិថិជន​គ្រប់ៗ​គ្នា​បាន​ឡើយ ដោយហេតុថា ផល​ប៉ះពាល់​ក្នុង​វិបត្តិ​កូវីដ១៩ ទៅលើ​អតិថិជន​មាន​ស្ថានភាព និង​កម្រិត​ខុសៗ​គ្នា​។ សមាគម​ដដែល​ថ្លែង​ទៀត​ថា ចំពោះ​ការ​ស្នើ​សុំ​ឱ្យ​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ម្ចាស់​ទ្រព្យ​វិញ ក៏​មិន​អាច​ធ្វើ​បាន​ដែរ ប៉ុន្តែ​អតិថិជន នៅតែ​អាច​ប្រើប្រាស់​ដីធ្លី ឬ​អចលនទ្រព្យ ដែល​ខ្លួន​ដាក់​ធានា​នោះ (​ទ្រព្យ​បញ្ចាំ​) បាន​ជា​ធម្មតា។

សមាគម​ទាំងពីរ​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខេ​មេសា​ថា គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ កំពុង​អនុវត្ត​យ៉ាង​ពេញលេញ​តាម​ការណែនាំ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ក្នុង​ការ​រៀបចំ​ឥណទាន​ឡើងវិញ ជូន​ដល់​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ជំងឺ​កូវីដ -១៩ និង​ការ​ដោះស្រាយ​ឥណទាន ដោយ​ឥរិយាបថ​ទន់ភ្លន់ និង​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់។

សមាគម​របស់​ស្ថាប័ន​ផ្ដល់​ប្រាក់កម្ចី ចាត់ទុកថា ការ​ស្នើសុំ និង​ការ​ផ្ដល់​អនុសាសន៍​របស់​អង្គការ សង្គម​ស៊ីវិល​មួយ​ចំនួន គឺ​ខ្វះ​ការសិក្សា​តាម​បច្ចេកទេស និង​កំពុងតែ​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ជាតិ​រង​នូវ​ផល​ប៉ះពាល់​បន្ថែម​ទៀត។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ក្រុម​សង្គម​ស៊ីវិល និង​សហគមន៍​មូលដ្ឋាន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា ស្នើសុំ​ដល់​រដ្ឋាភិបាល បង្គាប់​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឆាប់​ផ្អាក​ការ​សង​ប្រាក់កម្ចី និង​ការប្រាក់​ទាំងអស់​យ៉ាងតិច​ណាស់​ចំនួន​៣​ខែ ព្រមទាំង​ប្រគល់​ជូន​ម្ចាស់​ទ្រព្យ​វិញ​នូវ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​រាប់​លាន​ប្លង់​ពាក់ព័ន្ធ​នឹង​កម្ចី​ខ្នាត​តូច ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ដាក់​ជា​ទ្រព្យ​ធានា (​បញ្ចាំ​) នៅ​ក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

ក្រុម​អង្គការ​-​សមាគម និង​សហគមន៍​ដីធ្លី លើកឡើង​ថា វិធានការ​ទាំងនេះ​គឺ​មាន​ភាព​ចាំបាច់ ដើម្បី​ធានា​ថា ប្រជាពលរដ្ឋ​អាច​បន្ត​រស់នៅ​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​-២៩​នេះ​ដោយ​គ្មាន​ហានិភ័យ​ចំពោះ សុខភាព ឬ​លំនៅឋាន​របស់​អ្នក​ទាំងនោះ និង​អាច​បញ្ចៀស​ពី​កម្ចី​ឥណទាន​មាន​ហានិភ័យ ដែល​អាច​នាំ​ឱ្យ​កើតមាន​ករណី​ធ្វើ​ការងារ​ដោះ​បំណុល ការ​ជួញដូរ​មនុស្ស និង​ការរំលោភ​សិទ្ធិមនុស្ស​ដ​ទៃ​ទៀត។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​( IDEA)​លោក វន់ ពៅ មាន​ប្រសាសន៍​ថា វិធានការ​មួយ​ចំនួន​របស់​ធនាគារ​ជាតិ​នៅ​មាន​ភាព​ខ្វះ​ចន្លោះ និង​មិន​ទាន់​មាន​ប្រសិទ្ធិភាព​គ្រប់គ្រាន់​នោះ​ទេ​។ លោក​អះអាង​ថា មាន​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​តិច​តូច​បំផុត ដែល​ព្រម​ពន្យារពេល​សង​ទាំង​ការប្រាក់ និង​ប្រាក់​ដើម​រយៈពេល​៣​ខែ សម្រាប់​អ្នក​ខ្ចី​ប្រាក់​មួយ​ចំនួន​តាម​ការ​ស្នើសុំ​នោះ​។ លោក​នៅ​តែ​ស្នើសុំ​ឱ្យ​ធនាគារ​ជាតិ​និង​រាជរដ្ឋាភិបាល ចេញ​សេចក្ដី​បង្គាប់​តែម្ដង ដើម្បី​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ មាន​កាតព្វកិច្ច​អនុវត្ត​តាម៖ «មាន​ធនាគារ​មួយ​ចំនួន បាន​យក​ប្លង់​ផ្ទះ​ប្លង់ដី​ធ្វើជា​ការ​ទា​លុយ​ពី​អតិថិជន​របស់​ខ្លួន​ហើយ​បើ​សិន​មិន​ឱ្យ​ទេ គាត់​នឹង​បំភ័យ​ថា រឹបអូស​យក​ផ្ទះ​យក​អីចឹង​ទៅ ដូច្នេះ​យើង​គិត​ថា នេះ​ជា​រឿង​មួយ​ដែល​សង្គម​យើង​កំពុង​ជួបប្រទះ​នៅ​ក្នុង​ខែ​៤​នេះ ហើយ​យើង​ជាក់ស្ដែង​សមាជិក​យើង​មួយ​ចំនួន ក៏​មានការ​ត្អូញត្អែរ​អំពី​ការ​តាម​ទារ​លុយ​ពី​ធនាគារ​មួយ​ចំនួន​ផង​ដែរ ដែល​មកដល់ពេលនេះ មិន​ទាន់​មាន​ការ​អនុវត្ត​ទាំងអស់​នៅ​ឡើយ​ទេ»។

អាជីវករ​មួយ​រូប​រស់នៅ​ក្នុងស្រុក​ល្វាឯម ខេត្ត​កណ្ដាល លោក បាន សុខ ត្អូញ​ប្រាប់​អាស៊ីសេរី​ថា លោក​បាន​ខ្ចី​ប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ជាង ១​ម៉ឺន ៩​ពាន់​ដុល្លារ ដើម្បី​រកស៊ី​ម៉ៅ​ចម្ការ​ស្វាយ និង​រកស៊ី​លក់​ពង​ទា និង​សាច់​គោ​អាង​នៅមុខ​រោងចក្រ​។ បុរស​វ័យ​៤២​ឆ្នាំ​រូប​នេះ បន្ត​ថា នៅ​ពេល ផ្ទុះ​ជំងឺ​កូវីដ​-១៩​នេះ ប្រភព​ចំណូល​របស់​លោក​បាន​ធ្លាក់​ចុះ​ទាំងស្រុង ដោយសារតែ​មុខរបរ​របស់​លោក មិន​លក់​ដាច់​ដូច​កាលពីមុន​ឡើយ ខណៈ​ការ​រកស៊ី​ម៉ៅ​ស្វាយ​ត្រូវ​បាន​ខាត់​បង់​ធ្ងន់ធ្ងរ​ដែរ​នោះ​។ លោក​ព្រួយបារម្ភ​ថា ប្រសិនបើ​រដ្ឋាភិបាល គ្មាន​វិធានការ​អន្តរាគមន៍​ច្បាស់លាស់​ទេ គឺ​ប្លង់ដី និង​ប្លង់​ផ្ទះ​របស់​លោក​អាច​ត្រូវ​បាន​ធនាគារ​រឹបអូស​ជាក់​ជា​មិន​ខាន៖ «ពីមុន​ខ្ញុំ​លក់ដាច់​ហើយ​បង់​គេ​បាន ៩​ខែ​ហើយ។ ខ្ញុំ​យក​គេ​តែ ៣​ឆ្នាំ​ហើយ​បង់​គេ​មួយ​ខែ​ជាង ៦​រយ​ដុល្លារ ហើយ​ខ្ញុំ​មិនដែល​បង់​ឱ្យ​គេ​ពិបាក​ទេ ស្មើ​មុន​មួយថ្ងៃ​រហូត តែ​ពេល​កូរ៉ូណា​នេះ​កើតឡើង​នេះ ខ្ញុំ​លក់​អត់​ដាច់ ហើយ​ឥឡូវនេះ​រកតែ​មួយ​ម៉ឺន​ដាក់​ហោប៉ៅ​គ្មាន​ផង​។ ឥឡូវនេះ​គេ​នៅតែ​តេ​មក​រឹប​ខ្ញុំ​ឱ្យ​បង់លុយ​មួយ​ខែ​នេះ ដើម្បី​ឱ្យ​គេ​ធ្វើ​ឯកសារ​ថ្មី​ឱ្យ តែ​ខ្ញុំ​វា​គ្មាន​អា​មួយ​ខែ​នេះ ហើយ​គេ​នៅតែ​តេ​មក​ជ្រក​ជ្រេញ​រហូត​។ គេ​តេ​ផង គេ​ទៅដល់​ផ្ទះ​ផង​។​ខ្ញុំ​ស្នើសុំ​គាត់​ពន្យារ​ពេល​តែ​បី​ខែ​ទេ តែ​គេ​អត់​សុខចិត្ត ហើយ​មិញ​នេះ​គេ​តេ​មក​ថា បើ​ចុងខែ​នេះ​ខ្ញុំ​មិន​ឱ្យ​ទេ គេ​ថា នឹង​ធ្វើ​តាម​ផ្លូវ​ច្បាប់»។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អគ្គនាយក​បច្ចេកទេស និង​ជា​អ្នកនាំពាក្យ​ធនាគារ​ជាតិ​នៃ​កម្ពុជា អ្នកស្រី ជា សិរី និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ដោយ​ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នកទទួល។

ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហគមន៍​ដីធ្លី ព្រួយបារម្ភ​ថា នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ ប្រជា ពលរដ្ឋ​កម្ពុជា​រាប់​សែន​នាក់​អាច​នឹង​បាត់បង់​ការងារ ឬ​ប្រាក់បៀវត្សរ៍ ហើយ​ហានិភ័យ​កើត​ចេញពី​បំណុល​មីក្រូហិរញ្ញវត្ថុ គឺជា​រឿង​សំខាន់​មិន​អាច​ព្រងើយ​កន្តើយ​បាន​ទេ​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា វិធានការ​ជាបន្ទាន់​គួរ​ត្រូវ​បាន​ពិចារណា​យក​មក​អនុវត្ត ដើម្បី​ធានា​ថា គ្មាន​អ្នកណា ម្នាក់​ត្រូវ​បាន​បង្ខំ​ឱ្យ​លក់​ដី​សម្រាប់​សងបំណុល អំឡុង​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​នេះ​ឡើយ ។ ពួកគេ យល់ថា មធ្យោបាយ​ល្អ​បំផុត ដើម្បី​ជៀសវាង​ពី​បញ្ហា​នេះ គឺ​ការ​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ទៅ​ម្ចាស់​ទ្រព្យ ដែល​មាន​សិទ្ធិ​ពេល​លេញ​វិញ និង​ផ្អាក​ការ​សង​ប្រាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។