ប្រជាកសិករនៅតំបន់ព្រំដែនស្រុកសំពៅលូន ខេត្តបាត់ដំបង ត្អូញត្អែរអំពីតម្លៃផ្លែស្វាយចុះថោកខ្លាំង ធ្វើឲ្យលក់មិនបានប្រាក់កម្រៃដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ និងសងបំណុលគេ ដែលពួកគាត់ខ្ចីមកធ្វើអាជីវកម្មនោះឡើយ។
កសិករលើកឡើងថា តម្លៃផ្លែស្វាយចុះថោកនេះ ដោយសារសមត្ថកិច្ចថៃ ប្រចាំនៅច្រកព្រំដែនអន្តរជាតិភ្នំដី បានយកតម្លៃពន្ធពីឈ្មួញដឹកកសិផលរបស់ខ្មែរច្រើនជាងឆ្នាំមុនទ្វេដង។
ប្រជាកសិករនៅស្រុកសំពៅលូន លើកឡើងថា មូលហេតុដែលផ្លែស្វាយកែវរមៀតចុះថោកនេះដោយសារគ្មានទីផ្សារសម្រាប់លក់កសិផល ក្រៅអំពីពឹងផ្អែកទៅលើទីផ្សារនៅប្រទេសថៃ។ អ្នកភូមិអះអាងទៀតថា តម្លៃស្វាយនឹងបានប្រសើរឡើងជាងពេលបច្ចុប្បន្ន ប្រសិនអាជ្ញាធរខ្មែរជួយសម្រួលជាមួយសមត្ថកិច្ចថៃប្រចាំច្រកព្រំដែននោះ។
កសិករម្នាក់នៅភូមិអូរដា ឃុំចក្រី ស្រុកភ្នំព្រឹក លោក ច្រឹក គីម៉េង ថ្លែងថា លោកដាំស្វាយកែវរមៀតជាង ៤ហិកតារ ហើយចំណាយអស់ដើមទុនប្រហែល ១៥លានរៀល (១៥.០០០.០០០)។ កសិកររូបនេះអះអាងទៀតថា ក្នុងនោះថវិកាប្រមាណ ៦០ភាគរយលោកខ្ចីពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ដោយធានានឹងសងគេវិញនៅពេលប្រមូលផលរួច។ ប៉ុន្តែលោកច្រឹក គីម៉េងបន្ថែមថា ស្វាយឆ្នាំនេះហុចផលល្អដែលអាចលក់បានប្រាក់កម្រៃខ្លះប្រសិនបើតម្លៃសមរម្យដូចឆ្នាំកន្លងទៅ ដែលស្វាយមួយគីឡូក្រាមតម្លៃពី ៨០០ ទៅ ១ពាន់រៀលនោះ ផ្ទុយទៅវិញនៅពេលប្រមូលផលស្រាប់តែផ្លែស្វាយធ្លាក់មកនៅពី៣០០ ទៅ ៤០០រៀលក្នុងមួយគីឡូក្រាមទៅវិញ ហើយតម្លៃនេះលក់មិនបានប្រាក់កម្រៃសងស្ថាប័នមីក្រូហិរញ្ញវត្ថុនោះទេ៖ «មួយគីឡូ ៣០០រៀលអត់ចំណេញទេ ព្រោះចំណាយអស់ដើមច្រើន បើបាន ៥០០រៀលគ្រាន់បានចំណេញខ្លះ តែក៏មិនបានអីប៉ុន្មានដែរ ព្រោះដំណាំនេះនៅខែវស្សាត្រូវការថែទាំវាខ្លាំង ដូចជាដាក់ជីនិងបាញ់ថ្នាំលាងទឹកភ្លៀងជាដើម » ។
លោក ច្រឹក គីម៉េង បន្ថែមទៀតថា មូលហេតុដែលតម្លៃស្វាយចុះថោក មិនសូវមានឈ្មួញទិញ ព្រោះឈ្មួញមួយចំនួនបានបោះបង់មុខរបរ ដោយសារសមត្ថកិច្ចថៃប្រចាំច្រកព្រំដែនអន្តរជាតិភ្នំដី ឬហៅច្រកគីឡូ ១៣ ក្នុងស្រុកសំពៅលូនរឹតបន្តឹងពន្ធខ្ពស់ហួសហេតុ ធ្វើឲ្យពួកគេយកទៅលក់មិនបានប្រាក់ចំណេញ ហើយក៏បោះបង់អាជីពនេះចោលតែម្ដង។
ឈ្មួញទិញស្វាយស្រុកនៅសំពៅលូនលោកទៀ គឹមសេង មានប្រសាសន៍ថា លោកប្រមូលទិញស្វាយពីកសិករលក់ជារៀងរាល់ឆ្នាំ ហើយលោកបានបោះបង់មុខរបរមួយនេះចោលប្រមាណមួយសប្ដាហ៍កន្លែងទៅ។ លោក ទៀ គឹមសេង អះអាងទៀតថា មូលហេតុដែលលោកមិនប្រកបមុខរបរនេះទៀត ដោយសារចាប់ពីពង្រីកច្រករបៀងភ្នំដីទៅច្រកទ្វារព្រំដែនអន្តរជាតិ កាលដើមខែមេសា ឆ្នាំ២០១៨មក ខាងសមត្ថកិច្ចថៃប្រចាំច្រកព្រំដែនមួយនេះបានយកពន្ធលើការនាំផ្លែស្វាយទៅលក់នៅប្រទេសថៃតម្លៃខ្ពស់ជាងទ្វេដង បើធៀបនឹងឆ្នាំកន្លងទៅដែលមិនទាន់បើពង្រីកច្រកព្រំដែនអន្តរជាតិ ដែលបង់ពន្ធ ២៥០រៀលក្នុងមួយគីឡូក្រាម ចំណែកកាលពីឆ្នាំកន្លងទៅប្រមាណ ៥០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ៖ «ទំនិញខាងថៃស្អីក៏ចេញបានដែរ តែរបស់ខ្មែរគេមិនឲ្យចេញទៅលក់នៅស្រុកគេទេ ហើយកន្លងមកខាងអភិបាលស្រុកនិងសមត្ថកិច្ចព្រំដែនបានទៅប្រជុំជាមួយថៃដែរ តែនៅពេលខាងថៃគេពន្យល់មកអាជ្ញាធរខ្មែរយើងដូចអត់មានតវ៉ានឹងភាគីថៃទេ។ ខ្ញុំយល់ឃើញថាមន្ត្រីព្រំដែនខ្មែរដូចធ្វើបាបកសិករខ្មែរពេកហើយ ព្រោះពួកគាត់មិនជួយតវ៉ាឲ្យប្រជាកសិករខ្មែរ » ។
លោកទៀ គឹមសេងបន្ថែមទៀតថា កាលបុណ្យចូលឆ្នាំខ្មែររួចលោកគ្រោងធ្វើបាតុកម្មតវ៉ានៅមុខច្រកទ្វារព្រំដែនមួយនេះម្ដងហើយ ប៉ុន្តែអធិការនគរបាលស្រុកភ្នំព្រឹកបានទូរស័ព្ទហៅលោកព្រមទាំងតំណាងកសិករមួយចំនួនទៀតទៅជួបពិភាក្សាហាមមិនឲ្យធ្វើបាតុកម្មនោះទេ ដោយសមត្ថកិច្ចលើកឡើងថា ការធ្វើបាតុកម្មនាំឲ្យមានភាពអនាធិបតេយ្យ នៅច្រកព្រំដែន ម្យ៉ាងទៀតអាជ្ញាធរនឹងបង្ក្រាបទៅលើអ្នកដែលធ្វើបាតុកម្មនោះ ហើយអាចនឹងប្រឈមជាប់គុកទៀតផង។ ដូច្នេះលោកថា ក្រុមកសិករនាំគ្នាលុបគម្រោងធ្វើបាតុកម្មនេះចោលភ្លាមៗ។ ចំណែកឯរូបលោកក៏ឈប់ប្រកបរបរទិញផ្លែស្វាយនេះដែរ ហើយងាកទៅប្រកបរបរផ្សេងវិញរហូតមកទល់សព្វថ្ងៃ។
អាស៊ីសេរីពុំអាចទាក់ទងអធិការនគរបាលស្រុកសំពៅលូន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី៧ ឧសភា។
អភិបាលស្រុកសំពៅលូន លោក ងាវ ប៊ុនយាង ទទួលស្គាល់ថា ផ្លែស្វាយកែវរមៀតពិតជាចុះថោកជាងឆ្នាំមុនៗ ប្រាកដមែន។ ប៉ុន្តែលោកអះអាងថា អាជ្ញាធរបានទាក់ទងទៅខាងភាគីថៃ ដើម្បីឲ្យបន្ធូរបន្ថយដល់ការនាំចេញកសិផលរបស់កសិករទៅលក់នៅប្រទេសថៃដែរ តែមិនទទួលបានលទ្ធផលទេ ដោយខាងថៃគេអនុវត្តន៍ទៅតាមច្បាប់របស់ប្រទេសគេ៖ «បើតាមប្រជាកសិករគាត់លក់និងទិញដល់កន្លែងតែម្ដងមានតម្លៃ៥០០រៀលនិង៣០០រៀលដែរ ទៅតាមគុណភាពស្វាយ។ បាទរឿងតម្លៃនេះវាអាចពាក់ព័ន្ធនឹងការយកពន្ធនឹងដែរ ប៉ុន្តែយើងបានសម្របសម្រួលជាមួយគេហើយ គេថាទីមួយយើងត្រូវមានឯកសារបំពេញខ្លះទៅដើម្បីបានទិញពីកសិករតម្លៃខ្ពស់វិញ ប៉ុន្តែស្វាយយើងវាតិចតួចអត់គ្រប់គ្រាន់ក្នុងការធ្វើលិខិតស្នាមដើម្បីចូលទៅលក់នៅថៃ » ។
កសិករដាំស្វាយនៅឃុំចក្រីម្នាក់ទៀត អះអាងថា សព្វថ្ងៃលោកនិងកសិករនៅតំបន់ព្រំដែនបង្ខំចិត្តបេះស្វាយលក់ក្នុងតម្លៃថោកមួយគីឡូក្រាម ៣០០រៀល ដើម្បីបានប្រាក់យកទៅសងស្ថាប័នមីក្រូហិរញ្ញវត្ថុបានខ្លះ ប្រសើរជាងទុកស្វាយឲ្យជ្រុះចោលឥតប្រយោជន៍។ កសិកររូបនេះបន្ថែមទៀតថា ប្រមាណ ២សប្ដាហ៍ទៀត ទិន្នផលស្វាយនៅតំបន់ព្រំដែនទើបប្រមូលផលអស់ ហើយបច្ចុប្បន្នកសិករសម្រុកប្រមូលផលស្វាយ ដើម្បីយកទៅលក់ឲ្យឈ្មួញនាំចេញទៅប្រទេសថៃ៖ «មានតែជំពាក់គេនឹងឯងដើម្បីសងការប្រាក់គេវិញប្រចាំខែទៅ។បើនិយាយទៅស្វាយល្អ ហើយគ្រប់គ្នានឹងខាងនេះ បើកាលមុនចូលឆ្នាំខ្មែរបានថ្លៃគ្រាន់បើដែរ ដល់ចូលឆ្នាំហើយចុះខ្លាំងតែម្ដង។ ស្វាយពួកខ្ញុំនេះឈ្មួញគេទិញយកទៅលក់នៅថៃចូលតាមច្រកភ្នំដី ហើយបើតាមខ្ញុំសួរទៅឈ្មួញគាត់ខាងថៃមិនសូវទិញព្រោះជារដូវស្វាយនៅស្រុកគេដែរ » ។
ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន កត់សំគាល់ថា នៅពេលដល់រដូវប្រមូលផលម្ដងៗ គឺដំណាំកសិផលរបស់ប្រជាកសិករគ្រប់ប្រភេទ តែងតែជួបបញ្ហារឿងតម្លៃចុះថោកជារៀងរាល់ឆ្នាំ។ លោកអះអាងទៀតថា មូលហេតុដែលតម្លៃកសិផលចុះថោកមិនឈប់ឈរនេះ គឺដោយសារប្រព័ន្ធរៀបចំដំណោះស្រាយនៅថ្នាក់ជាតិមិនទាន់បានដំណើរល្អប្រសើរ សម្រាប់ជួយដល់កសិករ៖ «ហើយមួយវិញទៀតការកែច្នៃស្វាយនិងផលិតកសិផលកសិកម្មនឹងគឺប្រទេសយើងមានតិចតួចណាស់ ជាពិសេសកសិករគាត់មិនមានរោងចក្រក៏ដូចជាមិនមានថវិកាគ្រប់គ្រាន់ទិញឧបករណ៍សម្រាប់ធ្វើឧបករណ៍កែច្នៃកសិផលទុករយៈពេលវែង។ ដូច្នេះកសិករត្រូវបង្ខំចិត្តលក់ក្នុងតម្លៃថោកដើម្បីប្រមូលបានធនធាន និងថវិកាខ្លះៗសម្រាប់ដោះបំណុលដែលពួកគាត់បានខ្ចីគេ » ។
តម្លៃផ្លែស្វាយបានចុះថោកខ្លាំងចាប់ពីចុងខែកុម្ភៈរហូតមក។កសិករអះអាងថាតម្លៃស្វាយដែលពួកគាត់លក់បានប្រាក់កម្រៃខ្លះ ចាប់ពី ៨០០រៀលក្នុងមួយគីឡូក្រាមឡើងទៅ។
អភិបាលស្រុកសំពៅលូន លោក ងាវ ប៊ុនយាង ឲ្យដឹងថា ដំណាំស្វាយនៅស្រុកដែលលោកគ្រប់គ្រងមានជាងមួយពាន់ហិកតារ ក្នុងនោះស្វាយដែលកសិករកំពុងប្រមូលផលមានមិនតិចជាង ២០០ហិកតារនោះទេ។ ប្រជាកសិករនៅស្រុកជាប់ព្រំដែនថៃដែលនិយមដាំស្វាយរួមមានស្រុកភ្នំព្រឹក សំពៅលូន ស្រុកកំរៀង និងស្រុកសំឡូត ដែលមានផ្ទៃដីរាប់ពាន់ហិកតារ ចំណែកនៅខេត្តប៉ៃលិន ក៏មានកសិករដាំដំណាំមួយនេះជាច្រើនគ្រួសារដែរ ហើយមានផ្ទៃដីប្រមាណ ៣ពាន់ ៥០០ហិកតារ ដែលភាគច្រើនជាស្វាយកែវរមៀត ក្នុងនោះស្វាយដែលកំពុងហុចផលមានប្រហែល២ពាន់ហិកតារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។