ក្រុមកម្មករអូសរទេះ និងអ្នកប្រកបរបរលក់ដូរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជួបបញ្ហាខ្វះខាតជីវភាពគ្រួសារកាន់តែងខ្លាំង ខណៈអាជ្ញាធរថៃ បន្តបិទចក្រ ទ្វារព្រំដែនអន្តរជាតិ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ ពលរដ្ឋទាំងនោះ អះអាងថា ចាប់តាំងពីអាជ្ញាធរកម្ពុជា និងថៃបិទច្រកទ្វារព្រំដែនប្រទេសទាំង២មក បណ្ដាលឱ្យពួកគាត់អត់ការងារធ្វើរកប្រាក់ចំណូលដោះស្រាយជីវភាពគ្រួសារ។
កម្មករអូសរទេះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតលោក ទុំ រ៉េន ថ្លែងនៅរសៀលថ្ងៃទី២៥សីហាថា លោកអត់ការងារធ្វើប្រមាណ៥ខែមកហើយ ដោយសារអាជ្ញាធរកម្ពុជានិងថៃបិទច្រកទ្វារព្រំដែន។ លោកឱ្យដឹងទៀតថា បច្ចុប្បន្នលោកបាននាំប្រពន្ធ និងកូនចំនួន៤នាក់ដើររើសអេតចាយលក់យកប្រាក់ទិញស្បៀងអាហារហូបចុកបណ្ដោះអាសន្ន ដែលក្នុងមួយយប់លោករើសអេតចាយលក់បានប្រាក់ប្រមាណ២ម៉ឺន(២០.០០០)រៀលប៉ុណ្ណោះ។ លោកបញ្ជាក់ថា ប្រាក់២ម៉ឺនរៀលនេះមិនគ្រប់ដោះស្រាយជីវភាពគ្រួសារនោះទេ ព្រោះគ្រួសាររបស់លោកមានសមាជិក៩នាក់ ហើយមានកុមារអាយុក្រោម១២ឆ្នាំដល់ទៅ៤នាក់ទៀតផង៖ «ទៅរកការងារមិនបានធ្វើទេ ដើររកការងារឱ្យកូនក៏មិនបាន ហើយយប់ឡើងមានអីដើររើសអេតចាយបានលុយមួយម៉ឺនពីរគ្រាន់ទិញអង្ករហូបហ្នឹងហើយ។ បើអត់ពីអេតចាយទៀត ចប់ហើយ បើអត់រកការងារអីបានធ្វើសោះ សំណង់ក៏អត់មានអីក៏អត់បានធ្វើ។ កូនពីរតូចៗងាកៗមកសុំតែលុយម៉ែវា ហើយម៉ែឪអត់មាន ហើយម៉ែវាចេះតែសំឡុតរកវាយ ចុះមានលុយណាអត់មានសោះ។ក ធ្លាប់តែកាលពីមុខរកបានឱ្យកូនចាយកូនអីគ្រប់គ្រាន់ ដល់ពេលអីចឹងទៅអាណិតកូនដែរ ប៉ុន្តែចេះតែសំឡុតវាទៅធ្វើម៉េចបើអត់លុយហើយ »។
លោកបន្ថែមថា មានប្រជាពលរដ្ឋរាប់រយនាក់ប្រជែងគ្នាដើររើសអេតចាយនៅក្រុងប៉ោយប៉ែតពីព្រោះទាំងគ្រួសាររបស់លោក និងពលរដ្ឋទាំងនោះគ្មានរបរផ្សេងក្រៅអំពីការដើររើសអេតចាយឡើយ។

ចំណែកអាជីវករមានតូបលក់ដូរនៅផ្សាររ៉ុងក្លឿប្រទេសថៃ និងជាប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ឌិន ពុទ្ធី មានប្រសាសន៍ថា គ្រួសាររបស់លោកបាត់បង់ប្រាក់ចំណូលចំនួន៥ខែមកហើយ ដោយសារតែវិបត្តិជំងឺកូវីដ-១៩។ លោកប្រាប់ថា ចាប់តាំងពីអាជ្ញាធរថៃបិទច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតមកលោក លក់ម៉ូតូអស់មួយគ្រឿង និងលក់គ្រឿងអលង្ការអស់ពីខ្លួនហើយនៅតែមិនគ្រប់សម្រាប់ទិញស្បៀងអាហារហូបចុកនោះទេ។ លោកបន្តថា បច្ចុប្បន្នលោកបានខ្ចីប្រាក់ពីបងប្អូនចំនួន១ពាន់(១០០០)ដុល្លារហើយដើម្បីចាយវាយប្រចាំថ្ងៃ៖ «អាយើងសំណូមពរឱ្យបើកច្រក យើងនាំគ្នាធ្វើបាតុកម្មគេដាក់កម្លាំងគេច្រើនជាងយើងទៀត។ដល់យើងទាមទាររកឆ្នាំបាយរបស់យើង គេថាយើងអីណាក្រុមប្រឆាំងរដ្ឋាភិបាល ធ្វើវិទ្ធង្សនាសេដ្ឋកិច្ចអីចឹងគេប្រកាសក្ដែងៗអីចឹងទៅ គេតាមរកចាប់ពួកយើងអីចឹងទៅ។ ប៉ុន្តែភាពពិតយើងសម្ដែងមតិដើម្បីដោះស្រាយជីវភាពសម្រាប់ឆ្នាំងបាយផ្ទាល់ខ្លួនឯងសោះ ហើយយើងនិយាយពីទុក្ខ លំបាករបស់យើងនិយាយអត់បាន រាល់ថ្ងៃនេះវាពិបាកមែនទែន »។
លោកបន្តថា ពលរដ្ឋដែលប្រកបរបរស៊ីឈ្នួលលីសែងនៅតំបន់ព្រំដែនជួបការលំបាកខ្លាំងជាងគេ ពីព្រោះពួកគាត់រកព្រឹកខ្វះល្ងាច និងគ្មានទ្រព្យសម្បត្តិដើម្បីលក់យកប្រាក់ទិញអង្ករច្រកឆ្នាំនោះទេ ហើយពួកគាត់ភាគច្រើនមិនមានឈ្មោះបើកប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលនោះឡើយ។
ពលរដ្ឋទាំងនេះសំណូមពរឱ្យអាជ្ញាធរទំនាក់ទំនងជាមួយភាគីថៃបើកច្រកទ្វារព្រំដែនប្រទេសទាំង២ ឡើងវិញឱ្យបានឆាប់ ដើម្បីពួកគាត់លក់ដូរនិងធ្វើការរកប្រាក់ចំណូលចិញ្ចឹមជីវិត។
អាស៊ីសេរី មិនអាចទាក់ទងអភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន និងអភិបាលក្រុងប៉ោយប៉ែតលោក គាត ហ៊ុល ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបាននៅថ្ងៃទី២៥ សីហា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ចំណែកអនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃប្រចាំនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត លោក តេង សុខុន ប្រាប់អាស៊ីសេរីថា អាជ្ញាធរកម្ពុជាបានព្យាយាមស្នើសុំទៅខាងភាគីថៃ ដើម្បីបើកច្រកទ្វារព្រំដែនឡើងវិញជាបន្តបន្ទាប់ ក៏ប៉ុន្តែបានថៃបដិសេធ៖«ខាងខេត្តគេរៀបចំស្នើសុំកន្លងមកនេះ បានចរចាជាមួយភាគីថៃហ្នឹងច្រើនលើកច្រើនសារហើយមិនទាន់មានព័ត៌មានអីជាផ្លូវការទេ »។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) ប្រចាំខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា កត់សម្គាល់ថា ប្រជាពលរដ្ឋនៅតំបន់ព្រំដែនកម្ពុជាថៃ ភាគច្រើនប្រកបរបរលក់កម្លាំងពលកម្មឱ្យជនជាតិថៃ និងលក់ដូរនៅផ្សាររ៉ុងក្លឿ។ លោកបន្តថា ក្រោយពេលអាជ្ញាធរថៃបិទច្រកទ្វារព្រំដែនមក ពួកគាត់បាត់បង់ប្រាក់ចំណូលទាំងស្រុង។ លោកបន្តថា អំឡុងពេលបិទច្រកព្រំដែននេះ ខាងកម្ពុជាចាញ់ប្រៀបថៃ ពីព្រោះឡានដឹកទំនិញរបស់ថៃចូលមកក្រុងប៉ោយប៉ែតដោយសេរី ចំណែកទំនិញរបស់ខ្មែរវិញ ត្រូវបានអាជ្ញាធរថៃត្រួតពិនិត្យយ៉ាងតឹងតែង ហើយចូលទៅទឹកដីតិចតួចប៉ុណ្ណោះ៖ «អីចឹងវាខុសគ្នាត្រង់ហ្នឹងថាតើត្រូវដោះស្រាយយ៉ាងម៉េចត្រូវយ៉ាងម៉េច? ខ្ញុំគិតថាកម្ពុជាបើសិនមានឆន្ទៈក្នុងការដោះស្រាយហើយមិនចេះតែនិយាយបានទេ ហើយយកការចរចាដាក់លើតុមួយមកគឺជាការប្រសើរមួយសម្រាប់ដោះស្រាយនិយាយគ្នាទៅវិញទៅមក ដោះដូរគ្នាទៅវិញទៅមកឬក៏ពិភាក្សាគ្នា ជាចំណុចរួមមួយដើម្បីឈានទៅរកភាពត្រូវរ៉ូវគ្នាបាន។ប៉ុន្តែកន្លងមកយើងឃើញថាឱ្យឡានខ្មែរចូល៥០គ្រឿងមួយថ្ងៃអីចូលទៅថៃ បើចូលទៅដាច់បាយដដែលៗមានប្រយោជន៍អី »។
អាជ្ញាធរថៃបានបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតចាប់តាំងពីថ្ងៃទី២៣មីនាមក ដើម្បីទប់ស្កាត់កុំឱ្យឆ្លងជំងឺកូវីដ-១៩ ហើយរហូតមកដល់ថ្ងៃទី២៥សីហាមិនទាន់បើកឡើងវិញនៅឡើយទេ។
កាលពីថ្ងៃទី១ មិថុនា អាជ្ញាធរខេត្តបន្ទាយមានជ័យ បានដាក់កងកម្លាំងរាប់រយនាក់ទប់ស្កាត់ក្រុមប្រជាពលរដ្ឋមិនឱ្យតវ៉ានៅមុខច្រកទ្វារអន្តជាតិប៉ោយប៉ែត ដើម្បីទាមទារឱ្យអាជ្ញាធរកម្ពុជា និងថៃបើកច្រកទ្វារព្រំដែនប្រទេសទាំង២ឡើងវិញ ដោយសារតែពួកគាត់បាត់បង់ប្រាក់ចំណូលបណ្ដាលមកពីការបិទច្រកព្រំដែននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។